មជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលជំនាញឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១, វគ្គបំប៉នយោធាចារ្យ ជំនាញភូមិសាស្ត្រ ជំនាន់ទី៤ និងបើកវគ្គបណ្តុះបណ្តាលជំនាញវាស់វែង គូរផែនទី និងនាំផ្លូវដោយប្រព័ន្ធផ្កាយរណប ជំនាន់ទី៣, វគ្គបណ្តុះបណ្តាលឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២២ និងវគ្គបំប៉នយោធារ្យផ្ទៃក្នុង ជំនាន់ទី៥ ដល់នាយទាហានទូទាំងកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្នុងរបាយការណ៍របស់ ឧត្តមសេនីយ៍ទោបណ្ឌិត ទេពចំរើន សាមឺឌី នាយក នាយកដ្ឋានភូមិសាស្ត្រ បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៩ -ដល់ឆ្នាំ២០១៨ នាយកដ្ឋានបើកវគ្គបំប៉នរៀងរាល់ឆ្នាំរយៈពេល០៤ខែ បាន ចំនួន២០វគ្គ ដល់នាយទាហានមកពីបណ្តាកងឯកភាពជួរមុខប្រមាណ២.០០០នាក់។ បានប្រែក្លាយពីការបើកវគ្គបំប៉នទៅជាវគ្គបណ្តុះបណ្តាលបឋមជំនាញឋានលេខា និងសេនាធិការ ផែនទីរយៈពេល ០៩ខែ បានចំនួន០៣វគ្គ សិក្ខាកាមចូលរួម ២៥៨នាក់។ ហើយចាប់ពី ឆ្នាំ២០២២ ដល់២០២៤ បានប្រែក្លាយពីវគ្គបណ្តុះបណ្តាលបឋម ទៅជាវគ្គមធ្យមជំនាញឋានលេខា និងសេនាធិការផែនទីរយៈពេល ០២ឆ្នាំ បានចំនួន០១វត្ត សិក្ខាកាមចូលរួម ១១៣នាក់។ ពីឆ្នាំ២០២៤ ដល់បច្ចុប្បន្ន បានប្រែក្លាយពីវគ្គមធ្យមជំនាញឋានលេខា និងសេនាធិការផែនទី ជាវគ្គបណ្តុះបណ្តាលវាស់វែង គូរផែនទី និងនាំផ្លូវដោយប្រព័ន្ធផ្កាយរណប ជំនាន់ទី២ មានរយៈពេល ២ឆ្នាំ បានបញ្ចប់ឆ្នាំទី១ នឹងបន្តឆ្នាំទី២ សិក្ខាកាមចូលរួម ៩៤នាក់។ បានចាត់បញ្ជូនក្រុមគ្រូចល័តចុះបង្រៀនដល់បណ្តាកងឯកភាពជួរមុខ ឱ្យនាយទាហានជាន់ខ្ពស់ មធ្យម និងបឋមបានចំនួន ២.៣២៨នាក់ផងដែរ ដើម្បីពង្រឹងសមត្ថភាពជំនាញសេនាធិការផែនទី និងការប្រើប្រាស់ឧបករណ៍ទំនើបឋានលេខា GPS ដែលនិយមប្រើនាពេលបច្ចុប្បន្ន និងទៅអនាគត។ ដោយឡែកវគ្គបណ្តុះបណ្តាលឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ មានសិក្ខាកាម ចំនួន ៨០នាក់ និងវគ្គបំប៉នយោធាចារ្យផ្ទៃក្នុង ជំនាន់ទី៤ចំនួន ២៥នាក់ សរុបចំនួន ១០៥នាក់បាន បញ្ចប់ការសិក្សាដោយជោគជ័យ ។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ ទទួលនិទ្ទេសល្អប្រសើរ មានសិក្ខាកាម ចំនួន ០៥នាក់, ល្អណាស់ ៣៥នាក់, ល្អ ២០នាក់ និងវគ្គបំប៉នយោធាចារ្យផ្ទៃក្នុង ជំនាន់ទី៤ ទទួលនិទ្ទេសល្អប្រសើរ មានចំនួន ៣នាក់, ល្អណាស់ ៦នាក់ និងល្អ ចំនួន ១៦នាក់។
នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងវគ្គបំប៉ន ជំនាញផែនទីភូមិសាស្ត្រ ឆ្នាំ២០២៥ នៅពេលនេះ គឺ ជាការចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់កងយោធពលខេមរភូមិន្ទ អនុវត្តតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើមរបស់យើងសំដៅពង្រីក និងពង្រឹង កងយោធពលខេមរភូមិន្ទមួយ ដើម្បីឈានទៅរកការអភិវឌ្ឍធនធានមានគុណភាពខ្ពស់ សមត្ថភាពគ្រប់ គ្រាន់សក្តិសមជាកងទ័ពអាជីពពិតប្រាកដបម្រើបានល្អភារកិច្ចការពារមាតុភូមិ និងការអភិវឌ្ឍប្រទេស ជាតិក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។ ដោយរយៈពេលកន្លងទៅថ្មីៗនេះ មានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្នុងតំបន់ ក៏ដូចជាពិភព លោកលើវិស័យកងទ័ពក្នុងការធ្វើទំនើបកម្ម ដើម្បីឈានដល់សម័យឧស្សាហកម្ម៤.០ ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងបំផុត សំដៅធ្វើឲ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជា ប្រទេសមានចំណូលខ្ពស់។
តាងនាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បានសំដែងនូវក្តីរីករាយចំពោះនាយទាហាន នាយទាហានរង ពលទាហាន ក្នុងនាយកដ្ឋានភូមិសាស្ត្រ ដែលបានពុះពារខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច សំដៅពង្រីកវិស័យ ឯកទេសវិទ្យាសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តយ៉ាងត្រឹមត្រូវតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់នាយកដ្ឋាន ដើម្បីរៀបចំបិទ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នជំនាញភូមិសាស្ត្រ សម្រាប់ឆ្នាំ២០២៥នេះ ជាពិសេសបានបណ្តុះបណ្តាលជំនាញគូរផែនទី និងនាំផ្លូវដោយប្រព័ន្ធផ្កាយរណប និងបណ្តុះបណ្តាល យោធាចារ្យផ្ទៃក្នុង ៕


















