ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ និងសួរសុខទុក្ខប្រជាជន ដែលជម្លៀសដោយស្ម័គ្រចិត្តស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខ នៅទិសសមរភូមិមុខយោធភូមិភាគទី ៤ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ អគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា បានប្រកាសដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា ត្រូវត្រៀមខ្លួនជានិច្ចដើម្បីការពារសត្រូវ និងវាយបកសត្រូវដែលឈ្លានពានដែនអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ប៉ុន្ដែក៏មិនអាចឈរឱបដៃមើលប្រទេសណាមកឈ្លានពានកម្ពុជាបានដាច់ខាត លើកនេះយើងមិនត្រឹមតែការពារខ្លួនទេ «យើងប្រើសិទ្ធិការពារខ្លួនផង និងយើងវាយបកផង»។ សម្ដេចតេជោ ក៏បានផ្ដល់នៅការលើកទឹកចិត្តដល់កងទ័ពទាំងអស់ ត្រូវហ៊ានប្ដូរផ្ដាច់ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាពប្រទេសជាតិ និងភាពគង់វង្សនៃទឹកដីកម្ពុជា។
ជាមួយគ្នានោះដែរ នៅចំពោះមុខប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ឲ្យជួយមើល និងពិចារណាថា តើប្រទេសកម្ពុជា ឬប្រទេសថៃអ្នកណា ឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ? តើថៃមានបានជម្លៀស មានជនភៀសសឹក ដោយសារកម្ពុជាឈ្លានពានទេ? នៅទីនេះ(ជនភៀសសឹកកម្ពុជា) គឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ព ថៃ ទើបនាំដល់ការមានជនភៀសសឹកមករស់នៅទីនេះ(មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ) ដែលជាអកុសល ហើយសូមឲ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ច:ធម៌ និងនិយមសន្តិភាព មើលឃើញឲ្យបានច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ ៕



























