ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ ឈុំ ខេង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក នាព្រឹកថ្ងៃពុធទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អបដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញអុជធូបដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជូនសពឧត្តមសេនីយ៍ទោ ឈុំ ខេង ជាកិច្ចបច្ឆាមរណៈ ។ សូមបញ្ជាក់ថា សពឧត្តមសេនីយ៍ឯក ឈុំ ខេង ត្រូវបានក្រុមការងាររៀបចំបុណ្យសពក្រសួងការពារ ដឹកនបាំដោយឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋនាយោធសេវា ជាប្រធានអនុគណៈកម្មការបានរៀបចំតម្កល់ធ្វើបុណ្យ បានសហការជាមួយក្រុមកងពល និងគ្រួសារសព បានរៀបចំតម្កល់ធ្វើបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងតាមបែបពិធីការកងទ័ពប្រកបដោយកិត្តិយសបំផុត នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សពឧត្តមសេនីយ៍ឯក ឈុំ ខេង ត្រូវបានក្រុមគ្រួសារសហការជាមួយក្រុមការងាររៀបចំបុណ្យសព បានរំកិលសពចេញពីគេហដ្ឋានឆ្ពោះទៅប្រារព្ធពិធីបូជាសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមបែបពិធីការកងទ័ព នៅទីបញ្ជាការកងពលអន្តរាគមន៍លេខ៦ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ៍យ នៅរសៀលថ្ងៃទី២៣ កក្កដានេះ។
សារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិតជាមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹង ដ៏ក្រៀមក្រំថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុំ ខេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ កងពលធំ អន្តរាគមន៍លេខ២ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២០:០១នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ឧត្តមសេនីយ៍ឯក ឈុំ ខេង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណទុក្ខជាមួយ ក្រុមគ្រួសារនៃសព ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ដ៏ធំធេងនេះ។ សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯ ឈុំ ខេង សូមបានដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតកើតក្នុង សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
គ្រប់គណប្រតិភូនានាក្នុងកងយោធពលខេមរភូមិន្ទ ស្ថាបន្រស៊ីវិល អាជ្ញាធរមូលដ្ឋានខេត្តកង កម្លាំងប្រដាប់អាវុធ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ ឈុំ ខេង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ ទោះបីរូបកាយរបស់ឧត្តមសេនីយ៍ឯក ឈុំ ខេង បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ និងស្នាដៃរបស់លោក ស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជានិច្ចនិរន្តរ៍ ៕
















