ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ស្វាយ ណេង ជាភរិយានៃក្រុមគ្រួសារសព នាយឧត្តមសេនីយ៍ សុខ ភាព នាព្រឹកថ្ងៃចន្ទទី២១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងវត្តមាននាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ ជាច្រើនរូប បានអញ្ជើញអុជធូបដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជូនដំណើរសព នាយឧត្តមសេនីយ៍ សុខ ភាព ជាលើកចុងក្រោយ។
សព នាយឧត្តមសេនីយ៍ សុខ ភាព ត្រូវបានក្រុមការងាររៀបចំបុណ្យសព ដឹកនាំដោយ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ បានសហការជាមួយក្រុមគ្រួសាររៀបចំតម្កល់ធ្វើបុណ្យសព ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងតាមបែបពិធីការកងទ័ពប្រកបដោយកិត្តិយសបំផុត នៅគេហដ្ឋាននៃក្រុមគ្រួសារ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ សពនាយឧត្តមសេនីយ៍ សុខ ភាព ជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាព វេលាម៉ោង២០:០៤នាទីយប់ នាថ្ងៃពុធ ៦រោច ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះការបាត់បង់នេះ មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់ បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដី រួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។ នាវេលាជូនដំណើរជាលើកចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ ភាព សូមឱ្យឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
គ្រប់ថ្នាក់ដឹកនាំស្ថាប័នកំពូលអាជ្ញាធរមូលដ្ឋានខេត្ត ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងបានផ្ញើសារចូលរួមរំលែមរនទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព នាយឧត្តមសេនីយ៍ សុខ ភាព គឺពិតជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គធម៌ ជាពិសេសគឺជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបាន រួមចំណែកដ៏ធំធេងក្នុងការធ្វើចលនាដឹកនាំមេខ្មែរក្រហម នៅភូមិភាគពាយ័ព្យ ផ្តាច់ខ្លួន ដើម្បីធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជោគជ័យក្រោម នយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ប្រជាជនបានរស់នៅសុខដុមរមនា និងសម្បូរសប្បាយ ក្រោមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ។ គ្រប់គណៈប្រតិភូនានាសូមចងចាំនូវគំរូវីរភាព និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ នាយឧត្តមសេនីយ៍ សុខ ភាព និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យបំផុតជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ នាយឧត្តមសេនីយ៍ សុខ ភាព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕






























