កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុ នៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៥ នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។

       កិច្ចប្រជុំនេះ ភាគីឡាវដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន ឡាវ-កម្ពុជា និងសមាជិក និងភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ រួមនិងសមាជិកមកពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

       ភាគីទាំងពីរបានឯកភាពរួមគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខ តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរឱ្យ ក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរ ដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធ នៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា៖ អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា ដែលផ្ទុយពីច្បាប់រដ្ឋបាល នៃប្រទេសទាំងពីរ។ល។ ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានជំរុញ បន្តឱ្យកងកម្លាំងការពារព្រំដែនរបស់ប្រទេសទាំង២ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នា ជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខ តាមបណ្តោយព្រំដែនដោយសន្តិវិធី ត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ពួកអមិត្ត ដែលញុះញុងឱ្យមានអំពើហិង្សា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ ឡាវ-កម្ពុជា កម្ពុជា-ឡាវ។

       ភាគីទាំងពីរបានឯកភាពគ្នា ឱ្យមានការរៀបចំកិច្ចប្រជុំរួមគ្នាមួយឆ្នាំម្តងជាប្រក្រតី រវាងកងកម្លាំងកងពលថ្មើរជើងទី៥ កងទ័ពប្រជាជនឡាវ ជាមួយកងពលតូចលេខ៩ នៃកងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ) ជាមួយតំបន់ប្រតិបត្តិការសឹករងព្រះវិហារ(កម្ពុជា)។ បញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ) ជាមួយតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង(កម្ពុជា)។ បញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពី(ឡាវ) ជាមួយតំបន់ប្រតិបត្តិការសឹករងរតនគីរី(កម្ពុជា)។ ក្នុងករណីមានហេតុការណ៍កើតឡើងនៅកន្លែងណា ត្រូវដោះស្រាយបញ្ហានៅកន្លែងនោះ។ បន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសទាំង២។ បន្តគាំទ្រឱ្យគណៈកម្មាធិការព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន។ បន្តឱ្យមានការរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ តាមផែនការដែលបានឯកភាពរួមគ្នាកន្លងមក ដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះ មួយឆ្នាំម្តង និងកំណត់សមាសភាព ចូលរួមភាគីនីមួយៗមិនលើសពី២៥រូប។

       ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយ ព្រំដែនប្រទេសទាំងពីរ រាល់បញ្ហាសន្តិសុខដែលកើតឡើង ត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី និងត្រូវគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ បន្តគាំទ្រ និងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយ និងអ្នកជិតខាងល្អ ជាពិសេសបណ្តាអង្គភាពដែលឈរជើងតាមបណ្តោយព្រំដែនត្រូវធ្វើការទាក់ទងគ្នាឱ្យបានល្អ និងជាប្រចាំ ផ្លាស់ប្តូរព័ត៌មានទាន់សភាពការណ៍ និងបង្កើតឱ្យមានកម្មវិធីសិល្បៈ កម្សាន្ត វប្បធម៌ និងកីឡាជាមួយគ្នាទៅវិញទៅមកផងដែរ។ បន្តអនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ