សេចក្តីប្រកាសព័ត៌មាន៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូននូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូននូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដូចខាងក្រោម៖

យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥

Press Release

Unofficial Translation

Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence, would like to inform the general public, both national and international media outlets, regarding the mine explosion incident along the Cambodia-Thailand border involving a Chinese national, as detailed below:

According to the report from the 5th Military Region of the Royal Cambodian Armed Forces, at 03:20 AM on November 29, 2025, the Cambodian Border Defense Unit No. 503, stationed in Chouk Chey Village, O’ Bei Choan Commune, O’ Chrov District, Banteay Meanchey Province, heard a mine explosion. An on-site investigation confirmed that the incident occurred within Cambodia’s minefield area, contaminated by the remnants of past conflicts. The Chinese national, named Shi Jingui, holding Passport Number 2356975263, was reported as a victim of this incident by the Thai authorities. Nonetheless, the Ministry of Interior of Cambodia clarified that the victim’s name does not appear in the Immigration Database of Cambodia’s General Department of Immigration for outbound or inbound travelers.

The Ministry of National Defence of Cambodia firmly denies any accusations made by Thailand regarding the incident. The Ministry underlines that Cambodia strictly adheres to international laws and has not laid new mines. Furthermore, Cambodia has been actively engaged in clearing residual mines from past conflicts to protect the lives and safety of its citizens as well as to promote social and economic development. Cambodia also participates actively in mine clearance activities under the framework of the United Nations.

Regarding humanitarian demining along the Cambodia-Thailand border, the CMAC and TMAC teams acting as the Joint Coordinating Task Force (JCTF) agents have conducted ongoing assessments and discussions on the pilot border areas in the priority border areas, achieving positive results subsequently. In this sense, Cambodia urges Thailand to strictly implement the agreements previously reached by both parties, in which the humanitarian demining activities should be carried out through the JCTF and in accordance with the agreed Standard Operating Procedures (SOP).

The Ministry of National Defence remains committed to promoting peace, stability, and good neighborly relations with Thailand. Cambodia advocates for the peaceful resolution of disputes in accordance with international law and strictly adheres to the Joint Declaration on peace between Cambodia and Thailand signed on October 26, 2025.

Based on the above information, the public, national, and international journalists are advised to stay informed.

Sunday, November 30, 2025.

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ