ព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកអន្តរជាតិប៉ោយប៉ែត ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំក្រុមកាងារទី២ គណៈកម្មាចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានចុះត្រួតពិនិត្យជាក់ស្ដែងច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងប្រជុំពិភាក្សាការងារជាមួយ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វាព្រំដែន ដើម្បីស្វែងរកបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការឆ្លងដែនរបស់ពលករខ្មែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារទី២ បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ក្រុង ក្រុមការងារ និង ស្ថាប័នពាក់ព័ន្ធ ប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរដែលបានឆ្លងដែនវិលត្រលប់ចូលមកប្រទេសកម្ពុជាវិញ ដោយមានការរៀបចំពេទ្យប្រចាំការ រថយន្តសម្រាប់ដឹកពលករទៅស្រុកកំណើតរបស់ពួកគាត់ និងពិសេសការផ្តល់សេវា និងការប្តឹក្សាស្វែងរកការងារធ្វើជូនពលករផងដែរ។
ឯកឧត្តម សៀក សុជាតិ ក៏បានណែនាំដល់សមាជិកអង្គប្រជុំដូចខាងក្រោម៖
១.ត្រូវរៀបចំក្រុមប្រចាំការ ២៤/២៤ ម៉ោងត្រៀមធ្វើអន្តរាគមន៍នៅពេលមានវិបត្តិ រឺបាតុភាពអនាធិបតេយ្យ អសន្តិសុខ និងការបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅតាមខ្សែបន្ទាត់ព្រំដែន
២.ត្រូវបន្តធ្វើការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់កងកម្លាំងមានសមត្ថកិច្ចឈរជើងនៅតាមតំបន់ព្រំដែន ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពលករខ្មែរអំពីសារៈសំខាន់នៃការប្រើប្រាស់ឯកសារធ្វើដំណើរស្របច្បាប់ប្រកបដោយសុវត្ថភាព។
៣.ផ្សព្វផ្សាយនិងពន្យល់ណែនាំដល់ពលករដែលវិលត្រលប់មកកម្ពុជាវិញ ដើម្បីស្វែងរកការងារធ្វើនៅកម្ពុជា ដែលអាចទទួលបានប្រាក់ខែសមរម្យដូចនៅប្រទេសជិតខាង និងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋបានផ្តល់ឲ្យ។
បន្ទាប់ពីបានបញ្ចាប់កិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានបន្តអញ្ជើញចុះសួរសុខ និងសំណេះសំណាល មន្ត្រីសុខាភិបាល កងកម្លាំងឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនប៉ោយប៉ែត និងពលករ ដែលបានមាតុភូមិនិវត្តត្រលប់មកប្រទេសកម្ពុជាវិញ ធ្វើការរង់ចាំណែនាំព័ត៌មាន ស្តីអំពីការបណ្តុះបណ្តាលជំនាញ និងរកជំនាញការងារ ជូនពលករដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញ ដែលស្ថិតនៅមណ្ឌលសំចតប៉ោយប៉ែត ៕




























