ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Andrew Byers ឧបការីរង ក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Andrew Byers ឧបការីរង ក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នាថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ នៅទីស្តីការក្រសួងការពារជាតិ។

      ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន បានមានប្រសាសន៍ថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឃើញថាបានចាប់ផ្តើមល្អប្រសើរឡើង ចាប់តាំងពីមានដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា របស់គណៈប្រតិភូជាន់ខ្ពស់អាម៉េរិកជាបន្តបន្ទាប់កន្លងមក និងសង្ឃឹមថានឹងបន្តរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយគ្នា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ ឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់ថា៖ ភាគីកម្ពុជារីករាយក្នុងការទទួលស្វាគមន៍ និងត្រៀមសម្របសម្រួលទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Pete HEGSETH រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ដែលគ្រោងមកទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ។ សម្រាប់កម្ពុជានៅតែរក្សាជំហរក្នុងការរក្សា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជានិច្ច និងសង្ឃឹមបន្តការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច រវាងប្រតិភូនៃប្រទេសទាំងពីរ ទៅវិញទៅមកនៅគ្រប់កម្រិត។ សម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកបណ្តុះបណ្តាល កម្ពុជាស្នើសុំភាគីអាម៉េរិកបន្តផ្តល់អាហារូបករណ៍ រួមមាន៖ វគ្គនាយទាហានសកម្មនៅបណ្តាបណ្ឌិត្យសភា (West Point, Naval Academy, Air Force Academy) វគ្គបញ្ជាការសេនាធិការ វគ្គយុទ្ធសាស្រ្តការពារជាតិ និងវគ្គសិក្សាខ្លីនៅ (APCSS) និង (Marshal Center) ប្រទេសអាល្លឺម៉ង់ ដូចដែលបានកំពុងផ្តល់ឲ្យ។ ឧត្តមសេនីយ៍ឯក វ៉ាត់ ដារ៉ារ័ត្ន ក៏បានស្នើសុំភាគីអាម៉េរិក ជួយបណ្តុះបណ្តាលលើវគ្គ Pre-deployment សម្រាប់បេសកកម្មអង្គការសហប្រជាជាតិ។

     ជាការឆ្លើយតប ឯកឧត្តម ឧបការីរង ក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ទទួលបន្ទុកអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានថ្លែងថា៖ នេះគឺជាទស្សនកិច្ចលើកដំបូងរបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមលើកនេះ នឹងជាចំណែកមួយក្នុងការពង្រឹងដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបទសទាំងពីរផងដែរ។ ឯកឧត្តម ក៏លើកឡើងថា គោលបំណងសម្រាប់ការចូលជួបសម្តែងការគួរសមនាពេលនេះ ក៏ដើម្បីពិភាក្សាលម្អិតបន្ថែម ពីការត្រៀមសម្របសម្រួលទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Pete HEGSETH រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ដែលគ្រោងមកទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ។ ភាគីអាមេរិក ក៏យល់ផងដែរថា ការអប់រំវិជ្ជាជីវៈផ្នែកយោធា (Professional Military Education PME) និងកម្មវិធីអប់រំ និងបណ្តុះបណ្តាលយោធាអន្តរជាតិ (International Military Education and Training IMET)គឺមានសារៈសំខាន់សម្រាប់កម្ពុជា ដោយក្នុងឆ្នាំនេះ អាម៉េរិកក៏បានផ្តល់វគ្គសិក្សាសម្រាប់វគ្គបញ្ជាការសេនាធិការ និងវគ្គយុទ្ធសាស្រ្តការពារជាតិ ដោយទទួលបានបេក្ខភាព២រូបពីកម្ពុជា ទៅចូលរួមផងដែរ។ ភាគីអាម៉េរិកនឹងបន្តផ្តល់បន្ថែមបេក្ខភាព សម្រាប់វគ្គបញ្ជាការសេនាធិការ និងវគ្គយុទ្ធសាស្រ្តការពារជាតិ ក៏ដូចជាការបណ្តុះបណ្តាលជំនាញឯកទេសផ្សេងៗទៀត ក្រោមឆ័ត្រនៃកម្មវិធី IMET ផងដែរ។ ភាគីអាម៉េរិកក៏កំពុងសិក្សា និងព្យាយាមក្នុងការផ្តល់ជូនកម្ពុជាឡើងវិញ នូវវគ្គសិក្សានៅបណ្ឌិត្យសភាយោធាតាមបណ្តាប្រភេទទ័ពផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ