ក្រុមអ្នកជំនាញការអន្តរជាតិ បានសំដែងក្តីរីករាយនិងប្ដេជ្ញាបន្តការគាំទ្រ ចំពោះកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្ដល់សច្ចាប័ន លើអនុសញ្ញាអន្តរជាតិស្ដីពីការបង្ក្រាបអំពើភេរវកម្មនុយក្លេអ៊ែរ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         ក្នុងកិច្ចប្រជុំស្ដីពី ការគាំទ្រដល់ការអនុវត្តជាសកល និងប្រកបដោយប្រសិទ្ធភាព នៃអនុសញ្ញាអន្តរជាតិ ស្ដីពីការបង្ក្រាបអំពើភេរវកម្មនុយក្លេអ៊ែរ ហៅកាត់ថា អ៊ិកស៊ែន (ICSANT) ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងការពារជាតិ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ លោកមានក្តីរីករាយជាខ្លាំង ដែលមានវត្តមានជាមួយសហការីអង្គការសហប្រជាជាតិ និងតំណាងពីសហគមន៍អឺរ៉ុប ដែលបានគាំទ្រដល់កិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក៏ដូចជាអាជ្ញាធរជាតិអាវុធគីមី និងតំណាងទីភ្នាក់ងារក្រសួងនានា ដែលបានចូលរួមរៀបចំនូវព្រឹត្តិការណ៍នេះឡើង។ កិច្ចប្រជុំថ្ងៃនេះ មានសារៈប្រយោជន៍ ក៏ដូចជាពង្រឹងចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការផ្ដល់សច្ចាប័នចំពោះអនុសញ្ញាដ៏សំខាន់នេះ។

         ចំណែកលោក Andreas Berg អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចការនយោបាយ សារព័ត៌មាន និងព័ត៌មាន ជាតំណាងជាន់ខ្ពស់ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ គម្រោងនេះជាផ្នែកមួយ នៃការប្ដេជ្ញាចិត្តដ៏ទូលំទូលាយ របស់សហភាពអឺរ៉ុប ដើម្បីធ្វើយ៉ាងណាឲ្យមានសន្តិសុខសាកល ប្រឆាំងនឹងភេរវកម្មនុយក្លេអ៊ែរ។ ចាប់តាំងពីឆ្នាំ២០១៨មក សហភាពអឺរ៉ុបបានបែងចែកថវិកា៩,២លានអឺរ៉ូសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ក្នុងនោះកម្ពុជាជាដៃគូដ៏សំខាន់មួយ ដែលមានភាពរឹងមាំ ជាពិសេសបានបង្កើតឲ្យមានផែនការសកម្មភាពថ្នាក់ជាតិ តាមរយ:សិក្ខាសាលាថ្នាក់ជាតិ នៅខេត្តព្រះសីហនុនាពេលថ្មីៗនេះ ព្រមជាមួយនោះ សហភាពអឺរ៉ុបក៏កំពុងតែគាំទ្រ ដល់រដ្ឋសមាជិកអាស៊ានចំនួន៦ទៀត ដែលមិនមែនជាសមាជិកអនុសញ្ញានេះនៅឡើយ ដើម្បីឲ្យគេចូលរួមក្នុងដំណើរការនេះ ហើយសហភាពអឺរ៉ុបនៅតែបន្តប្ដេជ្ញាធ្វើការជាមួយ ដើម្បីជំរុញគម្រោងនេះជាបន្តទៀត។

          តាងនាមឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម, ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានមានប្រសាសន៍ថា៖  ពិភពលោកកំពុងមានការព្រួយបារម្ភ អំពីការគំរាមកំហែងពីភេរវកម្មនុយក្លេអ៊ែរ និងការរត់ពន្ធសម្ភារៈវិទ្យុសកម្ម ដោយបញ្ហាទាំងនេះកំពុងក្លាយជាកង្វល់ដ៏ធំសម្រាប់សន្តិសុខពិភពលោក។ ភេរវករអាចធ្វើការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ ឬរត់ពន្ធសម្ភារៈវិទ្យុសកម្មសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ឬបង្កើតជា Dirty Bomb ក្នុងការវាយប្រហារ ដែលបង្កមហន្តរាយ ធ្វើឱ្យបាត់បង់ជីវិត ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់បរិស្ថានក្នុងរយៈពេលវែង។

          ក្នុងការរួមចំណែកជាមួយសកលលោក និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ និងការចូលរួមទប់ស្កាត់ការរីកសាយភាយ នៃអាវុធមហាប្រល័យ (WMD) និងអំពើភេរវកម្ម ព្រះរាជាណាចក្រកម្ពុជា បានចូលជារដ្ឋភាគីនៃអនុសញ្ញា សន្ធិសញ្ញា និងបទប្បញ្ញត្តិអន្តរជាតិនានាជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានអនុវត្តនូវវិធានការសំខាន់ៗមួយចំនួនរួមមាន៖

           ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ជាតិ៖ កម្ពុជាកំពុងពង្រឹងច្បាប់ និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធដល់សុវត្ថិភាពវិទ្យុសកម្ម និងសន្តិសុខនុយក្លេអ៊ែរ ដើម្បីធានាការគ្រប់គ្រងប្រភព ឬសម្ភារៈវិទ្យុសកម្មឱ្យបានត្រឹមត្រូវ។

            ការពង្រឹងសមត្ថភាពបច្ចេកទេស៖ យើងបានបណ្តុះបណ្តាលមន្ត្រីជំនាញ និងបំពាក់ឧបករណ៍ចាំបាច់ ដើម្បីតាមដាន ត្រួតពិនិត្យ និងឆ្លើយតបទៅ នឹងឧប្បត្តិហេតុវិទ្យុសកម្មណាមួយ។

            កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ កម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការ-ស្ថាប័នអន្តរជាតិ និងដៃគូអន្តរជាតិដទៃទៀត ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងទទួលជំនួយបច្ចេកទេស។

            ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានគូសបញ្ជាក់ថា៖ កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងស្វែងយល់បន្ថែមចំពោះ អនុសញ្ញាអន្តរជាតិស្តីពីការបង្ក្រាបអំពើ ភេរវកម្មនុយក្លេអ៊ែរ (International Convention for the Suppression of Acts of Nuclear Terrorism – ICSANT) ពីអ្នកជំនាញអន្តរជាតិ និងចូលរួមពិភាក្សាក្នុងការជម្រុញការផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ អនុសញ្ញាអន្តរជាតិនេះ មានគោលបំណងក្នុងការបង្ការ និងបង្ក្រាបអំពើភេរវកម្ម នុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ និងដាក់ទោស ចំពោះអំពើភេរវកម្មដែលប្រើប្រាស់សារធាតុវិទ្យុសកម្ម ឬនុយក្លេអ៊ែរ។ វាគ្របដណ្តប់លើសកម្មភាពជាច្រើន រាប់បញ្ចូលទាំងការកាន់កាប់ ការប្រើប្រាស់ ការដឹកជញ្ជូន និងការគំរាមកំហែងក្នុងការប្រើប្រាស់ សារធាតុនុយក្លេអ៊ែរ ឬវិទ្យុសកម្ម ដោយមានបំណងបង្កការខូចខាតធ្ងន់ធ្ងរដល់ជីវិត មនុស្ស ទ្រព្យសម្បត្តិ ឬបរិស្ថាន។ ក្រៅពីនោះ អនុសញ្ញានេះទទួលស្គាល់សិទ្ធិរបស់រដ្ឋក្នុងការអភិវឌ្ឍ និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព រួមបញ្ចូលទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋនានា ក្នុងការផ្លាស់ប្តូរ ព័ត៌មាន បណ្តុះបណ្តាលបុគ្គលិក និងអនុវត្តវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់អំពើ ភេរវកម្មនុយក្លេអ៊ែរ។

           គួរបញ្ជាក់ផងដែរ អនុសញ្ញាខាងលើនេះបានបើកឱ្យចុះហត្ថលេខា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៥ និងបានចូលជាធរមាន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៥ ដោយ បច្ចុប្បន្នមាន១២៧ប្រទេស ជារដ្ឋភាគី ក្នុងនោះព្រះរាជាណាចក្រកម្ពុជាបានចុះ ហត្ថលេខា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៦ តែមិនទាន់បានផ្តល់សច្ចាប័នលើអនុសញ្ញា នេះនៅឡើយទេ។ គិតមកទល់ពេលនេះ មានរយៈពេលប្រមាណជា១៩ឆ្នាំ ហើយក្នុងឆ្នាំ២០២៦ (ឆ្នាំក្រោយនេះ) គឺគម្រប់ខួប២០ឆ្នាំ ដែលកម្ពុជាបានចុះហត្ថលេខា លើអនុសញ្ញា ICSANT ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ