នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃ ខ.ភ.ម និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានអញ្ជើញជាអធិបតី ក្នុងពិធី បើកសមយុទ្ធនាគមាសឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ចិន។ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ពីថ្ងៃទី១៤ឧសភា រហូតដល់ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែង រវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម រួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានឯកភាពគ្នា កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការនិងជា ប្រធានក្រុមការងារដឹកនាំ សមយុទ្ធនាគមាស ភាគីកម្ពុជា បានឱ្យដឹងថា៖ សមយុទ្ធនេះ មានទាំងជើងគោក ជើងទឹក និងជើងអាកាស។ សមយុទ្ធនេះធ្វើឡើងនៅពីរទីតាំង រួមមាន៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។ រីឯសមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។ កងកម្លាំងចូលរួមក្នុងសមយុទ្ធនេះ មានចំនួនជាង ២ពាន់នាក់។ ក្នុងនោះកងទ័ពកម្ពុជា មានចំនួន ១,៣៣១នាក់ និងរីឯកងទ័ពរំដោះប្រជាជនចិន មានចំនួន ៨៤៥នាក់។ សម្រាប់សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានមានប្រសាសន៍ថា៖ ប្រទេសចិននិងកម្ពុជាជាប្រទេសសំខាន់ក្នុងតំបន់ ដែលរ៉ាប់រងទំនួលខុសត្រូវសំខាន់នូវការការពារសន្តិសុខ ស្ថេរភាព និងវឌ្ឍនភាព វិបុលភាពរួមនៅតំបន់និងក្រៅតំបន់។ សមយុទ្ធនាគមាសមានប្រធានបទនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងគោលបំណងនូវពង្រឹង និងបន្តរីកចម្រើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវជំនឿទុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការយោធា ដើម្បីបង្ហាញមុខមាត់ល្អប្រសើរនូវការការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់របស់កងទ័ពទាំងពីរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា៖ សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិន នៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយមានកម្លាំងចូលរួមចម្រុះគ្នា រវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។ ខ្ញុំជឿជាក់ថា សមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់ទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍ កងទ័ពនៃប្រទេសទាំងពីកម្ពុជា-ចិន។ គោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះ និងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សាសន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែង នៃកងទ័ពទាំងពីរ កម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃសមយុទ្ធនាគមាសនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេស និងកងទ័ពទាំងពីរ កម្ពុជា-ចិន ៕


























































