កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុញ្ញាតឱ្យ គណៈប្រតិភូនាយកដ្ឋានទំនាក់ទំនងការបរទេស ក្រសួងការពារប្រទេសឡាវ ដឹកនាំដោយ លោកវរសេនីយ៍ឯក វង្សសៃ អ៊ុនថាក់ខាំ ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស ក្រសួងការពារប្រទេសឡាវ ចូលជួបសម្តែងការគួរសម នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ។
ក្នុងជំនួបនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោកវរសេនីយ៍ឯក វង្សសៃ អ៊ុនថាក់ខាំ ប្រធានាយកដ្ឋានទំនាក់ទំនងការបរទេស ក្រសួងការពារប្រទេសឡាវ ដែលបានអញ្ជើញមកទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរបំពេញទស្សនៈកិច្ចរបស់ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស ក្រសួងការពារប្រទេសឡាវ នៅកម្ពុជានាពេលនេះ បាននាំមកនូវការពង្រឹងពង្រីកកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេសរវាងស្ថាប័នកិច្ចការបរទេសកងទ័ពទាំងពីរ កាន់តែរីកចម្រើនថែមទៀត។ឯកឧត្តម ខៀវ ឆេន ក៏បានពាំនាំ ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជូនប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជាផងដែរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចជំនួបពិភាក្សា រវាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា ជាមួយនាយកដ្ឋានទំនាក់ទំនងការបរទេសក្រសួងការពារជាតិ នៃប្រទេសឡាវ ដែលបានពិភាក្សាទទួលបានលទ្ធផលល្អ។ តាមជំនួបប្រជុំពិភាក្សានេះ ឯកឧត្តម ខៀវ ឆេន មានជំនឿយ៉ាងមុតមាំថា ស្ថាប័នទាំងពីរហ្នឹងជំរុញការអនុវត្តវិធីសាស្រ្ដ ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្លាស់ប្ដូរទស្សនៈកិច្ចគ្នាទៅវិញទៅមក, ការហ្វឹកហ្វឺនរួមគ្នាព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ប្រកបដោយលទ្ធផលជាផ្លែផ្កា។
មានមតិឆ្លើយតបវិញ លោកវរសេនីយ៍ឯក វង្សសៃ អ៊ុនថាក់ខាំ ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស ក្រសួងការពារប្រទេសឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម រដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតំលៃ ទទួលស្វាគមន៍គណៈប្រតិភូប្រទេសឡាវបានមកចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ដែរបានផ្ដាំផ្ញើរសួរសុខទុក្ខជូនគណៈប្រតិភូប្រទេសឡាវនាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក បានពាំនាំ ផ្ដាំផ្ញើរសួរសុខទុក្ខពី ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងការពារជាតិ ប្រទេសឡាវជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិផងដែរ។ លោកវរសេនីយ៍បាន បញ្ជាក់ថា៖ ការធ្វើដំណើរទស្សនៈកិច្ចនៅកម្ពុជាលើកនេះ បានចូលជួបពិភាក្សាការងារ ដើម្បីក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ កាន់តែមានភាពល្អប្រសើររីកចម្រើនជាបន្តបន្ទាប់ទៀត នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ លោកវរសេនីយ៍ឯក បញ្ជាក់ថា៖ ប្រទេសឡាវនូវឆ្នាំ២០២៤កន្លងទៅ បានទទួលធ្វើម្ចាស់ផ្ទះអាស៊ាន បានគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា។ សូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា បានការចូលរាល់ការប្រជុំអាស៊ាននៅប្រទេសឡាវ។ ហ្នឹងមានផែនការគ្រោងទុក្ខមានរយៈពេល៦ខែទៀត នាយកដ្ឋានទាំងពីរកម្ពុជា-ឡាវ មានការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅវិញទៅមក ឲ្យបានល្អបំផុត ដើម្បីទទួលជោគជ័យបន្តបន្ទាប់ទៀត ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រសួងការពាជាតិទាំងពីរហ្នឹងបន្តគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការងាររួមគ្នាបានយ៉ាងរលូនផងដែរ ៕















