ពិធីបិទកិច្ចពិភាក្សាក្នុងការអនុវត្តគម្រោងលេខ៩៨ ស្តីពី ការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ CBRN នៅតំបន់អាស៊ីអាគ្នេយ៍

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         ថ្លែងក្នុងពិធីបិទកិច្ចពិភាក្សាក្នុងការអនុវត្តគម្រោងលេខ៩៨ ស្តីពី“ការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ CBRN នៅ តំបន់អាស៊ីអាគ្នេយ៍ នាថ្ងៃទី៥មិថុនា ឆ្នាំ២០២៥ លោកស្រីសាស្ត្រាចារ្យបណ្ឌិត រ៉ាហ្គែល ដាតេ ដាវីដសុន (Raquel Duarte Davidson) ប្រធានដឹកនាំគំរោងលេខ៩៨ បានថ្លែងថា៖ ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ ជាពេលវេលាដ៏អស្ចារ្យសម្រាប់ក្រុមការងាររបស់យើង ដែលបានសិក្សារៀនសូត្រ ហើយយើងសប្បាយរីករាយដោយបានជួបជុំជជែកពិភាក្សា ស្វែងយល់ កាន់តែច្បាស់ ទាក់ទងនឹងការងារជាអាទិភាព ជំរុញអោយយើងអាចបន្តកិច្ចសហប្រតិបត្តិការណ៍ ក្នុងរយ:ពេល២ឆ្នាំបន្តទៀត ដើម្បីរៀបចំបង្កើត រឺក៏រៀបចំឯកសារបណ្តុះបណ្តាលគ្រូបង្គោលផ្សេងៗ ហើយលោកស្រីបណ្ទិតសង្ឃឹមថា នេះគ្រាន់តែជាការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការរបស់យើងប៉ុណ្ណោះ ដោយយើងនៅមានការងារជាច្រើនទៀត ដែលត្រូវអនុវត្តបន្តនាពេលអនាគត។

         តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដោយមានការអនុញ្ញាត ពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លែអ៊ែរ ជិវសាស្ត្រ និងវិទ្យុសកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម បានកត់សំគាល់ថា៖  បញ្ហាCBRNនេះតែងតែបំលែងខ្លួន និងមានការវិវត្តន៍មិនឈប់ឈរ ស្របនឺងទំនើបកម្មដ៏រហ័ស នៃបច្ចេកវិទ្យាក្នុងសកលលោក។ ដូច្នេះយើងត្រូវហ្វឹកហាត់ និងត្រៀមលក្ខណ:ជាប្រចាំ ហើយត្រូវរិះរកមធ្យោបាយ រឺជំនួយ ដើម្បីបំពេញចំណុចខ្វះខាតរបស់យើង។ ឧទាហរណ៍ ក្រុមការងារឆ្លើយតបរបស់អគ្គលេខាធិការដ្ឋាន មានរចនាសម្ព័ន្ធច្បាស់លាស់ មានតួនាទី ហើយមានផ្នែកសង្គ្រោះ ដែលជាកំលាំងជួរមុខមួយក្នុងការជួយជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ មុននឹងបញ្ជូនទៅមន្ទីរពេទ្យ តែយើងមានចំណុចខ្វះខាតមួយចំនួន លើធនធានមនុស្ស ឧបករណ៍សង្រ្គោះ និងឧបករណ៍ម៉ាស៊ីនពិសោធន៍ ធ្វើអោយការបំពេញប្រតិបត្តិការណ៍របស់យើង មិនបានពេញលេញស្របតាមតួនាទី ដែលបានកំណត់ ហេតុដូច្នេះ ឯកឧត្តម សង្ឃឹមថា លោកស្រីសាស្ត្រាចារ្យបណ្ឌិត និងសហការីអាចពិចារណាជួយឧបត្ថម្ភ និងបណ្តុះបណ្តាលយ៉ាងណាតាមលទ្ធភាព និងគោលដៅរបស់គំរោងនេះ ដល់មន្រ្តីជំនាញយើងអោយអាចបំពេញតួនាទីរបស់ខ្លួនបានពេញលេញ។

         ឯកឧត្តមវេជ្ជបណ្ឌិត ស្រួយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានធ្វើបទឧទ្ទេសនាម ព្រមទាំងចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយ៉ាងផុលផុស ដោយលើកជាសំណួរ ការផ្តល់នូវអនុសាសន៍ ផ្តល់ពុទ្ធិ ឧត្តមានុវត្ត និងនវានុវត្តន៍ ក្នុងរយៈពេល០៣ ថ្ងៃ កន្លងមកនេះ ដែលសំដៅធ្វើឲ្យបេសកកម្មទស្សនកិច្ចពិភាក្សារបស់ក្រុមជំនាញការ នៃគម្រោងលេខ៩៨ ក្រោមការដឹកនាំដោយលោកស្រីសាស្ត្រាចារ្យបណ្ឌិត Raquel Duarte Davidson ទទួលបានផ្លែផ្កាតាមការរំពឹងទុក។

         ឆ្លងកាត់ដំណើរទស្សនកិច្ចពិភាក្សាដ៏ផុសផុលនៅតាមអង្គភាពសុខាភិបាល នៃកម្ពុជា ដូចជា (១)នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (២)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (៣)សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (៤)មន្ទីរពេទ្យព្រះកេតុមាលា (៥)គិលានដ្ឋាន នៃវិទ្យាស្ថានស្រាវជ្រាវអាវុធគីមី និង(៦)មន្ទីរពេទ្យជាតិតេជោសន្តិភាព យើងពិតជាអាចមើលឃើញនិងយល់កាន់តែច្បាស់ អំពីទិសដៅ និងវត្ថុបំណងរបស់គម្រោងលេខ៩៨ ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងសមត្ថភាពកម្លាំង ឆ្លើយតប ក៏ដូចជាបុគ្គលិកជំនាញបច្ចេកទេសពាក់ព័ន្ធ នៃបណ្តាប្រទេសជាដៃគូនៃគម្រោង និយាយជារួម និងនិយាយដោយឡែក ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិនៃកម្ពុជា ដោយផ្អែកតាមតម្រូវការជាក់ស្តែង ដែលនឹងធ្វើឡើងនាពេលខាងមុខ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ដោយផ្តោតលើ (ក)ការគ្រប់គ្រងកន្លែងកើតហេតុ (ខ)ការថែទាំវេជ្ជសាស្ត្របឋមមុនពេលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ (គ)ការថែទាំវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ និង(ឃ)ការសង្គ្រោះបន្ទាន់នៅតាមច្រកព្រំដែន ជាពិសេសពង្រឹងសមត្ថភាពបច្ចេកទេសថ្នាក់ជាតិនៃកម្ពុជា ផ្នែករោគរាតត្បាតសាស្ត្រ ដើម្បីអង្កេតស្រាវជ្រាវសារធាតុគីមី ជំងឺឆ្លង វិទ្យុសកម្ម នុយក្លេអ៊ែរ និងហេតុការណ៍បរិស្ថានផ្សេងៗ ដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាពជាផ្លែផ្កា។

         បន្ថែមពីលើនេះ ឯកឧត្តម លើកទឹកចិត្តឲ្យអង្គភាព ក៏ដូចជាអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តការសហការគ្នា ជាពិសេសជាមួយអាជ្ញាធរជាតិអាវុធគីមី ដែលជាស្ថាប័នថ្នាក់ជាតិតែមួយគត់ ដែលជាអ្នកសម្របសម្រួលជាមួយគម្រោងលេខ៩៨នេះ ឲ្យបានជិតស្និទ្ធ ដើម្បីត្រងត្រាប់ចាប់យកចំណេះដឹង ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ពី គ្នាទៅវិញទៅមក និងឧត្តមានុវត្តពីវគ្គបណ្តុះបណ្តាល ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខនេះ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា តាមការរំពឹងទុក ព្រោះថាភារកិច្ចរក្សាសន្តិសុខCBRNនេះ មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយនោះទេ សូម្បីតែ អ.ជ.អ.គ ដែលជាស្ថាប័នស្នូលតែមួយរបស់ជាតិ សម្រាប់តភ្ជាប់រាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នអន្តរជាតិ ដែលពាក់ព័ន្ធក៏ដោយ ក៏មិនអាចសម្រេចកិច្ចការនេះបានជោគជ័យតែឯកឯងដែរ បើគ្មានការចូលរួមពីស្ថាប័នជាប់ពាក់ព័ន្ធទាំងអស់ទេនោះ។

         គួរបញ្ជាក់ថា៖ គម្រោងលេខ៩៨នេះ បានរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព ដែលមានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ក្រសួងការពាជាតិ ជាអ្នកសម្របសម្រួលថ្នាក់ជាតិ។ យោងតាមបរិបទ នៃគម្រោងលេខ៩៨ បានឲ្យដឹងថា៖ នៅពេលឧប្បត្តិវៈហេតុគីមី  ជីវសាស្ត្រ វិទ្យុសកម្ម ឬនុយក្លេអ៊ែរហៅកាត់ថា CBRN ℂ𝔹ℝℕ កើតឡើង ទោះបីជាដោយធម្មជាតិ ដោយចៃដន្យ ឬដោយចេតនាក្តី ក្រុមភាគីពាក់ព័ន្ធ ដែលមានសមាសភាពចម្រុះ ដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការឆ្លើយតបដោយរហ័ស ចំពោះឧប្បត្តិហេតុនោះ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ