ពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ បានប្រារព្ធពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស្ថិតក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ យូ.អិន(UN) ប្រចាំនៅកម្ពុជា។

      នៅក្នុងរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្ដីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា៖ កងវិស្វកម្មលេខ៤៦៨ បានអនុវត្តភារកិច្ចប្រកបដោយផ្លែផ្កា និងភាពជោគជ័យដ៏ត្រចះត្រចង់ ជាមួយលទ្ធផលគួរជាទីមោទនៈ ដូចបណ្ដាកងមុនៗដែរ ដោយបានសាងសង់សំណង់បញ្ឈរ សំណង់ផ្ដេក ជីកអណ្ដូងទឹកស្អាត ថែទាំព្រលានហោះ និងឧទ្ធម្ភាគចក្រ ការពារសុវត្ថិភាព (HESCO WALL) ពន្លត់អគ្គិភ័យ រៀបចំទីតាំងឈរជើងថ្មីៗ ចូលរួមជួយសម្រួលនូវការចល័តកម្លាំង ព្រមទាំងការងារគាំទ្រវិស្វកម្មផ្សេងៗទៀត ក្នុងតំបន់ប្រតិបត្តិការភាគខាងកើត និងទីតាំងមួយចំនួនទៀត ក្នុងតំបន់បេសកកម្មទាំងមូល និងអន្តរាគមន៍លើការប្រឆាំងគ្រឿងផ្ទុះកែច្នៃ ការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមតម្រូវការចាំបាច់ នៃបេសកកម្ម MINUSCA។ លើសពីនេះកងវិស្វកម្មពហុជំនាញយើង មានតួនាទីផ្ដល់សេវាកម្ម ក្នុងការស្ថាបនាជំរុំបន្ទាយ ជូនទីបញ្ជាការបណ្តាកម្លាំងនានា របស់ MINUSCA ព្រមទាំងមន្ត្រីស៊ីវិលរបស់អង្គការសហប្រជាជាតិ។

      លោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងថា៖ ក្នុងវិស័យរក្សាសន្តិភាពកងកម្លាំងវិស្វកម្ម កងកម្លាំងកម្ពុជា មានកិត្តិយសកិត្តិនាមដ៏រឹងមាំ ប្រកបដោយមោទនភាពដោយបានបញ្ជូនកងកម្លាំងជាងមួយម៉ឺននាក់ ទៅចូលរួមនៅក្នុងបេសកកម្ម ក្នុងប្រទេសចំនួន១០ គឺជាកម្លាំងដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះស្នាដៃដ៏ឆ្នើមរបស់ពួកគេ។ ជាក់ស្តែងកងកម្លាំងវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលត្រឡប់មកវិញនាពេលនេះ គឺបានចូលរួមរក្សាកិត្តិនាមដ៏ល្បីរន្ទឺមួយនេះ។ ការវិលដោយសុវត្ថិភាព នៃកងរក្សាសន្តិភាព ដែលបានបំពេញបេសកកម្ម គឺតែងតែបានប្រារព្ធពិធីទទួល ដើម្បីឆ្លុះបញ្ចាំងពីការដឹងគុណ និងសូមសម្តែងការអបអរសាទរដល់យុទ្ធជន និងយុទ្ធនារីទាំងអស់។

      ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងការណ៍កោតស្ញប់ស្ញែង វាយតម្លៃខ្ពស់ ចំពោះនាយទាហាន ពលទាហាន នៃកងវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបង្ហាញអំពីសមត្ថភាពខ្ពស់ ក្នុងការសម្រេចបាននូវសមិទ្ធិផលយ៉ាងច្រើន ជូនដល់កងយុទ្ធពលខេមរភូមិន្ទ បានរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ គំរូវីរៈភាពរបស់កម្លាំងមួកខៀវកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបណ្ដាប្រទេសដែលកំពុងជួបវិបត្តិ។ គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នយើងក៏មានកងកម្លាំងស្ត្រីចំនួន២០.៨ភាគរយ បានចូលរួមនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់ថា៖​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាព ជូនដល់ប្រទេសនានា នៅលើពិភពលោក ដែលមានប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្គ្រាម។ កម្ពុជាបានត្រៀមធនធានមនុស្ស ឧបករណ៍សំភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងការធានាផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ធ្វើការហ្វឹកហ្វឺនលើគ្រប់វិស័យ ទាំងជំនាញបច្ចេកទេស ទ្រឹស្ដី ភាសា ព្រមទាំងបានសហការជាមួយនឹងប្រទេសដៃគូ ជារួមសហការរៀបចំធ្វើជាម្ចាស់ផ្ទះ គម្រោងហ្វឹកហ្វឺនរក្សាសន្តិភាពនៅកម្ពុជា។

      ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា បានគាំទ្រចំពោះប្រសាសន៍របស់ សម្ដេចបវរធិបតី ដែលបញ្ជាក់ជាថ្មីថា កម្ពុជាមិនបោះបង់ការចរចាទ្វេភាគីជាមួយប្រទេសថៃនោះទេ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ កម្ពុជាមិនមែនជាអ្នកបង្កបញ្ហានោះឡើយ ហើយកូនសោដោះស្រាយបញ្ហាគឺស្ថិតនៅលើដៃរបស់ថៃ កម្ពុជារក្សាសិទ្ធិប្រើគ្រប់មធ្យោបាយក្នុងការការពារបូរណភាពទឹកដី។ ពាក់ព័ន្ធដល់ការអនុវត្តច្បាប់កាតព្វកិច្ចយោធា នាឆ្នាំ២០២៦ ដែលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ. នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ក្រសួងការពារជាតិនឹងពិនិត្យទៅលើច្បាប់នេះ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងវិស័យការពារជាតិ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ