សមយុទ្ធនាគមាសលើដែនសមុទ្រ របស់ព្រះរាជាណាចក្រកម្ពុជា រវាងកងទ័ពជើងទឹក-ជើងអាកាសកម្ពុជានិងកងទ័ពជើងទឹក-ជើងអាកាស នៃកងទ័ពរំដោះប្រជាជនចិន បានបិទបញ្ចប់ហើយ នៅថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីកងកម្លាំងសមយុទ្ធភាគីកងទ័ពជើងទឹក និងអាកាសប្រទេសទាំងពីរ បានធ្វើការហ្វឹកហ្វឺនរួមគ្នា ក្នុង “ប្រតិបត្តិការប្រឆាំងភារវកម្ម និងការងារសង្គ្រោះមនុស្សធម៌” អស់រយៈពេល ១២ថ្ងៃ នៅលើលំហសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា៖ សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ នៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន, ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឲ្យការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី, ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ពទាំងពីរ, ពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា ចម្រុះកិច្ចសហការ និងនិរន្តរភាព រួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ, លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្ដែង នៃកងទ័ពទាំងពីរ កម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនិងភារវកម្ម និងលើកកម្ពស់ឥទ្ធិពលឈ្មោះ នៃសមយុទ្ធនាគមាសនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ២០២៥។ ពិធីបិទសមយុទ្ធនេះផងដែរ បានធ្វើឡើងនៅលើនាវាចម្បាំងពហុមុខងារ របស់ភាគីកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិនលេខ 989 ដែលបានសំចតធ្វើសមយុទ្ធ នៅលើលំហសមុទ្ររបស់កម្ពុជា ក្នុងខេត្តព្រះសីហនុ ជាមួយនឹងកងទ័ពជើងទឹក និងអាកាសនៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ សមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងសមយុទ្ធនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រួមជាមួយ ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន បានអញ្ជើញជាអធិបតីពិនិត្យសកម្មភាពប្រតិបត្តិការសមយុទ្ធ លើលំហរសមុទ្រ និងអាកាសរបស់កងទ័ពជើងទឹកទាំងពីរ និងបិទសមយុទ្ធនេះជាផ្លូវការ។ សូមបញ្ជាក់ថា៖ កងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថា “សមយុទ្ធកងទ័ពជើងទឹក នាគមាស ២០២៥” លើប្រធានបទ “ប្រតិបត្តិការប្រឆាំងភារវកម្ម និងការងារសង្គ្រោះមនុស្សធម៌” ដែលនេះ គឺជាលើកទីពីរហើយ ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រក្សាបានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបង្កើនទំនុកចិត្តជាមួយគ្នាទៅវិញទៅមកកាន់តែរឹងមាំ។ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សកម្មភាពហ្វឹកហ្វឺនលំហាត់សមយុទ្ធរួមគ្នា កងទ័ពជើងទឹក “នាគមាស ២០២៥ កម្ពុជា-ចិន លើកទី២នេះដែរ គឺផ្ដោតសំខាន់ទៅលើការហ្វឹកហាត់ បង្ក្រាបបទល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និងការងារសង្គ្រោះ មនុស្សធម៌ ដោយបានធ្វើសកម្មភាពហ្វឹកហាត់កងប្រតិបត្តិរុករក និងសង្គ្រោះ ៧០៨ សកម្មភាពបង្ក្រាបភារវកម្ម និងរំដោះចំណាប់ខ្មាំងជាដើម។ កងទ័ពជើងទឹកកម្ពុជា-ចិន បាននឹងកំពុងធ្វើប្រតិបត្តិការសកម្មភាពរួមគ្នា ចាប់តាំងតែពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លើប្រធានបទ “ប្រតិបត្តិការប្រឆាំងភារវកម្មរួមគ្នា និងការងារសង្គ្រោះ មនុស្សធម៌” នៅលើដែនទឹកអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ចន្លោះកោះរ៉ុង និងកោះតាង នៃខេត្តព្រះសីហនុ ដោយកងទ័ពជើងទឹកកម្ពុជា-ចិន ចូលរួមប្រមាណជាជាង ៨០០នាក់ ក្នុងនោះកងទ័ពជើងទឹកកម្ពុជាប្រើប្រាស់នាវាចម្បាំង នាវាល្បាតលំហរសមុទ្រ ខ្នាតតូច និងខ្នាតមធ្យម ចំនួន១២គ្រឿង ឧទ្ធម្ភាគចក្រ ចំនួន៤គ្រឿង រួមនឹងសម្ភារៈយុទ្ធោបករណ៍កងទ័ពជើងទឹក និងសព្វាវុធធុនធ្ងន់ និងធនស្រាល ជាច្រើនទៀត។ ខណៈដែលភាគីកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់នាវាចម្បាំង នាវាពហុកមុខងារខ្នាតធំ និងខ្នាតមធ្យម ចំនួន៣គ្រឿង ឧទ្ធម្ភាគចក្រ២គ្រឿង រួមទាំងសម្ភារៈឧបករណ៍ស៊ើបការណ៍ និងអាវុធធុនធ្ងន់ ធនស្រាល ជាច្រើនទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងក្នុងពិធីបិទនោះថា៖ សមយុទ្ធលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា-និងកងទ័ពជើងទឹក នៃកងទ័ពព្រំដោះប្រជាជនចិន និងត្រួសត្រាយផ្លូវ ធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនទំនុកចិត្ត ការបង្កើនសមត្ថភាព លើប្រតិបត្តិការ នៃការប្រើប្រាស់កម្លាំងគ្រប់មធ្យោបាយរបស់កងទ័ពជើងទឹក ដើម្បីទប់ទល់និងសភាពការណ៍ បញ្ហាប្រឈមនានា ដែលបង្កឡើងដោយក្រុមភារវករ។ មួយវិញទៀត សមយុទ្ធនេះនឹងរួមចំណែកការពារសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ លើលំហរសមុទ្រ និងក្នុងតំបន់ជាដើម ហើយតាមរយៈសមយុទ្ធនេះ គឺមិនមានបំណងគំរាមកំហែងដល់ប្រទេសជិតខាងណាមួយឡើយ ៕

















































