សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា និងសម្ពោធអគារទីស្នាក់ការសមាគមអតីតអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០២៥ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ដែលស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ អំពាវនាវឲ្យមានការបំផុសស្មារតីជាតិទូទាំងប្រទេស សូមឲ្យចូលរួមលើកតម្លៃ ផ្តល់ឱកាស ដូចជាចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ស្មារតី និងឱកាសនានា ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដើម្បីគាំទ្រ ដឹងគុណ និងផ្ដល់តម្លៃជូនអតីតយុទ្ធជនខ្មែរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយឈរលើស្មារតី «ផ្ដល់កិត្តិយស ផ្ដល់ជីវភាពល្អប្រសើរ និងផ្ដល់ឱកាស»

      សម្តេចពិជ័យសេនាបាននាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានបន្តថា៖ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាសំខាន់ៗនានា របស់រាជរដ្ឋាភិបាល ការលើកទឹកចិត្ត ការផ្តល់ឱកាស និងការលើកកម្ពស់ជីវភាព ត្រូវបានផ្តល់ឲ្យយ៉ាងទូលំទូលាយជូនដល់អតីតយុទ្ធជន រួមទាំងនិវត្តជន និងជនពិការបាត់បង់សមត្ថភាពការងារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

      ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ បានមានប្រសាសន៍លើកឡើងថា៖ ការតស៊ូរហូតបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ គឺពិតជាលំបាកណាស់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែមិនអាចបំភ្លេចបានទេ ដល់បិតាសន្តិភាពរបស់កម្ពុជាគឺ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា និងរាល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមឆ្លងកាត់គ្រប់ដំណាក់កាលនៃការតស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាម។ ក្នុងនាមជាអតីតយុទ្ធជន សម្តេចបានយល់យ៉ាងច្បាស់ ចំពោះការលះបង់បូជា និងគំរូវីរៈភាពក្លាហានអង់អាចជាទីបំផុត របស់យុទ្ធជនកម្ពុជា។ សម្តេចក៏សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងអនេក ចំពោះរាល់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ដំណើរការកសាងសន្តិភាព ការពង្រឹងខឿនសន្តិសុខសង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់នូវភាពសុខដុមរមនាដល់សង្គមដូចសព្វថ្ងៃនេះផងដែរ។  ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឲ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឲ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ សម្តេចបានកោតសរសើរ ចំពោះក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមាគមអតីតយុទ្ធជន ក្នុងការបង្កលក្ខណៈគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន ដែលគឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមដ៏មិនអាចកាត់ថ្លៃបាន និងប្រៀបដូចជាការតបស្នងគុណូបការៈដ៏ធំធេងចំពោះពួកគាត់ទាំងអស់។ សម្តេចក៏បានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ដែលបានបរិច្ចាគដីសម្រាប់សាងសង់អគារស្នាក់ការសាមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប រួមទាំងសប្បុរសជន ដែលបានបរិច្ចាគធនធាន ក្នុងការសាងសង់អគារផងដែរ។

      យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តសៀមរាប មានសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប មានចំនួន ៦,៦៦៣នាក់ ដោយក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់. ពិការចំនួន១,៩៦៩នាក់. ជនបាត់បង់១៤០នាក់. គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់។ ក្នុងនោះ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ បាននាំយកនូវអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជនខេត្តសៀមរាប នូវអង្ករ២០គក្រ, មីយើង១កេស, ទឹកត្រី១យូរ, ទឹកស៊ីអ៉ីវ១យូរ និង ថវិកា១០ម៉ឺនរៀលផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ