ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ គ្រឿងឥសរិយស ជូនសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ អ៊ុក ស៊ុនរ៉ានី ជាភរិយានៃក្រុមគ្រួសារសពឧត្តមសេនីយ៍ទោ ដួង សំនៀង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញអុជធូបដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជូនសពឧត្តមសេនីយ៍ទោ ដួង សំនៀង ជាកិច្ចបច្ឆាមរណៈ។ សូមបញ្ជាក់ថា៖ សពឧត្តមសេនីយ៍ឯក ដួង សំនៀង ត្រូវបានក្រុមការងាររៀបចំបុណ្យសពកងយោធពលខេមរភូមិន្ទ សហការជាមួយគ្រួសារ បានរៀបចំតម្កល់ធ្វើបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងតាមបែបពិធីការកងទ័ពប្រកប​ដោយកិត្តិយសបំផុត នៅវត្តនិរោធរង្សី ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពឧត្តមសេនីយ៍ឯក ដួង សំនៀង ក្រុមគ្រួសារសហការជាមួយក្រុមការងាររៀបចំបុណ្យសព បានរំកិលសពចេញពីគេហដ្ឋានឆ្ពោះទៅប្រារព្ធពិធីបូជាទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមបែបពិធីការកងទ័ពប្រកបដោយកិត្តិយសបំផុតជាលើកចុងក្រោយនៅទីអារាមនរោធរស្សី ក្នុងខណ្ឌច្បាអំពៅ  នាព្រឹកថ្ងៃទី៣០ កក្កដាខាងមុខនេះ។

​       ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិពិតជាមានសេចក្ដីក្ដុកក្ដួលរម្ជួលចិត្ត និងសោកស្តាយឥតឧបមា នៅពេលទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានបាត់បង់ជីវិតរសៀលថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង១៣:១០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុប្រយុទ្ធការពារពីការឈ្លានពានយ៉ាងកំរោលអមនុស្សធ៌មរបស់កងទ័ពថៃ មកលើអធិប​តេយ្យ​ភាព និងបូរណភាទឹកដីកម្ពុជា។

       ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម សូមសំដែងនូវការសោកស្តាយ ក្តីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ព្រោះកាបាត់បង់នេះ មិនត្រឹមតែជាការបាត់បង់ប្តី ឪពុក និងបងប្អូនជាទីស្រឡាញ់ ដែលបានផ្តល់នូវគុណតម្លៃដ៏ប្រពៃសម្រាប់គ្រួសារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់វីរយុទ្ធជនដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីររភាពដ៏ខ្ពង់ខ្ពស់ ដែលតែងបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

       គ្រប់គណៈប្រតិភូនានា ក្នុងកងយោធពលខេមរភូមិន្ទ គ្រប់ស្ថាប័នមន្ត្រីរាជការ កម្លាំង​ប្រដាប់​អាវុធ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម សូមឱ្យឆាប់បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ទោះបីរូបកាយរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូ និងស្នាដៃរបស់ឯកឧត្តម ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ