នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅមុខទីស្ដីការក្រសួងការពារជាតិ បានប្រារព្ធពិធី វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នៅក្នុងពិធីអបអរនេះក៏មានការគោរពវិញាណក្ខ័ន្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជិវិតនៅក្នុងរបបខ្មែរក្រហម និងតាមក្នុងមណ្ឌលឧក្រិដ្ឋកម្មនានាផងដែរ។
សូមបញ្ជាក់ថា៖ ចាប់តាំងពីថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយប្រទេសកម្ពុជាពី “វាលពិឃាត” មកជាទឹកដីនៃសន្តិភាព។ ការស្វះស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនខ្មែរ គឺជាគំរូមួយចំពោះពិភពលោក ស្តីពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរដោយជោគជ័យពីរបបប្រល័យពូជសាសន៍ មកជាប្រទេសពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”។ ការចុះ “បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
ឯកឧត្តម ចាយ សាំងយុន បានបញ្ចាក់អោយដឹងថា៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានក្លាយជាកាលបរិច្ឆេទ នៃការចងចាំនិងដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពី ឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
តាមរយៈពិធី វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នាឱកាសនោះ ឯកឧត្តម ចាយ សាំងយុន បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដី និងស្ថាប័ននានា ត្រូវពង្រឹងឱ្យបានដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់បូជនីយដ្ឋាននេះ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយត្រូវទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលអាចប៉ះពាល់ដល់តម្លៃនៃបូជនីយដ្ឋាននេះ។ សូមបញ្ជាក់ថា៖ នៅក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម សូមរួមគ្នា ធ្វើការដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំក្នុងចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ មោទនភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយបំផុត ៕




























