កាលពីររសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការ កងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។
ឯកឧត្តម ទៀ សីហា បានសម្តែងស្វាគមន៍ និងបានថ្លែងអំណរអរគុណ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន តែងតែមកទស្សនៈកិច្ចកម្ពុជា និងបានហ្វឹកហ្វឺនរួមគ្នា ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់កងទ័ពប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ហើយសង្ឃឹមថា ហ្នឹងបានផ្ដល់នូវបទពិសោធពីគ្នាទៅវិញទៅមក ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនទៅមុខបន្ដទៀត។
ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ថា៖ ក្នុងកិច្ចពិភាក្សាជាមួយកងទ័ពជើងគោកកម្ពុជា កងទ័ពជើងគោកហ្វីលីពីនដាក់ផែនការបន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ក្នុងឆ្នាំ២០២៦-២០២៧។ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពី ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន ជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរជូនចំពោះប្រទេសហ្វីលីពីនកន្លងមក មានការសម្របសម្រួលក្នុងកិច្ចការងារចំពោះកម្ពុជា ក្នុងនោះឯកឧត្តម បានបញ្ជាក់ពីការបន្ដកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភីលីពីន លើវិស័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពកងទ័ពលើកិច្ចការពារបូរណភាពទឹកដី។ ឯកឧត្តម សង្ឃឹមថា៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពី នឹងទទួលបានការចែករំលែកបទពិសោធន៍ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោក ជើងទឹក ជើងអាកាសកម្ពុជា រយៈពេលវែង ខ្លី និងបន្តរៀនសូត្រ ពីបទពិសោធន៍ហ្វីលីពីនវិញផងដែរ ៕






















