ក្រសួងការពារជាតិ បានប្រារព្ធពិធីជូនដំណើរកងរាជអាវុធហត្ថលេខ៨៧៤ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) កងវិស្វកម្មពហុជំនាញលេខ៦៨៣ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋ លីបង់ (UNIFIL) និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ ចេញបំពេញ បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោកជំទាវ វ្លាដាំងកា អាន់ដ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
តាមរយៈរបាយការណ៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ បាន បញ្ជាក់ថា៖ កងរាជអាវុធហត្ថលេខ៨៧៤ ជាកងប្តូរវេនលើកទី១៤ កងវិស្វកម្មពហុជំនាញលេខ៦៨៣ ជាកងប្តូរវេនលើកទី១៦ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ៩៨-ទី៤ ជាកងប្តូរវេនលើកទី៤ ដែលចេញបំពេញបេសកកម្ម អ.ស.ប នាពេលនេះ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ទាំងផ្នែកការហ្វឹកហ្វឺនស្របតាមនិយាមរបស់ អ.ស.ប និងសម្ភារបំពាក់បន្ថែម ដើម្បីបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅក្នុងតំបន់បេសកកម្ម។ កងកម្លាំង នៃ ខ.ភ.ម ទាំង៣កង ដែលចេញបេសកកម្មនាពេលនេះ មានចំនួនសរុប៖ ២៦៦នាក់ ក្នុងនោះនារីចំនួន ៦២នាក់ មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក, បញ្ជាការដ្ឋានកងទ័ពជើងអាកាស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានប្រមូលផ្តុំធ្វើការបំប៉នហ្វឹកហ្វឺនដោយម្ចាស់ការខ្លួនឯង ដោយការចូលរួមពីបណ្តាស្ថាប័ន អង្គភាពនានា និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត តាមទម្រង់និយាមថ្មីរបស់ អ.ស.ប លើមុខជំនាញវិជ្ជាជីវៈ សំខាន់ៗ ក្នុងនោះការហ្វឹកហ្វឺនលើជំនាញយោធាថ្នាក់ជាតិ ស្មើនិង ២៧% ឯកសារស្នូលសម្រាប់ហ្វឹកហ្វឺនមុននឹងចល័តកងកម្លាំង ស្មើនឹងចំនួន ២៧% ឯកសារហ្វឹកហ្វឺនជំនាញប្រតិបត្តិការរបស់កងរាជអាវុធហត្ថ អ.ស.ប ស្មើនឹង ៣១% និងការរៀបចំប្រើប្រាស់សម្ភារ ស្មើនឹង ១៥%។
លោកជំទាវ វ្លាដាំងកា អាន់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា៖ អង្គការសហប្រជាជាតិ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំដល់ពហុភាគីនិយម និងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ការចូលរួមយ៉ាងសកម្មភាពរបស់កម្ពុជា និងការរួមចំណែកជាប្រចាំក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាសក្ខីភាព និងជាភាពជាអ្នកដឹកនាំ និងសាមគ្គីភាពជាសកលរបស់ខ្លួន។ ចាប់ពីឆ្នាំ២០០៦មក ប្រទេសកម្ពុជាបានទទួលស្នាដៃជាច្រើន លើវិស័យរក្សាសន្តិភាពប្រកបដោមោនភាព ការគោរព និងកិត្តិយស។ កងរក្សាសន្តិភាពកម្ពុជាជាង១០ពាន់នាក់ បានចូលរួមនៅក្នុងប្រទេសចំនួន១០ ជាសមិទ្ធិផលដ៏វិសេសវិសាល ប្រកបដោយវិជ្ជាជីវៈ វិន័យ និងការបំពេញភារកិច្ចដោយទទួលបាននូវការកោតសរសើរ។
ក្នុងនាមរាជរដ្ឋាភិបាល, ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងថា៖ នាពេលបច្ចុប្បន្ននេះ គោលការណ៍ពហុភាគីកំពុងប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ការបែងចែកក្នុងភូមិសាស្ត្រនយោបាយមានសភាពកាន់តែជ្រាលជ្រៅ ខណៈដែលការប្រកួតប្រជែងរវាងមហាអំណាចធំៗ បានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួបនឹងបញ្ហាប្រឈមជាច្រើន នាំឱ្យវិបត្តិជាច្រើននៅក្នុងពិភពលោក ត្រូវបានទុកចោល មិនបានដោះស្រាយ ហើយជីវិតមនុស្សរាប់លាននាក់ត្រូវប្រឈមនឹងគ្រោះមហន្តរាយ។ ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមនឹងការពិតដ៏អាក្រក់គឺ “អំណាចក្លាយជាសិទ្ធិ” និង “អ្នកខ្លាំងអាចធ្វើអ្វីតាមដែលគេចង់ ខណៈដែលអ្នកខ្សោយត្រូវទទួលរងនូវអ្វីដែលពួកគេត្រូវតែទទួលរង”។ ការពឹងអាស្រ័យគ្នាទៅវិញទៅមកលែងជាគ្រឹះ នៃសន្តិភាពទៀតហើយ តែគឺជាឧបករណ៍សម្រាប់ធ្វើការគំរាមកំហែង និងបង្ខិតបង្ខំ។
នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា៖ កម្ពុជានៅតែដឹងគុណជានិច្ច ចំពោះបណ្តាប្រទេសជាច្រើន រួមទាំងតាមរយៈបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (UNPKO) ដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងអំឡុងនៃដំណើរការស្វែងរកសន្តិភាព។ នៅតាមទីក្រុង និងភូមិឋានទូទាំងប្រទេសកម្ពុជា ពាក្យថា “អរគុណសន្តិភាព” មិនមែនដាក់សម្រាប់ការតុបតែងលម្អនោះទេ ប៉ុន្តែជាការក្រើនរំលឹកជាប់ជាប្រចាំថ្ងៃថា សន្តិភាពគឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាលបំផុតរបស់ប្រទេសជាតិយើង។ សន្តិភាពអាចឱ្យយើងកសាងឡើងវិញ ងើបចេញផុតពីផេះផង់នៃការបំផ្លិចបំផ្លាញ។ មុនការផ្ទុះរាលដាលជំងឺរាតត្បាត សេដ្ឋកិច្ចរបស់យើងបានសម្រេចកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ៧% ដែលធ្វើឱ្យកម្ពុជាអាចនឹងឈានចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅឆ្នាំ២០២៩។ តាមរយៈវឌ្ឍនភាពនេះ ប្រជាជនរាប់លាននាក់ បានរួចផុតពីភាពក្រីក្រ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ យើងសូមថ្លែងអំណរគុណចំពោះដៃគូរបស់យើងទាំងឡាយ ដែលកំពុងគាំទ្រកម្ពុជាឱ្យឈានចាកចេញពីឋានៈនេះដោយរលូនតាមរយៈពាណិជ្ជកម្មបើកចំហ និងបរិយាបន្ន។
ជាមួយនឹងសន្តិភាពពេញលេញរបស់ខ្លួន កម្ពុជាបានរួមចំណែកដល់ការកសាង និងការថែរក្សាសន្តិភាព នៅទូទាំងពិភពលោក។ កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ទៅជាអ្នករួមចំណែកដ៏មុតមាំចំពោះសន្តិសុខសកល។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន១០,៤៤៥នាក់ ក្នុងនោះមាននារី៩៩០នាក់ ទៅកាន់១២បេសកកម្ម នៅប្រទេសចំនួន១០ ដែលបច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន៦២៩នាក់ ក្នុងនោះនារី១៣៥នាក់ កំពុងបំពេញបេសកកម្មនៅ៤ប្រទេស និង៥បេសកកម្ម ៕


























