ពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      សមយុទ្ធនាគមាស ឆ្នាំ២០២៥ របស់កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” នៅកម្ពុជា បានប្រារព្ធពិធីបិទ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីឯក វួយ វិន ហួយ (Wel Wenhul) មេបញ្ជាការរង តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

      តាមរយៈការទស្សនាការសម្តែង “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ការដឹកនាំសមយុទ្ធនៅទីបញ្ជាការ និងរបាយការណ៍របស់ក្រុមការងារដឹកនាំសមយុទ្ធ “នាគមាស-ឆ្នាំ២០២៥” បានបង្ហាញថា៖ កងទ័ពប្រទេសទាំងពីរ បានសហការគ្នាប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងមានសាមគ្គីភាពយ៉ាងល្អក្នុងភាពជាដៃគូរ សម្រាប់ឆ្លើយតបការគម្រាមកំហែងសន្តិសុខគ្រប់បែបយ៉ាង ទាំងនៅលើគោក និងនៅលើសមុទ្រ រួមចំណែកធ្វើឲ្យផលប្រយោជន៍ជាតិ និងប្រជាជនទាំងពីរ ត្រូវបានធានាការពារយ៉ាងរឹងមាំ ក៏ដូចជារួមវិភាគទានដល់ការគាំពារសន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។ សមយុទ្ធនាពេលនេះ បានរៀបចំទាំងនៅទីបញ្ជាការ និងអនុវត្តជាក់ស្តែងលើទីលាន នៅលើដីគោក និងអាកាស និងលើសមុទ្រ និងអាកាស ដោយប្រើប្រាស់យុទ្ធោបករណ៍ និងយោធបរិក្ខារដែលមានបច្ចេកវិទ្យាទំនើប ដូចជា៖ បរិក្ខារគ្មានមនុស្សបើក “Drone”, សុនខយន្ត “Robot Dog”, មនុស្សយន្តវះកាត់ “Surgical Robot,…” ដោយមានកម្លាំងកងទ័ពចូលរួមជាង ២ពាន់នាក់ សំដៅលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជំនាញពាក់ព័ន្ធ បានរៀនសូត្រដកបទពិសោធន៍ លើជំនាញប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ដែលមានន័យថា ជាការពង្រឹងសាមគ្គីភាពកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ដើម្បីត្រៀមខ្លួនរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ នៅក្នុងតំបន់ និងសកលលោក។

      លទ្ធផលដ៏ល្អប្រសើរនៃសមយុទ្ធលើកនេះ គឺផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ របស់រដ្ឋាភិបាល និងកងទ័ពទាំងពីរ កម្ពុជា-ចិន ស្របតាមការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ បានវិវត្តឈានឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក។ ជារួម សមយុទ្ធរយៈពេល១៥ថ្ងៃនេះ បានដំណើរការប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យគួរជាទីមោទនៈ។ សមយុទ្ធ “នាគមាស-២០២៥” បានរៀបចំឡើងក្នុងបរិបទដែលពិភពលោក បាននិងកំពុងបន្តប្រឈម នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ទោះប្រឈមនឹងសភាពការណ៍បែបនេះក៏ដោយ កងទ័ពប្រទេសទាំងពីរជំនះគ្រប់ឧបសគ្គ គ្រប់ការលំបាក រួមចិត្តតែមួយ កៀកស្មាគ្នាធ្វើការជាមួយគ្នា រហូតសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។ មួយវិញទៀត តាមរយៈសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនលើកនេះ បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ សម្រាប់នាយទាហានបន្ត វេនសិក្សារៀនសូត្រនាពេលអនាគត។

      ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវមោទនភាពបំផុត ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទី៧ នៃលំហាត់សមយុទ្ធ “នាគមាស-២០២៥” នាពេលនេះ ធ្វើឱ្យកងទ័ពប្រទេសទាំងពីរទទួលបានឱកាសថ្មីមួយទៀត ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ និងសកលលោក។ សមយុទ្ធឆ្នាំ២០២៥នេះ សំដៅចូលរួមពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម្រាប់ពេលអនាគត កងយោធពលខេមរភូមិន្ទប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត ដោយអនុវត្តតាមការឯកភាពរបស់រដ្ឋាភិបាលទាំងពីរ ប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការកិច្ចសហប្រតិបត្តិការ រក្សាការផ្លាស់ប្តូរគ្រប់កម្រិត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែក អប់រំ ហ្វឹកហ្វឺន ការធ្វើលំហាត់សមយុទ្ធរួមគ្នា សេវាវេជ្ជសាស្ត្រ និងភស្តុភារ គ្រឿងបរិក្ខារ បច្ចេកវិទ្យា និងវិស័យផ្សេងៗ ព្រមទាំងជំរុញការសម្របសម្រួលក្នុងកិច្ចការសន្តិសុខពហុភាគី។ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកការងារហ្វឹកហ្វឺន គឺជាកត្តាគន្លឹះដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍ សមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលជាការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។

      នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តាំផ្ញើដល់គ្រប់កងឯកភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត បន្តធ្វើសមយុទ្ធរួមគ្នា ហើយប្រែក្លាយសមយុទ្ធនាគមាស ទៅជាយន្តការដ៏សំខាន់មួយ សម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់កងទ័ពទាំងពីរ និងប្រើជាបទពិសោធន៍សម្រាប់រៀបចំសមយុទ្ធជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍យោធាផ្សេងទៀតនៅកម្ពុជាផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ