នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូដឹកនាំដោយ លោកវរសេនីយ៍ទោ ខាំផាន់ ហ៊ុងស៊ីមឿង អនុប្រធានការិយាល័យនយោបាយ ខុទ្ទកាល័យក្រសួងការពារប្រទេសឡាវ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកវរសេនីយ៍ទោ ខាំផាន់ ហ៊ុងស៊ីមឿង ព្រមទាំងសហការី ដែលបានមកបំពេញទស្សនះកិច្ចនៅកម្ពុជានាថ្ងៃនេះ។ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម បានសម្ដែងការស្វាគមន៍ និងបានបញ្ជាក់ថា៖ ប្រទេសយើងទាំងពីរកម្ពុជា ឡាវ មានប្រពៃណីសាមគ្គីគ្នា ទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយារណាស់មកហើយ ជាបងជាប្អូន និងជាអ្នកជិតខាងល្អ មានភាពស្និតស្នាលគ្នា និងជួយគ្នាទៅវិញទៅមកពីពេលមុនៗរហូតដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តម បញ្ជាក់ថា៖ រវាងប្រជាជនរវាងកងទ័ពប្រទេសយើងទាំងពីរ នារយៈពេលប៉ុន្នានឆ្នាំកន្លងមកនេះទំនាក់ទំនងជាមិត្តភាព និងជាប្រពៃណីយ៉ាងជិតស្និតតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងការពារជាតិ នៃប្រទេសយើងទាំងពីរ ដែលតែងតែមានទំនាក់ទំនងល្អព្រមទាំងផ្លាស់ប្តូរទស្សនៈកិច្ចទៅមកជារៀងរាល់ឆ្នាំ។ ឯកឧត្តមបន្តទៀតថា៖ កម្ពុជាចាត់ទុកប្រទេសឡាវជាបងប្អូនយ៉ាងជិតស្និតជាមួយកម្ពុជា យើងចាត់ទុកកងទ័ពយើងទាំងពីរ គឺជាមិត្តជិតស្និតជាមួយគ្នារាប់អានគ្នាដ៏ស្មោះស្ម័គ្រចិត្ត តាំងពីសម័យសង្រ្គាមរំដោះជាតិ ក៏ដូចជាសម័យបច្ចុប្បន្ននេះ ក្រោមការដឹកនាំរដ្ឋាភិបាលដែរមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានដាក់កម្មវិធីនយោបាយ យុទ្ធសាស្រ្ដបញ្ចាកោណដំណាក់កាលទី១ ដើម្បីពង្រឹងការពារសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម បានយ៉ាងល្អ ហ្នឹងជំរុញការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ។ ដោយឡែកប្រទេសកម្ពុជាយើងពេលនេះមានការអភិវឌ្ឍន៍ខ្លួនមានភាពជឿនលឿន ដើម្បីឲ្យទាន់សម័យកាលនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ឯកឧត្តម សង្ឃឹមយ៉ាងមុតម៊ាំថាកម្ពុជា-ឡាវមានភាពជិតស្និតគ្នាទៅវិញទៅមក ឲ្យមានការទំនាក់ទំនងគ្នាល្អជំរុញថែមទៀត ឲ្យមានការផ្លាស់ប្ដូរទៅទស្សនៈកិច្ចផ្លូវការ ដើម្បីរៀនសូត្រ ហើយសង្ឃឹមថាហ្នឹងជំរុញនាយទាហានយើងធ្វើទស្សនៈកិច្ចទៅវិញទៅមក ឲ្យបានច្រើន ម៉្យាងពង្រឹងការសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរមានភាពជិតស្និតគ្នាផងដែរ។
លោកវរសេនីយ៍ទោ ខាំផាន់ ហ៊ុងស៊ីមឿង អនុប្រធានការិយាល័យនយោបាយ ខុទ្ទកាល័យក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ថា៖ តាមរយៈការចូលជួបសម្តែងការគួរសមនៅទីស្ដីការក្រសួងការពារជាតិនាពេលនេះ នឹងនាំមកនូវការទំនាក់ទំនងល្អ រវាងក្រសួងការពារជាតិប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតម៊ាំថា៖ នឹងពាំនាំបទពិសោធ ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ដើម្បីធ្វើការអនុវត្តឲ្យកងទ័ពប្រជាជនឡាវ មានកាអភិវឌ្ឍន៍ដូចកម្ពុជាដែរ។ លោកវរសេនីយ៍ទោបានបន្តទៀតថា៖ នេះជាលើកទី១ហើយបានមកទស្សនៈនៅប្រទេសកម្ពុជា និងបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ដកម្ពុជា។ លោកបានសម្តែងក្តីសង្ឃឹមថា ថ្នាក់នាំរបស់ប្រទេសកម្ពុជានឹងធ្វើដំណើរទស្សនៈកិច្ចប្រទេសឡាវ នាឆ្នាំក្រោយៗផងដែរ ៕























