ក្រោមការដឹកនាំ ចង្អុលបង្ហាយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច និងជាប្រធានក្រុមការងារទី២ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍វឌ្ឍនភាពការងារ សម្រេចបានរបស់ស្ថាប័នពាក់ព័ន្ធ និងចុះត្រួតពិនិត្យក្តាប់សភាពការណ៍ជាក់ស្តែង នៅច្រកទ្វារព្រំដែនអូស្មាច់។
ឯកឧត្ដម សៀក សុជាតិ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានរៀបចំក្រុមការងារប្រចាំការ មន្ទីរការងារ មន្ទីរសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកជញ្ជូនពលករទៅស្រុកកំណើតរបស់ពួកគាត់ និងមានអារហារសម្រន់ ជូនបងប្អូនពលករ ដែលបានវិលត្រឡប់មកកម្ពុជាវិញ។ ឯកឧត្ដម បានលើទឹកចិត្តឱ្យអង្គភាព និងស្ថាប័នពាក់ព័ន្ធបន្តសហការ ប្រកបដោយការយកចិត្តទុកដាក់ ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីសម្រួលដំណើវិលត្រលប់របស់ពលករខ្មែរ អោយកាន់តែប្រសើរឡើង និងបានលើកសរសើរដល់ការដឹកនាំ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំស្នាក់ការមណ្ឌលសំចត សម្រាប់ផ្តល់ការងារ ជូនពលករនៅច្រកទ្វារព្រំដែនអូស្មាច់ ឆ្លើយតបភ្លាមៗ ស្របតាមសភាពការពលករវិលត្រឡប់មកកម្ពុជាវិញ របស់បងប្អូនប្រជាពលករ។ មណ្ឌលនេះផ្តល់សេវាប្រឹក្សារកការងារ ដែលមានការចូលរួមពីសមាគមនានា ផ្ដល់ការងារតាមរោងចក្រ ដែលរួមទាំងការងារក្នុងសហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ការប្រឹក្សាផ្ដល់របបបេឡាជាតិសន្តិសុខសង្គម ប្រាក់សោធន (ប.ស.ស) ព្រមទាំងទទួលចុះឈ្មោះចូលកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីបណ្ដុះជំនាញ និងមានប្រាក់ឧបត្ថម្ភផងដែរ និងបានជំរុញលើកទឹកចិត្ត អោយអាជ្ញាធរទាំងអស់ គាំទ្រផ្សព្វផ្សាយសកម្មភាពមណ្ឌលការងារពលករ និងកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈនេះអោយបានទូលំទូលាយ។
ឯកឧត្តម បានធ្វើការវាយតម្លៃកោតសរសើរខ្ពស់ ដល់ចំណាត់ការរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធប្រចាំច្រកទ្វារ ដែលបានដឹកនាំសម្របសម្រួល ឱ្យមានមន្រ្តីប្រចាំការ២៤ម៉ោង មន្រ្តីសុខាភិបាល រថយន្តសង្គ្រោះបន្ទាន់ និងបានរៀបចំផ្តល់អាហារសម្រន់ មធ្យោបាយដឹកជញ្ជូនពលករត្រលប់ទៅកាន់ស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព ៕























