ពិធីប្រកាសបិទសិក្ខាសាលាជាតិស្តីពី “ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះលើការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ”

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ និងអ្នកជំនាញការអន្តរជាតិ បានអបអរសាទរ ចំពោះជោគជ័យ នៃការប្រព្រឹត្តទៅដោយរលូន របស់សិក្ខាសាលាជាតិ ស្ដីពីការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ លើការគំរាមកំហែងដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលបានប្រព្រឹតទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។

      ក្នុងឱកាសអញ្ញើញជាអធិបតីភាព បិទអង្គសិក្ខាសាលាជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងថា៖ តាងនាមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសិក្ខាសាលាជាតិរបស់យើងនាពេលនេះ។ ឆ្លងកាត់សិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលរយៈពេល០៤ថ្ងៃកន្លងមកនេះ យើងឃើញថាអ្នកជំនាញអន្តរជាតិរបស់យើង បានចែករំលែកបទពិសោធន៍ និងចំណេះដឹង លើមូលដ្ឋានគ្រឹះស្តីពីសារធាតុ/សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ វិធីសាស្ត្រ ក្នុងការវាយតម្លៃហានិភ័យ ការចាត់វិធានការ និងការឆ្លើយតបហានិភ័យ ដែលបង្កឡើងដោយសារធាតុ/សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ជាពិសេស តាមរយៈការចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់ព័ត៌មាន ពីតំណាងនៃស្ថាប័នជាតិរបស់យើង ធ្វើឱ្យយើងឃើញកាន់តែច្បាស់ផងដែរថា កម្ពុជាបានចូលរួម និងមានការអភិវឌ្ឍស្ទើរគ្រប់ផ្នែកពាក់ព័ន្ធនឹងវិស័យ សន្តិសុខ និងកិច្ចការគ្រប់គ្រង និងឆ្លើយតបលើហានិភ័យបង្កឡើងដោយ សារធាតុ/សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរនេះ។ ក្នុងនោះផងដែរ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នជាតិ មានជំនាញពាក់ព័ន្ធទាំងអស់ ពិតជាបានចូលរួមចំណែកពិភាក្សាផ្លាស់ប្តូរយោបល់ ចូលរួមធ្វើលំហាត់ និងផ្តល់ធាតុចូលយ៉ាងផុលផុសពាក់ព័ន្ធនឹង ប្រធានបទនានា ដែលមាននៅក្នុងសិក្ខាសាលារបស់យើង។

      សិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលរបស់យើង នាពេលនេះ ជាកម្មវិធីបណ្តុះបណ្តាលហ្វឹកហ្វឺនកសាងសមត្ថភាពកម្រិតមូលដ្ឋាន (Basic Training Course) ប៉ុណ្ណោះ ហើយអាជ្ញាធរជាតិអាវុធគីមី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិរបស់យើង ដែលមានការិយាល័យ UNOCT របស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) ក៏ដូចជាបណ្តាដៃគូអន្តរជាតិ ផ្សេងៗទៀត ដើម្បីសម្របសម្រួលរៀបចំកម្មវិធី ហ្វឹកហ្វឺនបណ្តុះបណ្តាលកសាងសមត្ថភាពកម្រិតខ្ពស់ (Advanced Training Course) និងបណ្តុះបណ្តាលជំនាញ (Specialized Training Course) ដល់មន្ត្រីជំនាញជាតិរបស់យើងជាបន្តបន្ទាប់ នាពេលខាងមុខទៀត។

      ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ត នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖ លោកស្រីFanny Fert, Programme Management Officer, Countering Terrorist Use of Weapons Programme, United Nations Counter- Terrorism Center (UNCCT) ដែលបានជួយសម្របសម្រួលរៀបចំកម្មវិធីសិក្ខាសាលាជាតិនេះឡើង ហើយបានចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដល់មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ និងសូមអរគុណចំពោះលោក Jeffrey Muller និងលោក Peter De la Cuesta, Senior Experts, UNCCT ដែលបានចូលរួមជាអ្នកជំនាញ និងសូមកោតសរសើរចំពោះសមិទ្ធផលការងារ ដែលបណ្តាស្ថាប័នជាតិទាំងអស់ សម្រេចបានកន្លងទៅ ក្នុងការរួមចំណែកជាមួយសកលលោក ក្នុងកិច្ចការប្រយុទ្ធប្រឆាំងលើការរីកសាយភាយអាវុធមហាប្រល័យ (WMD) និងអំពើ ភេរវកម្ម ជាពិសេស កិច្ចការងារពាក់ព័ន្ធនឹងផ្នែកវិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម សូមលើកទឹកចិត្តដល់គ្រប់ស្ថាប័ន-ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមផ្តល់កិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងកិច្ចឧបត្ថម្ភគាំទ្របន្ថែមពីសំណាក់ស្ថាប័ន អន្តរជាតិ និងប្រទេសជាដៃគូ ដើម្បីបន្តរៀបចំ និងចូលរួមកម្មវិធីហ្វឹកហ្វឺន បណ្តុះបណ្តាល កសាងសមត្ថភាពផ្សេងៗទៀត នាពេលខាងមុខ និងសូមឱ្យយក ចំណេះដឹងទាំងឡាយដែលទទួលបាន ទៅបន្តសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ ជាប្រចាំ ដើម្បីឱ្យក្លាយទៅជាមន្ត្រីជំនាញប្រកបដោយសមត្ថភាព គុណភាព វិជ្ជាជីវៈខ្ពស់ពិតប្រាកដ ដើម្បីប្រទេសជាតិយើង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ