អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ក្នុងឱកាសចូលជួបសម្ដែងការគួរសម ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន  រដ្ឋលេខាធិការ ក្រសួងការពារជាតិ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម អូបេដ សាអ៊ីត អូបេត ប៊ីនតារេស អាល់ដាហ៊ីរី (Obaid Saeed Obaid Bintaresh Aldhaheri) ឯកអគ្គរាជទូត នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានបញ្ជាក់អះអាងថា៖ អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងឱកាសនៃជំនួប ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ពីគោលបំណងនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង ននិងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត។

     ជាការឆ្លើយតប ក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលចួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តមបានរំលឹកឡើងថា៖ កន្លងមកនេះ ទំនាក់ទំនងរវាងអេមីរ៉ាតអារ៉ាប់រួម និងកម្ពុជា ត្រូវបានពង្រឹងដោយផ្តោតលើ៖

      • ទំនាក់ទំនងការទូត៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលទំនាក់ទំនងការទូតនេះ បាននាំឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

      • កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ អេមីរ៉ាតអារ៉ាប់រួម បានលើកទឹកចិត្តដល់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស័យទេសចរណ៍របស់កម្ពុជា ក្នុងគោលបំណងជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា។

      • កំណើនពាណិជ្ជកម្ម៖ ពាណិជ្ជកម្មមានការកើនឡើង ដោយអេមីរ៉ាតអារ៉ាប់រួម នាំចេញគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិច ខណៈពេលដែលការនាំចូលវាយនភ័ណ្ឌ និងផលិតផលកសិកម្មពីកម្ពុជា។

      • គំនិតផ្តួចផ្តើមវប្បធម៌៖ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើនការផ្លាស់ប្តូរ និងការយល់ដឹងអំពីវប្បធម៌ រួមមាន កម្មវិធីអប់រំ និងគំនិតផ្តួចផ្តើមទេសចរណ៍។

      ទោះបីកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅមិនទាន់មាននៅឡើយ ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ អាចមើលឃើញថា កិច្ចសហប្រតិបត្តិការយោធា នឹងកើតមាននាពេលអនាគត។ ការវិនិយោគផ្នែកយោធារបស់អេមីរ៉ាតអារ៉ាប់រួម និងការចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយក្នុងតំបន់ បានឆ្លុះបញ្ចាំងពីគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការធានាស្ថិរភាព និងការប្រឆាំងរាល់ការគំរាមកំហែង។ ទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញភាពជាដៃគូអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នៅពេលដែលទិដ្ឋភាពភូមិសាស្ត្រនយោបាយមានការវិវឌ្ឍ អេមីរ៉ាតអារ៉ាប់រួមទំនងជានឹងបន្តដើរតួនាទីយ៉ាងសំខាន់ ទាំងសន្តិសុខក្នុងតំបន់ និងការទូតអន្តរជាតិ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក រដ្ឋលេខាធិការក្រសួងការពារជាតិបានស្នើភាគីអេមីរ៉ាតអារ៉ាប់រួម បង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមករវាងប្រទេសទាំងពីរ។ ស្នើភាគីអេមីរ៉ាតអារ៉ាប់រួម បង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការផ្តល់ជូននូវវគ្គបណ្តុះបណ្តាល វែង-ខ្លី ដល់កងយោធពលខេមរភូមិន្ទ។ ប្រទេសទាំងពីរទទួលស្គាល់ពីរសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ ក្នុងការទប់ទល់នឹងរាល់ការគំរាមកំហែងផ្នែកសន្តិសុខ និងការលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ពិនិត្យបង្កើតយន្តការក្នុងកម្រិតកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកចំនុចចាប់ផ្តើមដំបូង នៃសកម្មភាពទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ