រាត្រីសមោលសរ សប្បុរសធម៌ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ នៅខេត្តសៀមរាប

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំរាត្រីសមោលសរ សប្បុរសធម៌ នៃខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ (រួមគ្នាស្ម័ត្រចិត្ត ដើមី្បសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ) ក្នុងការប្រមូលថវិកាសម្រាប់យកទៅធ្វើសកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗ ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រោមវត្តមានចូលរួមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមជាសាកល នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌។ ពិធីរាត្រីសមោសរនេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន វិមានមង្គល ខេត្តសៀមរាប។

      ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ឆ្នាំនេះសាខាកាកបាទក្រហមខេត្ដសៀមរាប បានរៀបចំរាត្រីសមោលសរនេះឡើង ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទំាងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហម ដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារៈជូនដល់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមអភិបាលខេត្ដ ក៏បានប្តេជ្ញាយកថវិកាទំាងនេះ ទៅជួយឲ្យចំគោលដៅ នៃការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគឺនៅពេលជួបនូវគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ។

      សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា៖ ក្នុងរាត្រីសមោសរ អបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥នេះ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាពីគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅខេត្តកន្លងមក កាន់តែយល់ដឹងច្រើន អំពីវប្បធម៌ នៃការចែករំលែកសម្រាប់ការងារជួយសង្គម និងបានញ៉ាំងឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាដោយមានប្រសិទ្ធភាព។ សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា៖ ការចូលរួមគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប គឺជាការចូលរួមជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងរ របស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ ក្នុងរយៈពេលកន្លងមកនេះ សាខាបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនមានភាពរើសអើង និងតម្លាភាពខ្ពស់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយរងគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ៥ម៉ឺននាក់។ ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តប្រពៃណីវប្បធម៌ចែករំលែក ធ្វើសកម្មភាពសាមគ្គីគ្នា រួបរួមគ្នាឲ្យបានខ្លំាងក្លាបន្ថែមទៀត ដើម្បីធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន ជឿនលឿនទៅមុខទៀតផង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ