ថ្លែងក្នុងពិធីទទួលដំណើរកងទ័ពមួកខៀវកម្ពុជា ប្ដូរវេនចំនួន២៤៤រូប បានបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅអាហ្វ្រិកកណ្ដាលរយៈពេល១២ខែ ដោយជោគជ័យ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer សម្ដែងការដឹងគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់កងអនុសេនាធំវិស្វកម្មលេខ៤៨៦ ទាំង២៤៤នាក់ ក្នុងការចូលរួមជាកងទ័ពមួកខៀវ ដែលជាការចាប់ផ្តើមលើដំណើរដ៏លំបាក ប៉ុន្តែមានសារៈសំខាន់នឹងក្លាយជារង្វាន់មួយ ដើម្បីជួយដល់សុខុមាលភាពប្រជាជន នៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោកចាត់ទុកសកម្មភាពរបស់កម្ពុជា ក្នុងការបន្តបញ្ជូនកងទ័ពមួកខៀវ ទៅថែរក្សាសន្តិភាពនៅពេលនេះ ថាជាការបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាស្មារតី នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្ដីថ្លៃថ្នូរ និងវិបុលភាព សម្រាប់ទាំងអស់គ្នា។
ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្ដីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា៖ ទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់បេសកកម្ម ដែលកម្លាំងរក្សាសន្តិភាពកម្ពុជាឈរជើង បាននិងកំពុងប្រឈមជារៀងរាល់ថ្ងៃ ជាលក្ខណៈប្រពៃណីផង និងមិនប្រពៃណីផង ដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ ការប្រយុទ្ធប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធនានា ការវាយប្រហារពួនស្ទាក់ ឬគ្រោះថ្នាក់ដោយជំងឺឆ្លង និងជំងឺកាចសាហាវនានាក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបរិច្ចាគកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដើម្បីរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើសកលលោក។
ក្នុងបុព្វហេតុរក្សាសន្តិភាពនៅលើសកលលោក ប្រទេសកម្ពុជាឈរលំដាប់លេខរៀងទី២៨ ក្នុងចំណោម១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំងទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ ចំណែកនៅក្នុងតំបន់អាស៊ានកម្ពុជាឈរលេខរៀងទី៣ ក្នុងចំណោមប្រទេសដែលបរិច្ចាគកងកម្លាំងច្រើនជាងគេ បើនិយាយពីការបរិច្ចាគកងទ័ពមួកខៀវដែលជានារី កម្ពុជាឈរលេខរៀងទី១៤ ក្នុងចំណោមប្រទេសទាំង១១៩ ដែលបរិច្ចាគកងទ័ពមួកខៀវ និងឈរលេខ២ នៅក្នុងតំបន់អាស៊ាន, នេះបើតាមការអះអាងរបស់ ឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករងមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។
គួររំឭកថា៖ ក្នុងរយៈពេល១៩ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដែលបច្ចុប្បន្នកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចំនួន១០,១០១នាក់ ក្នុងនោះនារីចំនួន៩៤៦នាក់ ចេញទៅទៅកាន់ប្រទេសចំនួន១០ ក្នុងតំបន់បេសកកម្មចំនួន១២ ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍ ៕































