កិច្ចប្រជុំដំបូង ស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំដំបូង ស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា(គ.ប.យ)។

         ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា បានអានអនុក្រិត ស្តីពីការកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ដោយបានបញ្ជាក់ថា៖ ការកំណត់អំពីតំបន់ប្រវត្តិសាស្ត្រយោធាហៅថា តំបន់មរតកប្រវត្តិសាស្ត្រតេជោ ដែលស្ថិតនៅភូមិសាស្ត្រយោធភូមិភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង ក្នុងគោលបំណងធានាភាពពិតប្រាកដ នៃសច្ចភាពប្រវត្តិសាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយរៀនសូត្រ និងលើកកម្ពស់គុណតម្លៃ នៃនយោបាយឈ្នះ ឈ្នះ ពីកម្រិតជាតិទៅអន្តរជាតិ ដែលក្លាយទៅជាបេតិកភណ្ឌប្រវត្តិសាស្ត្រពិភពលោក។ អភិរក្សទីតាំង តឹកតាងប្រវត្តិសាស្ត្រយោធា ដែលជាមរតក នៃនយោបាយឈ្នះ ឈ្នះ ធានាលើកកម្ពស់អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ តំបន់ និងពិភពលោក។ អភិរក្សទីតាំង ដែលជាអតីតមជ្ឈមណ្ឌល អង្គការចាត់តាំង នយោបាយ យោធា មូលដ្ឋានប្រដាប់អាវុធ និងទីតាំងអតីតសមរភូមិ សម្រាប់អប់រំផ្សព្វផ្សាយដល់សាធារណជនជាតិ អន្តរជាតិ សិក្សាស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយឈ្នះ ឈ្នះ។ អភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធា រួមបញ្ចូលទាំងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ការពារ និងថែរក្សាបរិស្ថានធម្មជាតិ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធា និងថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិ និងពង្រឹងសមត្ថភាពកងទ័ពក្នុងវិស័យសិក្សាស្រាវជ្រាវអំពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ អនុក្រិតបានកំណត់តំបន់ប្រវត្តិសាស្ត្រយោធា មានទីតាំងស្ថិតនៅយោធភូមិភាគទី៣ ចំនួន ៣១ទីតាំង, យោធភូមិភាគទី៤ មានចំនួន ២៦ទីតាំង និងយោធភូមិភាគទី៥ មានចំនួន ៣០ទីតាំង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លុងវែង ស្ថិតនៅស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ ។

         ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា បានធ្វើបទបង្ហាញស្តីពី សាវតាការរៀបចំការងារប្រវត្តិសាស្ត្រយោធា ដោយបានបញ្ជាក់ថា៖ ប្រភពដើមនៃប្រវត្តិសាស្ត្រយោធា ចេញអំពីសៀវភៅ «ការបញ្ចប់សង្រ្គាមស៊ិវិល ប្រភពសន្តិភាពពេញលេញនៅកម្ពុជា» នយោបាយឈ្នះ ឈ្នះ ក្នុងបរិបទអន្តរជាតិ ដែលទទួលបានការពិនិត្យ និងចំណារឯកភាពដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតតីតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ និងបានបោះពុម្ពផ្សាយ មានចំនួន៣៩៦ទំព័រ ហើយក្នុងសៀវភៅនេះ ប្រវត្តិកាលនៃការបញ្ចប់សង្គ្រាមស៊ីវិលដោយមានសកម្មភាពនានា ការចូលរួមអំពីប្រតិបត្តិករ និងការដាក់ចេញនូវការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលមានស្ថាបនិក មគ្គុទេ្ទសក៍ឯកគឺ សម្តេចតេជោ ហ៊ុន សែន ហើយប្រតិបត្តិករស្នូលមួយចំនួន ដែលនៅក្នុងនោះមាន សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ទាល់ បានរួមចំណែកនៅក្នុងដំណើរការនោះ។ ឯកឧត្តម បានបញ្ជាក់ថា៖ ការកសាងវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៃការងាររួមចំណែករបស់ប្រវត្តិសាស្ត្រយោធា អំពីការចូលរួមនៃតួអង្គ និងធាតុដទៃជាច្រើន ក្នុងនោះមានគណៈកម្មការសម្រាប់សិក្សា ស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ ក្រោមការដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន រួមជាមួយស្ថាប័ននានា មានដូចជា ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរនានាថែមទៀតផង។ ការរៀបចំចងក្រងខ្លឹមសារ នៃនយោបាយឈ្នះ ឈ្នះ ដែលស្ថិតក្នុងដំណាក់កាលទី១ ឈានចូលមកដល់ដំណាក់កាលទី២ គឺកិច្ចខិតខំប្រឹងប្រែងក្នុងការសាងសង់វិមានឈ្នះ ឈ្នះ និងដំណាក់កាលទី៣ ដែលជាការរៀបចំតំបន់ ប្រវត្តិសាស្ត្រយោធា ធ្វើឱ្យឃើញអំពីសក្ដានុពល និងតថភាពប្រវត្តិសាស្ត្រក្នុងការដឹកនាំរបស់ សម្ដេចតេជោ។ តាមរយៈការរកឃើញសារៈសំខាន់ទាំងឡាយ ចេញអំពីសិក្ខាសាលាប្រវត្តិសាស្ត្រយោធា និងខួបលើកទី៤៦ ទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បាននាំឱ្យការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ត្រូវបានពង្រីកវិសាលភាព រហូតទទួលបាននូវអនុក្រឹត្យលេខ១៥៥ អនក្រ.បក ស្តីពីការកំណត់តំបន់ប្រវត្តិសាស្ត្រយោធា ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលបានកំណត់តំបន់ប្រវត្តិសាស្ត្រយោធាមានចំនួន៨៧ទីតាំង តម្រូវឱ្យមានការចាំបាច់នៅក្នុងការសហការ គិតគូរដើម្បីធានាការថែទាំ ការពារ ព្រោះជាយន្តការពាក់ព័ន្ធទៅនឹងវិស័យនានា ស្ថាប័ន សាធារណៈ និងរដ្ឋអំណាចនៅតាមភូមិសាស្ត្រផងដែរ។

         ថ្លែងក្នុងកិច្ចប្រជុំដំបូង ស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការជាតិប្រវត្តិសាស្ត្រយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ​មានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារប្រវត្តិសាស្ត្រយោធា ដែលបានខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រ ការប្រមូលនូវតឹកតាំង ទុកសម្រាប់អ្នកជំនាន់ក្រោយ បានសិក្សារៀនសូត្រ។ ឯកឧត្តម ទៀ សីហា បានស្នើសុំអោយដល់ ឯកឧត្តម លោកជំទាវ អភិបាលខេត្ត និងអាជ្ញាធម៌ដែនដីគ្រប់ជាន់ថ្នាក់ ជួយគាំទ្រទីតាំងប្រវត្តិសាស្ត្រយោធាមួយចំនួន ដែលបានរកឃើញកន្លងមក ដែលតំបន់ទាំងនោះជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់អោយដឹងថា៖ ស្តូបឈ្នះ ឈ្នះ កោះកុង នឹងសម្ពោធនៅខែមករា ឆ្នាំ២០២៦ ក្នុងនោះ ឯកឧត្តម ក៏បានកោតសរសើរដល់ខេត្ត បាត់ដំបង ខេត្តព្រៃវែង  ដែលបានរកទីតាំង និងសាងសង់សួនតេជោសន្តិភាពជិតរួចរាល់ជាស្ថាបពរ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ តំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមាននៅតែលើគោកនោះទេ នៅតាមកោះ ដែនសមុទ្រ ក៏មានតឹកតាង ប្រវត្តិសាស្ត្របន្សល់ទុកដែល ដែលយើងត្រូវថែរក្សាអោយបាននូវតឹកតាងប្រវត្តិសាស្ត្រទាំងនោះ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ