អាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បើកកិច្ចប្រជុំស្វែងយល់ និងពិភាក្សាក្នុងការអនុវត្តគម្រោងលេខ៩៨ ស្តីពីការពង្រឹង ការត្រៀមលក្ខណៈ និងការឆ្លើយតបលើការងារសង្រ្គោះបន្ទាន់ ផ្នែកវេជ្ជសាស្រ្ត​ នៅតំបន់អាស៊ីអាគ្នេយ៍

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         កិច្ចប្រជុំពិភាក្សា ក្នុងការត្រៀមលក្ខណៈអនុវត្តគម្រោង លេខ៩៨ ស្ដីពីការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបន្ទាន់ផ្នែកវេជ្ជសាស្ត្រ នៅតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី០៣ ខែមិថុនានេះ ដោយគ្រោង និងបន្តបីថ្ងៃរហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ ក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព ដែលមានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ក្រសួងការពាជាតិ ជាអ្នកសម្របសម្រួលថ្នាក់ជាតិ។

         យោងតាមបរិបទនៃគម្រោងលេខ៩៨ បានឲ្យដឹងថា៖    នៅពេលឧប្បត្តិហេតុគីមី  ជីវសាស្ត្រ,  វិទ្យុសកម្ម ឬនុយក្លេអ៊ែរហៅកាត់ថា៖ ℂ𝔹ℝℕ កើតឡើងទោះជាដោយធម្មជាតិ ដោយចៃដន្យ ឬដោយចេតនាក្តី ក្រុមភាគីពាក់ព័ន្ធដែលមានសមាសភាពចម្រុះ ដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការឆ្លើយតបដោយរហ័សចំពោះឧប្បត្តិហេតុនោះ។ ភាគីពាក់ព័ន្ធនីមួយៗ ដូចជាស្ថាប័នអនុវត្តច្បាប់ បុគ្គលិកឆ្លើយតបគ្រោះអាសន្ន និងអ្នកជំនាញខាងពេទ្យ មានតួនាទី និងគោលបំណងផ្សេងៗគ្នាដែលជួនកាលមានភាពមិនស្របគ្នា ឬមានភាពផ្ទុយគ្នា។ ដូច្នេះជាការសំខាន់បំផុតដែលប្រទេសនីមួយៗ ត្រូវមានផែនការត្រៀមទប់ទល់ និងឆ្លើយតបបន្ទាន់ ផ្នែកវេជ្ជសាស្ត្រដែលពាក់ព័ន្ធនឹង   ℂ𝔹ℝℕ ទាំងយុទ្ធសាស្ត្រ និងប្រតិបត្តិការ និងមានសមត្ថភាពពាក់ព័ន្ធ ដែលមានគោលដៅចម្បង ធានាភាពរស់រាន និងកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយសារឧប្បត្តិហេតុ ℂ𝔹ℝℕនោះ។

         លោកស្រី រ៉ាហ្គែល ដាតេ ដាវីតសុន ប្រធានដឹកនាំគម្រោងលេខ៩៨ បានសាទរចំពោះភាគីពាក់ព័ន្ធរបស់កម្ពុជា ដែលបានចូលរួមសហការការអនុវត្តគម្រោងនេះ ហើយបានកត់សំគាល់ថា៖ គោលបំណងជាក់លាក់នៃគម្រោងគឺ បង្កើនការយល់ដឹងក្នុងតំបន់ និងសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធអំពីសារៈសំខាន់ នៃការត្រៀមខ្លួននិងឆ្លើយតបបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ការស្រាវជ្រាវរកឧបត្តិហេតុ និងការអនុវត្តល្អៗដែលពាក់ព័ន្ធព្រមទាំងពង្រឹង សមត្ថភាពរបស់បុគ្គលិកបច្ចេកទេសជាតិ ដែលមានតួនាទីក្នុងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រទាក់ទង នឹង  ℂ𝔹ℝℕ ដោយផ្ដោតលើការគ្រប់គ្រងកន្លែងកើតហេតុ ការថែទាំវេជ្ជសាស្ត្រមុនពេលចូលដល់មន្ទីរពេទ្យការថែទាំងផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់នៅតាមច្រកចូល និងពង្រឹងសមត្ថភាពបច្ចេកទេសជាតិ ផ្នែករោគរាតត្បាតសាស្ត្រ ដើម្បីអង្កេតស្រាវជ្រាវសារធាតុគីមី ជំងឺឆ្លង វិទ្យុសកម្មនុយក្លេអ៊ែរ និងព្រឹត្តិការណ៍បរិស្ថានដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ។

          តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លែអ៊ែរ ជិវសាស្ត្រ និងវិទ្យុសកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ  នឿន  វិទ្យា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម បានកត់សំគាល់ថាគម្រោងលេខ៩៨ មិនមែនជាការចាប់ផ្ដើម នៃការធ្វើដំណើររបស់យើងទេ ប៉ុន្តែគឺជាគម្រោងបន្តមួយទៀតសម្រាប់ប្រទេសកម្ពុជា ដែលកន្លងមកយើងបានទទួលការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង  ℂ𝔹ℝℕ ពីសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព ℂ𝔹ℝℕ សំខាន់ៗមួយចំនួនរួចមកហើយ ដូចជាគម្រោងលេខ ៦១ ; ៦២ ; ៨១ និង១០៦ ជាដើមដែលមានគោលបំណងចម្បងចែករំលែកចំណេះដឹង ចូលរួមការកាត់បន្ថយហានិភ័យ ការគំរាមកំហែង ការពង្រឹងស្ថាប័ន និងក្របខណ្ឌច្បាប់ ដើម្បីកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ឯកឧត្តម បានចាត់ទុកថា វត្តមានតំណាងក្រសួងពាក់ព័ន្ធទាំងអស់នៅទីនេះ មានសារៈសំខាន់ណាស់ដែលក្នុងនោះរួមមានក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងភ្នាក់ងារបច្ចេកទេសក្រសួងពាក់ព័ន្ធផ្សេងៗជាច្រើនទៀត គឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះគោលបំណងរួម ដើម្បីរួមគ្នា កំណត់នូវភាពចន្លោះប្រហោង  និងកំណត់អត្តសញ្ញាណអាទិភាព ឈានទៅមុខក្នុងដំណើរការ កិច្ចសហប្រតិបត្តិការអោយបានរលូន កំណត់យុទ្ធសាស្ត្រជាតិ សម្រាប់ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ  ℂ𝔹ℝℕ តាមសមត្ថភាពដែលមានស្រាប់ផង រៀនសូត្រពីបទពិសោធន៍ល្អៗពីអន្តរជាតិផង និងបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យផង។

           ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំណូមពរដល់ ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមមានវត្តមានក្នុងកិច្ចប្រជុំទាំងមូល សូមយកចិត្តទុកដាក់ឲ្យបានស៊ីជម្រៅ និងចូលរួមចែករំលែកបទពិសោធន៍ សមត្ថភាពយល់ដឹងរបស់ខ្លួនដើម្បីជួយឱ្យកិច្ចប្រជុំ ទទួលបានលទ្ធផលជោគជ័យ។ ឯកឧត្តមបានចាត់ទុកថា ការងារនេះគឺជាការងាររួម មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយដែលត្រូវទទួលខុសត្រូវតែឯកឯងនោះទេ សូម្បីតែអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លឹអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម ដែលជាស្ថាប័នស្នូលតែមួយគត់របស់ជាតិ ក្នុងការតភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយអន្តរជាតិ ដែលពាក់ព័ន្ធក៏ដោយ ក៏មិនអាចសម្រេចជោគជ័យបានឡើយបើគ្មានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានាទាំងអស់ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ