ក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួល កិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយុទ្ធពលខេមរៈភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងការពារជាតិ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល បានគូសបញ្ជាក់ថា៖ កងយោធពលខេមរភូមិន្ទ បានពង្រីកការចងសម្ព័ន្ធមេត្រីភាព ជាមួយស្ថាប័ននិងអង្គភាពស៊ីវិលជាប្រចាំ មិនថាកាលទេសណាក៏ដោយ ដើម្បីបង្ហាញពីការភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នារ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលនេះជាគំនិតផ្ដួចផ្ដើមរបស់ប្រមុខស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងត្រូវបានថែរក្សាបន្តរហូតមក ដើម្បីពង្រឹងខឿនការពារជាតិ។
ការចងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នកងទ័ព និងស្ថាប័នស៊ីវិល គឺជាការងារយុទ្ធសាស្ត្រ របស់កងយោធពលខេមរភូមិន្ទ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងពង្រឹងសាមគ្គីភាពប្រជាជាតិទាំងមូល។ សិក្ខាសាលាការងារនេះ ត្រូវបានរៀបចំចំនួន៥លើក រួចមកហើយនៅតាមយោធភូមិភាគនីមួយៗ ដែលគោលបំណងសំខាន់គឺដើម្បីបន្តលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព និងជំរុញឲ្យបន្តប្រពៃណីសិល្បៈ នៃការចែករំលែកជួយគ្នាទៅវិញទៅមក ឱ្យបានយ៉ាងសកម្មថែមទៀត និងដើម្បីពង្រឹងពង្រីក សមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព តម្រង់ទិស និងបង្វែរទិសមួយផ្នែក នៃជំនួយសម្ព័ន្ធមេត្រីភាពទៅបម្រើឲ្យទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះសិក្ខាសាលាដកពិសោធន៍លើការងារចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ទិសសមរភូមិយោធភូមិភាគទី១ និងត្រូវរៀបចំឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវនាយឧត្ដមសេនីយ៍ ដាំ ដារីនី បានកំណត់ភារកិច្ចចំពោះក្រុមការងារទាំង៥ក្រុម សម្រាប់ការរៀបចំសិក្ខាសាលា និងបានតាមដានស្ដាប់ និងដោះស្រាយមតិយោបល់នានា របស់សមាជិកសមាជិកា នៃអង្គប្រជុំ ដើម្បីសម្រេចមតិរួម ឆ្ពោះទៅរកការដំណើរការអង្គសិក្ខាសាលាដកពិសោធន៍ការងារ ចងសម្ព័ន្ធមេត្រីភាពរវាងកងយុទ្ធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលនាពេលខាងមុខ ឲ្យទទួលបានជោគជ័យ ៕



































