សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងបូជាសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ដើម្បីចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ អ៊ុក ស៊ុនរ៉ានី ជាភរិយា នៃក្រុមគ្រួសារសពឧត្តមសេនីយ៍ឯក ដួង សំនៀង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ទ័ពជើងគោក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងវត្តមាននាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ ជាច្រើនរូប បានអញ្ជើញអុជធូប ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ជូនដំណើរសពឧត្តមសេនីយ៍ឯក ដួង សំនៀង ជាលើកចុងក្រោយ។ សពឧត្តមសេនីយ៍ឯក ដួង សំនៀង ត្រូវបានក្រុមការងាររៀបចំបុណ្យសព សហការជាមួយក្រុមគ្រួសាររៀបចំតម្កល់ធ្វើបុណ្យសព ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងតាមបែបបញ្ជាការកងទ័ព ប្រកបដោយកិត្តិយសបំផុត នៅវត្តនិរោធរង្សី ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

       សម្ដេចពិជ័យសេនា ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត សោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ក្នុងបុព្វហេតុប្រយុទ្ធការពារពីការឈ្លានពានយ៉ាងកម្រោល អមនុស្សធម៌របស់កងទ័ពថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដែងនូវការសោកស្ដាយ ក្ដីអាឡោះអាល័យស្រណោះជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នេះ ពីព្រោះថាការបាត់បង់នេះ មិនត្រឹមតែជាការបាត់បង់ប្តី ឪពុក និងបងប្អូនជាទីស្រឡាញ់ ដែលបានផ្តល់នូវគុណតម្លៃដ៏ប្រពៃសម្រាប់គ្រួសារប្រកបដោយការទទួលខុសត្រូវខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់វរៈយុទ្ធជនដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីរៈភាពដ៏ខ្ពង់ខ្ពស់ ដែលតែងបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។ ទោះបីរូបរាងកាយរបស់ឯកឧត្តម បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយសសេចក្ដីថ្លៃថ្នូរ ភាពតស៊ូនៃស្នាដៃរបស់លោក បានចារឹកទុកក្នុងប្រវត្តិសាស្ត្រជាតិ និងស្ថិតនៅក្នុងក្រអៅបេះដូងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ជានិច្ចនិរន្ត។

       សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង សុំឲ្យឆាប់បានយោនយោគកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ