ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឧត្តមនាវីឯក វៃ វិនហ៊ួយ (WEI WENHUI) មេបញ្ជាការរងតំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឧត្តមនាវីឯក មេបញ្ជាការរងតំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងសហការី ដែលបានមកបំពេញទស្សនកិច្ចការងា នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ បានកត់សម្គាល់ថា៖ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាពិសេសនៅលើវិស័យកងទ័ព ដែលប្រទេសយើងទាំងពីរ បានធ្វើកិច្ចការងារជាច្រើនជាមួយគ្នា ពិសេសគឺកិច្ចការពាក់ព័ន្ធនឹងសមយុទ្ធរួមគ្នា ក៏មានច្រើនណាស់ដែរ ដូចជា៖ សមយុទ្ធទេវតាសន្តិភាព, សមយុទ្ធមាតុភូមិដ៏បវរ និងសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន ហើយឆ្នាំនេះយើងបន្តក្នុងការធ្វើសមយុទ្ធដ៏មានសារៈសំខាន់មួយគឺសមយុទ្ធនាគមាស ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងទៀតថា៖ រដ្ឋាភិបាលចិនតែងបានជួយឧបត្ថម្ភគាំទ្រមកដល់ប្រទេសកម្ពុជា ដូចជា៖ នៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ជាពិសេសវិស័យយោធា កងទ័ពជើងគោក និងជើងទឹក ហើយថែមទាំងជើងអាកាសទៀតផង។
ឧត្តមនាវីឯក វៃ វិនហ៊ួយ (WEI WENHUI) មេបញ្ជាការរងតំបន់យុទ្ធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ការរៀបចំធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២៥ ហើយក្រុមការងារយុទ្ធនាគមាស នៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងជិតស្និទ្ធ, សមយុទ្ធនាគមាសឆ្នាំនេះ ប្រព្រឹត្តបានយ៉ាងល្អប្រសើរ ហើយពិតជាទទួលបានជោគជ័យ។ ឧត្តមនាវីឯក បានមានប្រសាសន៍ថា៖ ទំនាក់ទំនងរវាងចិន និងកម្ពុជា មានរយៈពេលយូរអង្វែងមកហើយ ជាពិសេស ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។ ចិន និងកម្ពុជា បានចុះហត្ថលេខាបង្កើតសេដ្ឋកិច្ចរួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់ផ្លូវការក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ជាសកល សន្តិសុខសកល និងអរិយធម៌ជាសកល ហើយចាត់ទុកថាទំនាក់ទំនងចិន និងកម្ពុជាបានឈានដល់ដំណាក់កាលថ្មី។
ឧត្តមនាវីឯក វៃ វិនហ៊ួយ (WEI WENHUI) ក៏បានបញ្ជាក់ថា៖ សមយុទ្ធនាគមាសឆ្នាំ២០២៥ គឺជាសមយុទ្ធធំទូលាយមួយ របស់កងទ័ពចិន និងកម្ពុជា ក្រោយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping)បានបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ហើយជាវិធានការជាក់ស្ដែងមួយសម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍រួមរវាងចិន និងកម្ពុជា ស្ដីអំពីធ្វើយ៉ាងណាឲ្យស៊ីជម្រៅនូវលំហាត់សមយុទ្ធរួមនៃកងទ័ពទាំងពីរ។ ឧត្តមនាវីឯក ក៏បានលើកឡើងថា៖ ក្រោយកងទ័ពចិនមកដល់កម្ពុជា បានទទួលបានការយកចិត្តទុកដាក់ និងការថែទាំពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ។ កងទ័ពចិន និងកម្ពុជា បានហ្វឹកហាត់រួមគ្នា បានបន្តពង្រឹងចំណងមិត្តភាពដែកថែប រវាង ប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ កម្លាំងកងទ័ពភាគីយើងបានចាត់ចំណាត់ថ្នាក់ថា កម្លាំងកងទ័ពភាគីកម្ពុជាមានឯកទេសជំនាញល្អឥតខ្ចោះ ហើយមានស្មារតីខិតខំតស៊ូមោះមុតយ៉ាងសកម្ម ហើយមើលឃើញថាកងយោធពលខេមរភូមិន្ទជាកងទ័ពខ្លាំងខ្លាំងមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សមយុទ្ធនាគមាស ឆ្នាំ២០២៥ ពិតជាទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព និងភាពរលូន តាមរយៈការខិតខំប្រឹងប្រែង រវាងប្រទេសទាំងពីរ ៕















