សម្តេចមហាបវរធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលពីព្រឹកថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងអប​អរ​សាទរខួបលើក​ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥)។ មជ្ឈមណ្ឌលហ្វឹកហ្វឺន​កង​រាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង។

      ក្នុងរបាយការណ៍របស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេម​រភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញថា៖ កងរាជអាវុធហត្ថ ត្រូវបាន​បង្កើត​ឡើង​ ដែលមានឈ្មោះដំបូង​ថា «កងរាជអាវុធហត្ថខ្មែរ» បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩​៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ»។ ពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជា ពុំមាន​កងរាជអាវុធហត្ថទេ។ តាមក្រឹត្យ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតអគ្គសេនាធិការដ្ឋាន នៃកង​ទ័ព​ជាតិកម្ពុជា និងរចនាសម្ព័ន្ធចាត់តាំង នៃអគ្គសេនាធិការដ្ឋាន ក្នុងចំណោមស្ថាប័ន អង្គភាពទ័ពជំនាញ មានស្ថាប័នជំនាញមួយគឺ «កងអាវុធហត្ថ» ដែលមានតួនាទី ជា​តម្រួត​យោធាគ្រប់គ្រងលើផ្នែកវិន័យ សណ្តាប់ធ្នាប់កងទ័ពទាំងទីតាំងក្នុងបន្ទាយ និង​តាមទីសាធារណៈ។ ដោយផ្អែកទៅតាមសភាពការណ៍សំណូមពរសន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងការអនុវត្ត​ច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ. និងបន្ទាប់មកបានធ្វើ​វិសោធ​នកម្មដោយ​អនុក្រឹត្យលេខ៧៧ អនក្រ. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ចែងអំពី​ភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។

      ចាប់តាំង​ពី​បង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រម​ទាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធ​ប្រឆាំងទប់​ស្កាត់​បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់, រួមចំណែកកសាង​ព្រះ​រាជា​ណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួប​គ្រោះ​មហន្ត​​រាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិប​ម៉ឺន​លើក។ រីឯការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿង​ឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ជំរិតទារប្រាក់, ករណីផលិត និង ចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណី​ប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើស​ធនធានធម្មជាតិ, បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការ​ពង្រឹង​ការអនុវត្តច្បាប់ ។ល។ ស្របតាមការវិវត្តសភាពការណ៍​ជាតិ និងអន្តរជាតិ កង​រាជអាវុធហត្ថ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ប្រព័ន្ធដឹកនាំបញ្ជា កំណត់តួនាទីភារកិច្ចច្បាស់លាស់ របៀបរបបការងារស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា។

      ក្នុងឱកាសនោះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគាំទ្រ ចំពោះគោលគំនិតនេះ និងជំរុញឲ្យគ្រប់អង្គភាព​ សហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំឱ្យលេចចេញជារូបរាងឲ្យបានល្អប្រសើរឡើង។ សម្តេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាព រាជធានី ខេត្ត នាយកសាលា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ទទួលខុសត្រូវខ្ពស់​ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។ សម្តេចបវរធិបតី មានជំនឿ យ៉ាងមុតមាំថា៖  កងរាជអាវុធហត្ថ នឹងបន្តប្រតិបត្តិ នូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និង បន្តធ្វើការកែទម្រង់ និងទំនើបកម្ម ដើម្បីបង្កើតបាននូវសមិទ្ធផលស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និងការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិ។ ក្នុងនោះដែរ  សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា កិច្ចការពារជាតិ គឺជាអាទិភាព​មួយ​ ក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលតែងតែគិតគូរ យកចិត្តទុកដាក់ ដើម្បីធានាឱ្យសន្តិភាព សន្តិសុខ ស្ថិរភាព និង លើកតម្កើងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

      សម្តេចបវរធិបតី ថ្លែងបន្ថែមថា៖ ប្រទេសកម្ពុជា ធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សរ៍ និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើល​ងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយ​ភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងពិភពលោក។ សម្តេច បន្តទៀតថា៖ កម្ពុជាត្រូវការបំផុតនូវសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កម្ពុជា គ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃ​ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំង អំពីភាពច្រំដែល នៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជា មានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ដូច្នេះរាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ច្បាស់លាស់ ក្នុងការយក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

      សម្តេចបវរធិបតី ថ្លែងសង្កត់ធ្ងន់ទៀតថា៖ កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស ,ហេតុនេះ កម្ពុជាប្ដូរផ្តាច់ ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរមិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។ ក្នុងនេះដែរ សម្តេចបវរធិបតី បញ្ជាក់ជាថ្មីថា៖ កម្ពុជាមិនបោះបង់ការចរចាទ្វេភាគី ជាមួយប្រទេសថៃនោះទេ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ, ព្រោះភាគីថៃ ប្រកាន់ជំហរយកដីនោះទាំងបំពាន សូម្បីជាមួយ google ក៏ឈ្លោះ ដូច្នេះមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហា បន្តដល់កូនចៅជំនាន់ក្រោយ។ សម្តេចបវរធិបតី បញ្ជាក់ច្បាស់ថា៖ ជំហររបស់កម្ពុជា មិនដកថយនោះឡើយ ចំពោះតំបន់ទាំង៤ គឺកម្ពុជានៅតែប្រើយន្តការអន្តរជាតិ, ហើយក៏សង្ឃឹមថា ថៃ នឹងមិនចង់ទុកឱ្យបញ្ហានេះ បន្តទៅដល់អ្នកជំនាន់ក្រោយទៀតនោះដែរ។

      ចំពោះបញ្ហា ការបើកច្រកព្រំដែន ឡើងវិញ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ថ្លែងថា៖ ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចបវរធិបតី ផ្តល់លក្ខខណ្ឌ៣ សម្រាប់ការបើកព្រំដែននេះ, ១៖ ថៃប្រកាសបើកមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, ៣៖ បើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ សម្តេចបវរធិបតី បញ្ជាក់ផងដែរថា៖ ការជជែកលើការកែសម្រួលកងទ័ព អាចធ្វើទៅបាន ដោយត្រូវបើកច្រកព្រំដែន ឱ្យដូចដើមវិញ ជាមុនសិន។ សម្តេចបវរធិបតី បន្ថែមថា៖ កម្ពុជា មិនមែនជាអ្នកបង្កបញ្ហានោះឡើយ ហើយកូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ, កម្ពុជា រក្សាសិទ្ធិប្រើគ្រប់មធ្យោបាយ ក្នុងការការពារបូរណភាពទឹកដី។ សម្ដេច បន្ថែមថា៖ សង្គ្រាមលំបាក តែបានធ្វើឱ្យមនុស្ស ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសង្គ្រាម។

      សម្តេចបវរធិបតី ថ្លែងឲ្យដឹងដែរថា៖ នាពេលថ្មីៗនេះ មានការប្រជុំចង្អៀតមួយ ក្នុងការធ្វើកំណែទម្រង់កងទ័ព ដោយការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវតែធ្វើជាប់ជាប្រចាំ។ ក្នុងនោះ ការធ្វើទំនើបកម្មកងទ័ព ត្រូវធ្វើទំនើបកម្ម ចំនួន៣ រួមមាន ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់។ ក្នុងនេះ សម្តេចបវរធិបតី  បញ្ជាក់ឲ្យដឹងទៀតថា៖ ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ។ យ៉ាងណាក្ដី សម្ដេច បញ្ជាក់ថា៖ ការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី។

      ពាក់ព័ន្ធដល់ការ កែទម្រង់កងទ័ពនេះដែរ សម្តេចបវរធិបតី ថ្លែងឲ្យដឹងថា៖ សម្ដេច ទើបណែនាំ ឱ្យ​ធ្វើវិសោធនកម្មច្បាប់សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍,  ហើយចំពោះច្បាប់កាតព្វកិច្ចយោធា យើងនឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេសរយៈពេល នៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅកំណត់ត្រឹម ១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។ ហើយចាប់ពីឆ្នាំ២០២៦ទៅ យើងនឹងចាប់ផ្តើមអនុវត្តនូវ ច្បាប់កាតព្វកិច្ចយោធា។ ទ័ពដែលរើសជាកាតព្វកិច្ច យកទៅផ្សាំ២ឆ្នាំ ចប់២ឆ្នាំ គាត់មាន​លទ្ធភាពស្ម័គ្រចិត្ត ​គាត់ចង់ចូលសង្គម ឬគាត់ស្ម័គ្រចិត្តចូលជាទ័ពអាជីព។ សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា៖ ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធននិវត្តន៍ នឹងធ្វើឱ្យកម្ពុជា កើនកម្លាំងទ័ព សម្រាប់កិច្ចការពារជាតិ។

     សម្តេចបវរធិបតី ណែនាំ កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព និង លើកកម្ពស់គុណភាព ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។ សម្តេចបវរធិបតី ក៏ណែនាំកងរាជអាវុធហត្ថ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សារៀបរយសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនានា និងត្រូវបន្តចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្តរាយ។ សម្តេចបវរធិបតី ក៏ណែនាំកងរាជអាវុធហត្ថ ត្រូវតែជាកងកម្លំាងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ខ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធនពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន។

      បន្ថែមលើទៀត សម្តេចបវរធិបតី លើកទឹកចិត្ត ឱ្យកងកម្លំាងកងរាជអាវុធហត្ថ ខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ