អនុព័ន្ធយោធា និងបណ្តាអង្គទូតបណ្ដាប្រទេសនានា ប្រចាំកម្ពុជា ចុះពិនិត្យច្រកអានសេះ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ អនុព័ន្ធយោធា និងបណ្តាអង្គទូតបណ្ដាប្រទេសនានា ប្រចាំនៅកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលក្នុងដំណើរចុះពិនិត្យច្រកអានសេះនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ។ ប្រតិភូអនុព័ន្ធយោធា ដែលបានចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ​ នាឱកាសនោះរួមមាន៖ អនុពន្ធ័យោធាសហរដ្ឋអាមេរិក, ចិន, ជប៉ុន, រុស្សី, កូរ៉េខាងត្បូង, អូស្រ្តាលី, ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី, ហ្វីលីពីន, ឡាវ, វៀតណាម និងមីយ៉ាន់ម៉ា និងតំណាងស្ថានទូតអង់គ្លេស និងសឹង្ហបូរី។ ការចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិច្រកអានសេះនេះ គឺដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ រវាងកងទ័ពកម្ពុជា ថៃ ដែលបានចូលជាធរមានកាលពីយប់ម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

       សូមបញ្ជាក់ថា៖ នៅសមរភូមិ​ច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រហវិហារ កងទ័ពកម្ពុជាបានឈរជើងការពារទឹកដី យ៉ាងរឹងមាំនៅទីនោះ ហើយចាប់តាំងពីថ្ងៃផ្ទះអាវុធថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥​ កងទ័ពថៃឈ្លានពាន បានបាញ់ផ្លោង និងប្រើយន្តហោះ F-16 ទំលាក់គ្រាប់បែកធ្វើអោយខូចខាត, ផ្ទះសំបែងប្រជាពលរដ្ឋ ផ្សារ និងរូបសំណាកតាអុំ នៅច្រកអានសោះ ហើយត្រូវបានទាហានថៃបាញ់កម្ទេចគ្មានសល់។ សូមបញ្ជាក់ជូនថា៖ តំបន់អានសេះ ក្នុងពេលបច្ចុប្បន្ននេះ ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ដែលកងទ័ពរបស់យើងបានឈរជើង និងការពារបានយ៉ាងរឹងមាំនៅទីនោះ។

       ឯកឧត្តម ឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលឈរការពារបូរណភាពទឹកដី   កម្ពុជា នៅតំបន់អានសេះ បានបញ្ជាក់ប្រាប់ប្រតិភូអនុពន្ធ័យោធាអោយដឹងថា៖ ក្រោយពីមានបទឈប់បាញ់ទាហានថៃ បានបង្កបញ្ហាយ៉ាងច្រើនមកលើកម្ពុជានៅច្រកអានសេះ។ ឯកឧត្តម​ បញ្ជាក់ថា៖ កម្ពុជាបានគោរពបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ លើបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីកម្ពុជាបានផ្អាកទាំងអស់ គ្រប់ទីតាំងចំណុចឈរជើង ដោយមិនបានបង្កសកម្មភាពណាមួយទេ។ ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់រថក្រោះ រថពាសដែក និងកម្លាំងប្រមាណ៣០នាក់ បាញ់មកលើកម្លាំងកងទ័ពកម្ពុជា នៅតំបន់បូស្បូវ ជាំតែ នៅលើទឹកដីកម្ពុជា​ តែកម្លាំងកម្ពុជាពុំបានតបតទៅវិញទេ និងបានចូលលាក់ខ្លួនក្នុងលេណដ្ឋានប្រយុទ្ធ។

       ចំពោះការឈ្លានពានរបស់ទាហានថៃ ក្រោយបទឈប់បាញ់នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្រ្តា បានបញ្ជាក់អោយដឹងថា៖ យើងបានសុំបទបញ្ជារបស់ថ្នាក់លើ គឺយើងមិនតប ត ទៅវិញទេ ពីព្រោះបទឈប់បាញ់បានចូលជាធរមានហើយ។ គឺថ្នាក់លើមិនអោយតប ត។ ​ក្នុងស្ថានការណ៍បែបនេះ កម្លាំងយើងដោះខ្លួនរត់ ដើម្បីធានាសុវត្ថិភាព។  ឯកឧត្តម បានបញ្ជាក់អោយដឹងទៀតថា៖ ស្របពេលទាហានថៃចូលមកកាន់លេណដ្ឋានកងទ័ពកម្ពុជា ទាហានថៃបានហៅកម្លាំងកម្ពុជាមកជួបចរចាគ្នា។ ក្រោយពីឮពាក្យចរចាគ្នា កម្លាំងយើងបានមកជួបកងទ័ពថៃ ដោយថៃប្រើល្បិច ធ្វើកាយវិការបង្ហាញទឹកចិត្តសប្បាយរីករាយ ប៉ុន្តែក្រោយពីសន្ទនា ចរចាគ្នា ស្តីពីការឈប់បាញ់គ្នារួចហើយ ខាងថៃបានហៅថតរូបទុកអនុស្សាវរីយ៍កងទ័ពកម្ពុជា ថៃ ក្រោយឈប់បាញ់គ្នា។ ក្រោយពេលថតរូប ថៃបានបញ្ជាកម្លាំង ដែលលាក់ខ្លួនក្នុងព្រៃ អោយមកភ្ជុងកម្លាំងកម្ពុជាពីក្រោយខ្នង និងចាប់ខ្លួនទាហានកម្ពុជា ដែលទង្វើនេះជាកល្បិចថោកទាបបំផុតរបស់ទាហានថៃ ដែលជាអំពើអាក្រក់មួយរបស់ថៃ ក្នុងពេលកម្ពុជា​បានបញ្ចេញកាយវិការស្មោះត្រង់ជាមួយថៃ។ ​ឯកឧត្តម បានបន្តថា៖ ក្រោយចាប់កម្លាំងកម្ពុជាចំនួន ២០នាក់ យកទៅហើយ កងទ័ពកម្ពុជា១នាក់បានរត់មកវិញ នៅសល់១៩នាក់ ប៉ុន្តែនៅពេលអ្នករត់រួចមកដល់បានប្រាប់ថា៖ ប្រហែលបាញ់សម្លាប់កងទ័ពកម្ពុជា២នាក់ទៀត។

       ឆ្លៀតក្នុងឱកាសដែលអនុព័ន្ធយោធាមកពីបណ្តាប្រទេសនានា​ ​អញ្ជើញទៅពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអានសេះ នាពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី ដែលបានធ្វើអោយមានបទឈប់បាញ់កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីនាំមកនូវសន្តិភាព។

       សូមបញ្ជាក់ថា៖ នៅក្នុងផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សម្តេចតេជោ បានអរគុណចំពោះអនុព័ន្ធយោធា នៃបណ្តាប្រទេស ដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។​ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជាគឺសន្តិភាព ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ