តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegerich) អគ្គនាយក និងជាប្រធានប្រតិបត្តិ នៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្រ្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri – La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិ ចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ីប៉ាស៊ីហ្វិក និងអឺរុប។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២២ មានសម័យប្រជុំពេញអង្គចំនួន ៧ លើប្រធានបទរួមមាន៖ (១) មហិច្ឆិតាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក (២) ការធានាស្ថិរភាពក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង (៣) ការគ្រប់គ្រងហានិភ័យនៃការរីកសាយភាយសព្វាវុធនៅក្នុងអាស៊ី-ប៉ាស៊ីហ្វិក (៤) បញ្ហាប្រឈមការពារជាតិលើវិស័យសាយប័រ សន្តិសុខក្រោមទឹក និងលំហរអាកាស (៥) ភាពជាដៃគូសន្តិសុខសកលរបស់ចិន (៦) អន្តរកម្មសន្តិសុខឆ្លងតំបន់ និង(៧) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ សន្តិសុខសម្រាប់ស្ថិរភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សូមបញ្ជាក់ថា : ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក-អាស៊ាន ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាមួយ មន្រ្តីការពារជាតិជាន់ខ្ពស់ នៃប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស និងបណ្តាប្រទេសជាដៃគូមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាពារជាតិ និងសន្តិសុខ ៕
































