ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអនុញ្ញាតឲ្យ ឯកឧត្តម ឧបការីទី១ ផ្នែកគោលនយោបាយអន្តរជាតិ នៃក្រសួងការពារជាតិអូស្ត្រាលី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         នាថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម បើណាត ហ្វីលីប (BERNARD PHILIP)ឧបការីទី១ ផ្នែកគោលនយោបាយអន្តរជាតិ នៃក្រសួងការពារជាតិអូស្ត្រាលី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។ កិច្ចសន្ទនាបានកត់សំគាល់ពីកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ក្នុងខណ:ដែលឆ្នាំនេះ គឺជាខួបលើកទី៧៣ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

         ឯកឧត្តម ឧត្តមសេនីយឯក រ៉ាត់ ដារ៉ារ័ត្ន មានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការមួយចំនួន រវាងប្រទេសយើងទាំងពីរ យើងក៏បានពិភាក្សាគ្នាមួយជំហានរួចមកហើយ កាលពីកិច្ចប្រជុំនៅសឹង្ហបុរីនាពេលថ្មីៗនេះ។ បន្ថែមពីនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាងយើងទាំងពីរ ក៏បានឈានឡើងពីមួយកម្រិតទៅមួយកម្រិត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក រវាងក្រសួងការពារជាតិទាំងពីរ ការជួយលើផ្នែកបច្ចេកទេសដល់ក្រុមការងារសៀវភៅសការពារជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលដល់នាយទាហានរបស់កងយោធពលខេមរភូមិន្ទ រៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែងយើងក៏ទើបនឹងបញ្ចប់ ការធ្វើតេស្តជ្រើសរើសយោធិនមានសមត្ថភាព ទៅបំពេញការសិក្សានៅប្រទេសអូស្ត្រាលីនាពេលថ្មីៗនេះ។

         ឯកឧត្តម BERNARD PHILIP ឧបការីទី១ ផ្នែកគោលនយោបាយអន្តរជាតិ នៃក្រសួងការពារជាតិអូស្ត្រាលី ចូលរួមរំលែកទុក្ខដល់ភាគីកម្ពុជា ចំពោះការបាត់បង់ជីវិតរបស់យោធិនកម្ពុជា១រូប ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ និងបានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់នាយទាហាន២រូបរបស់កម្ពុជា នៅក្នុងកិច្ចការងារថែរក្សាសន្តិភាព នៅក្រៅប្រទេសនាពេលថ្មីៗនេះ។ ឯកឧត្តម បានបន្តថា៖ ជាការពិតណាស់ដូចដែលឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងជាមិត្តភាពប្រវត្តិសាស្ត្រជាយូរមកហើយ។ ភាគីអូស្ត្រាលីសប្បាយរីករាយក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ហើយក៏នៅតែបន្តជួយគាំទ្រលើសិក្ខាសាលា ការអភិវឌ្ឍន៍លើគោលនយោបាយការពារជាតិ និងការជួយលើផ្នែកបច្ចេកទេស ដល់ក្រុមការងារសៀវភៅសការពារជាតិកម្ពុជា។ មិនតែប៉ុណ្ណោះភាគីអូស្ត្រាលី នឹងប្តេជ្ញាបន្តជួយជ្រោមជ្រែងដល់ភាគីកម្ពុជា លើគ្រប់វិស័យតាមដែលអាចធ្វើទៅបាន ដូចជាការអភិវឌ្ឍន៍លើផ្នែកលម្អសមុទ្រ និងផ្នែកផ្សេងៗទៀត បូករួមទាំងការជួយហ្វឹកហ្វឺន និងការធ្វើសមយុទ្ធរួមគ្នាផងដែរ។ ទន្ទឹងនឹងនោះ ឯកឧត្តម BERNARD PHILIP ឧបការីទី១ ផ្នែកគោលនយោបាយអន្តរជាតិ នៃក្រសួងការពារជាតិអូស្ត្រាលី ក៏បានចូលរួមអបអរសាទរដល់កម្ពុជា សម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម បានរួចរាល់ជាស្ថាពរនាពេលថ្មីៗនេះ ហើយឯកឧត្តមមានប្រសាសន៍ថា អូស្ត្រាលីក៏មានបំណងក្នុងការធ្វើទស្សនកិច្ចនាវារបស់ខ្លួន មកកាន់មូលដ្ឋានសមុទ្ររាមនាពេលខាងមុខ ក្នុងពេលវេលាសមស្របណាមួយ។

         ពាក់ព័ន្ធទៅនឹងការចូលសំចតនាវានាពេលខាងមុខ ឯកឧត្តម រដ្ឋលេខាធិការបានជម្រាបជូនភាគីអូស្ត្រាលីថា កម្ពុជាទទួលស្វាគមន៍ រាល់សំណើរបស់បណ្តាប្រទេសជាមិត្ត ដែលមានកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ចូលមកធ្វើទស្សនកិច្ច ដោយស្របតាមលក្ខខណ្ឌបច្ចេកទេសតម្រូវ រួមទាំងការគិតគូរលើកម្រិតទ្រទ្រង់ នៃហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែរាមកម្ពុជាផងដែរ។ ឯកឧត្តម បានបន្តថា៖ សម្រាប់កិច្ចការងាររក្សាសន្តិភាពវិញ កម្ពុជាក៏សប្បាយរីករាយក្នុងការសហការជាមួយភាគីអូស្ត្រាលី នូវអ្វីដែលបានពិភាក្សាគ្នា និងស្នើសុំភាគីអូស្ត្រាលីជួយបណ្ដុះបណ្ដាលដល់កងកម្លាំងមួកខៀវកម្ពុជា មុនពេលចេញទៅបំពេញបេសកកម្ម ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្តល់វគ្គសិក្សាបណ្ឌិតសភាយោធាអូស្ត្រាលី ដល់សិក្ខាកាមកម្ពុជា អោយបានចំនួន២កន្លែងឡើងវិញផងដែរ។

         ឯកឧត្តម BERNARD PHILIP បានបញ្ជាក់ពីការព្យាយាម បង្កើនចំនួនសិក្ខាកាមកម្ពុជា សំរាប់វគ្គសិក្សាបណ្ឌិតសភាយោធាអូស្ត្រាលី ក្រោយការជួសជុលអាគារស្នាក់នៅសម្រាប់សិក្ខាកាមរួច ហើយឯកឧត្តមក៏បានបញ្ជាក់ពីគោលបំណងរបស់ភាគីអូស្ត្រាលី ក្នុងការគោរពអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅធ្វើទស្សកិច្ចផ្លូវការនៅអូស្ត្រាលី នាពេលខាងមុខផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ