នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស វត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។
សម្ដេចមានប្រសាសន៍ថា៖ ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាពហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។ សម្តេចជាសាក្សីក្នុងកិច្ចការងារព្រំដែននេះ ហើយមិនមែនជាលើកទី១ទេ ដែលថៃតែងតែមកឈ្លានពានកម្ពុជា ហើយឥឡូវនេះទោះមិនមែនជាការបញ្ជាដោយផ្ទាល់ពីរាជរដ្ឋាភិបាលថៃ ប៉ុន្តែទាហានថៃបានមកឈ្លានពាន និងកេងប្រវ័ញ្ចលើទឹកដីកម្ពុជា។ សភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសការផុសឡើងកាន់តែខ្លាំងក្លានូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ៕


















