ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាត លោកឧត្តមសេនីយ៍ត្រី ស៊ុមវ៉ាន់ ថាំម៉ាសៃ អនុប្រធានគណៈកម្មាធិការការពារជាតិ-ការពារសន្តិសុខសភាជាតិឡាវ ចូលជួបសម្តែងការគួរសម កាលពីថ្ងៃសុក្រទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ។
ឯកឧត្តម ភួង ស៊ីផាន តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ ឧ.ត្រី ស៊ុមវ៉ាន់ ថាំម៉ាសៃ អនុប្រធានគណៈកម្មាធិការការពារជាតិ-ការពារសន្តិសុខសភាជាតិឡាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ កិច្ចសន្ទនា ឯកឧត្តម ភួង ស៊ីផាន បានលើកឡើង អំពីទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងឡាវ ដែលធ្លាប់បានប្រកៀកស្មាគ្នា ប្រយុទ្ធតស៊ូរជាមួយគ្នានាសម័យអាណានិគមនិយមបារាំង។ ឯកឧត្តម បានជម្រាបជូនប្រតិភូ ពីតំបន់ទេសចរណ៌សំខាន់ៗនៅកម្ពុជាដូចជា៖ ខេត្ត សៀមរាប, កំពត, កែប, ក្រុងព្រះសីហនុ, ដែលតំបន់ទាំងនោះ មានម្ហូបអាហារ ផ្លែឈើ និងតំបន់ប្រវត្តិសាស្ត្រ នៃវិមានឈ្នះ ឈ្នះ។ ឯកឧត្តម ភួង ស៊ីផាន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា និងឡាវ ដែលមានទំនាក់ទំនង ចំណងមិត្តភាពសាមគ្គីភាព កាន់តែរឹងមាំ និងយូរអង្វែង។
មានមតិឆ្លើយតបវិញន លោកឧត្តមសេនីយ៍ត្រី ស៊ុមវ៉ាន ថាំម៉ាសៃ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន នាពេលនេះ។ ឯកឧត្តម ក៏បានលើកឡើងអំពីទស្សនកិច្ចនៅកម្ពុជា ប្រតិភូបានទៅទស្សនកិច្ចនៅព្រះបរមរាជវាំង តំបន់ផ្សេងៗ នៅរាជធានីភ្នំពេញ និងបានលើកសសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័ស។ ចុងបញ្ចប់ជំនួប បានធ្វើការជូនការដូរ និងថតរូបអនុស្សាវរីយ៍ ផងដែរ ៕




















