នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ រ៉ាស្សូឡាវូលេ ស៊ីទូ (RAZAQ KOLAWOLE SHITTU) ទីប្រឹក្សាយោធានីហ្សេរីយ៉ា ដែលមាននិវេសនៈស្ថាននៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងបង្ហាញមុខ។ កិច្ចសន្ទនាបានផ្ដោតជាសំខាន់ទៅលើការចាប់ផ្ដើមបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា ក្នុងនាមជាប្រទេស ដែលកំពុងតែមានការអភិវឌ្ឍន៍ដូចគ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ រ៉ាស្សូឡាវូលេ ស៊ីទូ ទីប្រឹក្សាយោធានីហ្សេរីយ៉ា បានគូសបញ្ជាក់ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ភូង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយសុំបង្ហាញខ្លួន និងស្មើឲ្យមានការគាំទ្រ ពីក្រសួងការពារជាតិកម្ពុជា ចំពោះបេសកកម្មរបស់លោក ក្នុងការចាប់ផ្ដើមត្រួសត្រាយផ្លូវ ឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងនិហ្សេរិយា និងកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ទីប្រឹក្សាយោធានីហ្សេរីយ៉ា ដែលមាននិវេសនដ្ឋាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយឯកឧត្តមបានចាត់ទុកថាវត្តមានជាលើកដំបូងនៅកម្ពុជានេះ មានសារៈសំខាន់ណាស់ ក្នុងការចាប់ផ្ដើមឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យយោធា រវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា ដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើទំនាក់ទំនងល្អ ជាមួយនឹងបណ្ដាប្រទេសនានា ទាំងប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសនានាផ្សេងទៀត នៅក្នុងសាកលលោក ៕













