ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ១៩៧៧ – ២០ មិថុនា ឆ្នាំ២០២៥)

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អិច ១៦ ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី២០  ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ១៩៧៧ – ២០ មិថុនា ឆ្នាំ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ហុងថាយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។

      ថ្លែងក្នុងពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ១៩៧៧ – ២០ មិថុនា ឆ្នាំ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ៖ យើងជួបជុំគ្នាថ្ងៃនេះ ក្នុងគោលបំណងរំឭកឡើងវិញ នូវដំណើរប្រវត្តិសាស្ត្រជាតិរបស់កម្ពុជា កាលពីជាង៥៥ឆ្នាំមុន និង ការរំឭកការធ្វើពលិកម្ម លះបង់អាយុជីវិតផ្ទាល់ខ្លួនរបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែល បានធ្វើដំណើរកាត់ចម្ការមីន ចាកចេញពីមាតុភូមិ ចោលភរិយា ដែលកំពុងពពោះទារកក្នុងផ្ទៃ ស្វែងរកការ ជួយឧបត្ថម្ភគាំទ្រពីបរទេស ដើម្បីបង្កើតកងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះអាយុជីវិតប្រជាជន និងរំដោះប្រទេសជាតិ។ ពិធីនេះធ្វើឡើងក្នុងគោលបំណង គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ក្នុងស្មារតីចងចាំជានិច្ច ដើម្បីរំឭកដល់គម្រូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង ដែលយុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហានរបស់យើង បានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសទាំងពីរ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

       ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ក្រោយពីការរៀបចំប្រារព្ធពិធីនាថ្ងៃនេះ ប្រទេសយើងទាំងពីរ នឹងកាន់តែជំរុញទំនាក់ទំនងសាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ល្អប្រពៃបន្ថែមទៀត ពិសេសជំរុញ ការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាក់ស្តែងនៅថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ ក្រុមការងារទាំងពីរ កម្ពុជា-វៀតណាម នឹងរៀបចំកិច្ចប្រជុំរវាងប្រធានគណៈកម្មការចម្រុះព្រំដែន “JBC” កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា នៅប្រទេសវៀតណាម។ ជាមួយគ្នានេះ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម បានដំណើរការមានវឌ្ឍនភាពប្រកបដោយផ្លែផ្កា ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍យ៉ាងច្រើន ដល់កងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូយោធាគ្រប់រូបភាព គ្រប់មធ្យោបាយ និងទំនាក់ទំនងយន្តការ កិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមស្នើភាគីមិត្តជួយបន្តគាំទ្រកម្ពុជា តាមរយៈថែរក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម នៅតាមព្រំដែនប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ ការកសាងសមត្ថភាព អប់រំ និងបណ្តុះបណ្តាលយោធិន ព្រមទាំងការផ្លាស់ប្តូរនិងចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងភាពជាមិត្តជិតខាងល្អ។

        ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ដែលយើងកំពុងរៀបចំនាថ្ងៃនេះ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់បំផុត ព្រោះប្រវត្តិសាស្ត្រ បានបង្ហាញថា បើពុំមានការចាប់ផ្តើម នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ ១៩៧៧ និងព្រឹត្តិការណ៍ដែលមានជាបន្តបន្ទាប់នោះទេ ក៏មិនអាចមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះបានដែរ។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូ ប្រឆាំងរើបម្រះពីរបបដឹកនាំប៉ុល ពត បន្ទាប់មក គឺឈានទៅបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ គឺអង្គភាព១២៥ ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូងគឺ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជំនះក្នុង ការសង្គ្រោះ និងរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។

        ដើម្បីធានានិរន្តរភាពដំណើរការតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ និងបន្តសម្រេចបាននូវចក្ខុ វិស័យ ដែលជាទិសដៅផែនការកម្មវិធីសកម្មភាពការងារ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសូមណែនាំតម្រង់ទិសការងារឆ្ពោះទៅអបអរសាទរ ការប្រារព្ធខួបលើកទី៥០ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានផ្តាំផ្ញើ ដល់អាជ្ញាធរដែនដី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចូលរួមថែរក្សាសមិទ្ធផលនានា និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ និងរក្សាឱ្យបានគង់វង្សនូវសក្ខីកម្មប្រវត្តិសាស្ត្រទាំងអស់នៅទីនេះ ដោយយកចិត្តទុកដាក់លើ គុណភាព និងសោភណភាព។ ឯកឧត្តម បានជំរុញ ដល់ស្ថាប័នអង្គភាពពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ឱ្យមហាជនបានជ្រួត ជ្រាបអំពីសារៈសំខាន់ នៃទីតាំងប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ នេះ និងរួមគ្នាធ្វើឱ្យទីនេះក្លាយទៅជា រមណីយដ្ឋានប្រវត្តិសាស្ត្រ ជាទីកន្លែងដែលក្មេងជំនាន់ក្រោយអាចទស្សនាកំសាន្តផង និងរៀនសូត្រពីពលិកម្ម របស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិមាតុភូមិផង ក្នុងគោលបំណងបំផុសគំនិតស្នេហាជាតិ។   ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរអរគុណយ៉ាងជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានយកអស់កម្លាំងកាយចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការរៀបចំកសាងតំបន់នេះតាំងពីថ្ងៃដំបូង និងបានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ និងកោតសរសើចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារពាក់ព័ន្ធ ដែលបានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ តាំងពីគ្មានអ្វីសោះ ឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ