កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា នៅក្នុងទីអារាម វត្តកោះដូនសយ ដែលស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះមាន ៖ ព្រះវិហារ ឧបដ្ឋានសាលា ១ខ្នង សាលាធម្មសភា ២ខ្នង ខ្លោងទ្វារ ២ របងថ្ម ១២០ម៉ែត្រ ប្រាសាទតម្កល់រូបសំណាក់លោកយាយសយ ១ខ្នង ចាក់ដីបំពេញទីធ្លាវត្ត ជួសជុលផ្លូវលំចាក់ថ្មបំបែក បន្ទប់ទឹក ១០បន្ទប់ និង សមិទ្ធផលនានាជាច្រើន ទៀត ដែលចំណាយថវិកាកសាង ចំនួន ៤៣២ ០៤០ ដុល្លា ដែលបានមកពីការចូលរួមពីសប្បុរសជននានា ។
ឯកឧត្តម ម៉ឹង សំផន បានលើកឡើងថា៖ ប្រទេសជាតិយើង មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ដែលសមិទ្ធផលទាំងនេះបានមកដោយសារការខិតខំដឹកនាំរបស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានដឹកនាំ រំដោះប្រទេសកម្ពុជា អោយបានរួចចាកផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា៖ សម្តេចតេជោ ហ៊ុន សែន ជាអ្នករៀបចំកម្លាំងកងទ័ព បង្កើតរណសិរ្ស រំដោះប្រទេសេជាតិចេញពីរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះ នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ហើយបានកសាងប្រទេសជាតិ ចាប់តាំងពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍរីចម្រើន និង មានសន្តិភាព មកដល់សព្វថ្ងៃនេះ ៕






























