ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានអនុញ្ញាតឱ្យលោកជំទាវ ប្រធានគណៈកម្មការត្រួតពិនិត្យ សេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាមេរិក-ចិន និងសហការី ចូលជួប សំដែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកជំទាវ រីវ៉ា ប្រៃ (Rava Price) ប្រធានគណៈកម្មការត្រួតពិនិត្យ សេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាមេរិក-ចិន និងសហការី ចូលជួប សំដែងការគួរសមនិងពិភាក្សាការងារ។

      លោកជំទាវ Rava Price បានថ្លែងអំណរគុណ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដោយបានជួបសន្ទនាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយលោកជំទាវបានគូសបញ្ជាក់ថា៖ គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ អាមេរិក-ចិន ត្រូវបានបង្កើតឡើងដោយសភាកុងគ្រេស របស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ពីច្រើនជ្រុង ហើយការបង្កើតនេះ ក៏ឆ្លុះបញ្ចាំងអំពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។ រៀងរាល់ឆ្នាំ គណៈកម្មការតែងតែពិនិត្យមើលតំបន់ជាក់លាក់នីមួយៗ នៅលើពិភពលោក ហើយពិនិត្យថាតើត្រូវបញ្ចូលតំបន់ណាខ្លះ ទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។ សម្រាប់ឆ្នាំនេះ សហរដ្ឋអាមេរិកសម្រេចចិត្តថា នឹងធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ទៅលើតំបន់អាស៊ីអាគ្នេយ៌ ដូច្នេះគណៈកម្មការមិនអាចមិនមកទស្សនកិច្ចប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទេ។ កិច្ចសន្ទនាបានផ្ដោតសំខាន់ អំពីទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជា ទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសដទៃទៀត នៅក្នុងតំបន់ផងដែរ ដើម្បីពិនិត្យមើលថាតើ បញ្ហាភូមិសាស្ត្រនយោបាយនៅទីនេះមានស្ថានភាពដូចម្ដេចដែរ ហើយមានផលប៉ះពាល់ដូចម្ដេចខ្លះ ទៅដល់ទំនាក់ទំនងដែលធ្លាប់មានជាមួយគ្នា។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងនូវការស្វាគមន៍ និងបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះវត្តមាន គណប្រតិភូគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាមេរិក-ចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តមបានបង្ហាញនូវសុទិដ្ឋិនិយមថា៖ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលធ្លាប់តែមានការឡើងចុះ នាពេលកន្លងមក បច្ចុប្បន្ននេះ កំពុងតែមានការរីកចម្រើនឡើងវិញជាបន្តបន្ទាប់ តាមរយៈការជួបប្រាស្រ័យគ្នាជាញឹកញាប់ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ការបង្កើតឡើងវិញក្រុមការងារសម្របសម្រួល កិច្ចសហប្រតិបត្តិការ ក្នុងការរឹតបន្តឹងនូវទំនាក់ទំនងយោធារួមគ្នា ឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងបរិយាកាស នៃការខិតជិតមកដល់ខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពសហរដ្ឋអាមេរិក និងកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានបង្ហាញនូវទស្សនទានផងដែរ ជុំវិញការអនុវត្តយន្តការ ជួបគ្នាជជែកគ្នាដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ការបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីស្ថេរភាពសន្តិសុខ ក្នុងតំបន់ និងការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។

      ចំពោះចំណុចមួយ ដែលសមាជិកគណៈកម្មការស្នើឲ្យឯកឧត្តមវាយតម្លៃ រវាងសហរដ្ឋអាមេរិកនិង ចិន ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ ពិតជាពិបាកក្នុងការឆ្លើយតប។ ក្នុងវេទិកាអន្តរជាតិ យើងបានជួបហើយ ការប៉ះទង្គិចរវាងភាគីចិន និងភាគីអាមេរិក គឺមានជាបន្តបន្ទាប់មិនថាថ្នាក់ណាក៏ដោយ ប៉ុន្តែខ្ញុំសង្ឃឹមថា៖ ក្នុងមជ្ឈភាពអាស៊ាន គឺយើងបន្តព្យាយាមធ្វើយ៉ាងណា ដោះស្រាយបញ្ហានេះ ថ្វីត្បិតបញ្ហានេះ ជាបញ្ហាប្រទេស និងប្រទេសជាមួយគ្នា មិនថាពាក់ព័ន្ធនឹងវិស័យយោធា វិស័យសេដ្ឋកិច្ច យើងឃើញតាមបណ្ដាញសារព័ត៌មាន សហរដ្ឋអាមេរិក និងចិនកំពុងប៉ះទង្គិចគ្នាពាក់ព័ន្ធរឿងពន្ធផ្សេងៗ ក្នុងនោះចំពោះកម្ពុជា យើងមិនមានសំឡេងណាដែលទៅលើកឡើង និងវាយតម្លៃចំពោះសហរដ្ឋអាមេរិក និងចិននោះទេ។ ដោយឡែកនៅកម្ពុជា យើងស្វាគមន៍ជានិច្ចចំពោះជំនួយយោធា ឬជំនួយវិស័យផ្សេងៗពីសហរដ្ឋអាមេរិក ឬមួយក៏ភាគីចិន ផងដែរ។ បច្ចុប្បន្នដូចបានជ្រាបហើយ ប្រទេសចិនបានជួយកម្ពុជាច្រើនវិស័យណាស់ ក្នុងនោះវិស័យយោធា ភាគីចិនក៏មានការជួយឧបត្ថម្ភគាំទ្រផងដែរ។ ទោះបីជាវិស័យសេដ្ឋកិច្ចមិនមែនជាកិច្ចការរបស់យោធាទេ ប៉ុន្តែអ្វីដែលខ្ញុំសង្កេតបច្ចុប្បន្ន ទោះបីអាមេរិក និងចិន កំពុងមានបញ្ហាគ្នាពាក់ព័ន្ធ និងបញ្ហាសេដ្ឋកិច្ច តែវាបានជះឥទ្ធិពលមកដល់ប្រទេសក្នុងតំបន់ មិនថាកម្ពុជា ថៃ វៀតណាម ឡាវ គឺទទួលរងឥទ្ធិពលនេះទាំងអស់។ ឯកឧត្តមសង្ឃឹមមោះមុតថា៖ សហរដ្ឋអាមេរិក និងចិន នឹងរកវិធីណាមួយក្នុងការសម្របសម្រួលគ្នាបានល្អ។

       ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ តែងតែឆ្លើយក្នុងវេទិកាអន្តរជាតិ ដែលខ្ញុំបានចូលរួម មានសំណួរដែលតែងតែលើកឡើង ជំរុញឲ្យភាគីកម្ពុជា មានសំឡេងក្នុងនាមជាសមាជិកអាស៊ាន។ ខ្ញុំតែងតែឆ្លើយថា៖ កម្ពុជាកំពុងតែពង្រឹងមូលដ្ឋានទ័ពរបស់យើង ក្នុងការការពារបូរណភាពទឹកដីតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះកិច្ចការជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង យើងខ្ញុំជាសមាជិកអាស៊ានដែរ អ្វីដែលតែងតែកំពុងមើល គឺយើងកំពុងស្របទៅនឹងប្រទេសដែលកំពុងតែមានទំនាស់ យើងក៏ស្របជាមួយនឹងហ្វីលីពីន ដែលតែងតែលើកឡើងពីបញ្ហាជម្លោះជាមួយគ្នា។ វៀតណាមក៏មានបញ្ហាជាមួយភាគីចិន តែក្នុងនោះយើងកំពុងតែស្ដាប់នូវអ្វីដែលប្រធានអាស៊ាននីមួយៗលើកឡើងមកពិភាក្សា។ ក្នុងកិច្ចប្រជុំ យើងនិយាយគ្នាលើកឡើងពីច្បាប់សមុទ្រ ឬមួយក៏ coc ឥឡូវយើងគិតថា ប្រជាជនប្រទេសនីមួយៗមិនទាន់បានអនុវត្តបានពេញលេញទេ។ យើងខ្ញុំជាមួយភាគីមិត្តថៃ ក៏ដូចជាមិត្តវៀតណាម យើងក៏តែងតែមានតំបន់ត្រួតស៊ីគ្នា និងមានតំបន់ដែលមិនទាន់អាចដោះស្រាយរួមគ្នាបានដែរ។ កិច្ចការនេះ យើងបន្តសហការជាមួយគ្នា អ្វីដែលយើងមិនទាន់ដោះស្រាយយើងទុកមួយកន្លែង យើងមិនមានប៉ះពាល់ប្រទេសជាមិត្ត។ ខ្ញុំសង្ឃឹមថាអនាគត ចិន ហ្វីលីពីន វៀតណាម ឬប្រទេសដទៃទៀត នឹងមានយន្តការណាមួយ ដែលអាចគោរពគ្នាទៅវិញទៅមក។ សង្ឃឹមថាច្បាប់សមុទ្រ និង coc និងអនុវត្តរួមគ្នា។ ខ្ញុំជឿជាក់ថា៖ ចំពោះមជ្ឈភាពអាស៊ាន កំពុងតែធ្វើយ៉ាងណាឲ្យប្រទេសជាសមាជិក មានការអត់ធ្មត់ មានការចូលរួមជជែកគ្នា ដោះស្រាយបញ្ហាឲ្យបានជាបន្តបន្ទាប់។ ដោយឡែក នាពេលថ្មីៗនេះ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ហើយក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។ ចំពោះខ្ញុំដូចជាមិនមានអ្វីពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកទេ។ កិច្ចការវិនិយោគក៏ដូចជាការសហការរវាងចិន និងកម្ពុជា ការវិនិយោគរួមគ្នា មិនថាសាធារណការឬពាណិជ្ជកម្ម ឬអ្វីផ្សេងៗ គឺខ្ញុំគិតថាមិនមានអីពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកទេ។ យើងមានគម្រោងផ្សេងៗជាមួយភាគីជប៉ុន បារាំង អឺរ៉ុប ក៏តែងតែមកសហការជាមួយកម្ពុជា។ ហើយយើងទទួលការស្វាគមន៍ណាស់ ចំពោះការវិនិយោគ លើកតម្កើងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់កម្ពុជា វិស័យយោធាយើងមិនទាន់មានអីជាក់លាក់ ដែលគិតថាពាក់ព័ន្ធដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះទេ។ ខ្ញុំសង្ឃឹមថា៖ ទំនាក់ទំនងរវាងយោធានិងយោធា សហរដ្ឋអាមេរិក និងកម្ពុជា និងបង្ខិតបន្តិចម្ដងៗឲ្យបានដល់ចំណុចខ្ពស់ដូចឆ្នាំ ២០១១-២០១២។ យើងកំពុងតែព្យាយាមធ្វើយ៉ាងណាបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យកងទ័ពក៏ដូចជាវិស័យផ្សេងៗ។ ហើយចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ សុទ្ធសឹងតែជាអ្នកបញ្ចប់ការសិក្សាពីក្រៅប្រទេស ពីសហរដ្ឋអាមេរិក ពីអង់គ្លេស ពីអឺរ៉ុប ក្នុងនោះយើងប្រមូលផ្ដុំគ្នាក្នុងការរៀបចំដឹកនាំរាជរដ្ឋាភិបាលថ្មីនេះ។ ខ្ញុំសង្ឃឹមថា៖ លោកស្រីមើលឃើញចំណុចវិជ្ជមាន ដែលសហរដ្ឋអាមេរិក និងផ្ដល់ឲ្យ វគ្គសំខាន់ៗ មិនថាវគ្គបញ្ជាការសេនាធិការ ឬមួយក៏បណ្ឌិតសភាយោធា ជូនដល់កម្ពុជា ខ្ញុំសង្ឃឹមថាកិច្ចការនេះនឹងឈានទៅដល់កម្រិតមួយ ដែលយើងអាចសម្រេចបាន។

       លោកជំទាវ Rava Price បានថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងបានគូសបញ្ជាក់ថា៖ យើងខ្ញុំនឹងពាំនាំនូវអ្វីដែលយើងខ្ញុំបានរៀនសូត្រនៅថ្ងៃនេះ ដាក់បញ្ចូលក្នុងរបាយការណ៍របស់យើងខ្ញុំ ដែលយើងខ្ញុំកំពុងតែធ្វើរបាយការណ៍នេះ នឹងបញ្ចប់ក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខ។ ហើយនៅពេលដែលយើងខ្ញុំរៀបចំរបាយការណ៍នេះជូនសភាកុងក្រេស យើងខ្ញុំក៏សូមផ្ដល់ជូនដល់បុគ្គលិករបស់ឯកឧត្តមវិញ នូវឯកសារមួយចំនួន ដែលយើងមានកាលពីអតីតកាលកន្លងមក និងរបាយការណ៍ពីមុនកន្លងមកផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ