ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

     នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បានមានប្រសាសន៍ថា៖ ការមកកាន់កម្ពុជា របស់គណៈប្រតិភូ នាពេលនេះ ក្នុងពេលដែលប្រទេសហ្វីលីពីនធ្វើជាប្រធានប្ដូរវេនអាស៊ាន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ផងដែរ ហើយការអញ្ជើញរបស់ឯកឧត្តមលើកនេះ ក៏ជាការពិនិត្យនិងស្វែងយល់ ពីសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្យាយាមរាយការណ៍ជូនទៅឯកឧត្តម ហ្វេឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន ថាតើមានវិធីសាស្ត្រណា ដើម្បីអភិវឌ្ឍន៍ ក៏ដូចជាធ្វើឱ្យបេសកកម្មរបស់ក្រុម AOT កាន់តែមានប្រសិទ្ធភាពជាងមុន។ ឯកឧត្តម អគ្គបញ្ជាការ ក៏បានជម្រាបថា៖ គណៈប្រតិភូរបស់លោកទើបវិលត្រឡប់ពីប្រទេសថៃ ដោយបានស្នាក់នៅទីនោះចំនួន៣ថ្ងៃ ហើយក៏បានធ្វើទស្សនកិច្ចនៅតាមព្រំដែនខាងភាគីថៃ និងបានស្វែងយល់ពីភាគីថៃ ហើយឥឡូវបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់អំពីទស្សនៈ និងចក្ខុវិស័យរបស់កម្ពុជា ព្រមទាំងនឹងចុះទៅពិនិត្យស្វែងយល់ផងដែរ នៅតាមបន្ទាត់ព្រំដែនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារប្រទេសហ្វីលីពីន ជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

     ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរេរវេនឆ្នាំនេះ និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បន្ត។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជម្រាបជូនឯកឧត្តម អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បានជ្រាបផងដែរ អំពីការវិវត្តន៍សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃនាពេលកន្លងមក និងបច្ចុប្បន្ន។ ក្នុងនោះ ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការចង់បានសុខសន្តិភាព ការគោរពនូវកិច្ចព្រមព្រៀង បទឈប់បាញ់ និងការដោះស្រាយព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសំដែងនូវក្តីជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន នៅកម្ពុជានាពេលនេះ យើងនឹងកាន់តែពង្រឹងនិងពង្រីកបានកាន់តែខ្លាំងក្លាឡើងថែមទៀត រវាងចំណងទាក់ទងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជានិងហ្វីលីពីន ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ