នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារ អមដំណើរដោយ ឯកឧត្តម ប៉េង ពោធិ៍សាល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយមន្ត្រីយោធាជាន់ខ្ពស់មកពីគ្រប់ស្ថាប័នជំនាញរបស់ក្រុមការងារ ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជា បានដឹកនាំក្រមការងារជំនាញរបស់ខ្លួន ចុះត្រួតពិនិត្យទីតាំងប្រុងប្រៀបរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាពលើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម ឆ្នាំ២០២៥ នៅឯច្រកទ្វារព្រំដែនអន្តរជាតិ ក្រុងបាវិត ខេត្តស្វាយរៀង។
ពេលអញ្ជើញដល់ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម ក្រុងបាវិត «មុខបាយ» នៃប្រទេសទាំងពីរ ក្រុមការងារ បានចុះពិនិត្យមើលដីទីតាំងមួយកន្លែង ប្របនិងដងទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង សម្រាប់រៀបចំការសាងសង់អគារស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជាមិត្តភាព កម្ពុជា-វៀតណាម ដែលនឹងគ្រោងកសាងឡើងនៅក្នុងភូមិសាស្ត្រមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុង និងខេត្តស្វាយរៀង។ ការចុះពិនិត្យមើលទីតាំងរៀបចំពិធីចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងមតេយ្យធនធានក្រុងបាវិត ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលនៅទីនោះ នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារបានស្នើកិច្ចសហការពីអាជ្ញាធរដែនដី ពិសេសគណៈគ្រប់គ្រងសាលាបឋមសិក្សា និងមតេយ្យធនធានមនុស្សក្រុងបាវិត ដើម្បីរួមគ្នារៀបចំទាំងទីតាំង ការទទួលធ្វើបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំប្រទេសទាំងពីរសម្រាប់ពិធី និងការរៀបចំចំនួនសិស្ស ក្នុងការទទួលនូវអំណោយផងដែរ។
បន្ទាប់មកក្រុមការងារក៏បានបន្តចុះពិនិត្យមើលទីតាំងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក្រុងបាវិត ត្រង់ចំណុចបង្គោលព្រំដែនលេខ ១៧១ រវាងប្រទេសទាំងពីរ ដែលនឹងត្រៀមលាបថ្នាំថ្មី នៃបង្គោលព្រំដែននេះឡើងវិញនៅក្នុងពិធី ព្រមទាំងពិនិត្យមើលការប្រុងប្រៀបរៀបចំទីតាំង សម្រាប់ការទស្សនាសកម្មភាពការដើរល្បាត និងការដាំដើមឈើជាលក្ខណៈមិត្តភាពរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ផងដែរថា៖ ពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាពលើកទី២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម ឆ្នាំ២០២៥ គ្រោងនឹងធ្វើឡើងនៅក្នុងអំឡុងសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើតំបន់ព្រំដែន រវាងប្រទេសទាំងពីរ នៃច្រកទ្វាព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀងព្រះរាជាណាចក្រកម្ពុជា ម៉ូកបៃ ខេត្តតៃនីញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រោយការចុះពិនិត្យគ្រប់ទីតាំងសម្រាប់ការប្រុងប្រៀបរៀបចំពិធី ភាគីទាំងពីរបានឯកភាពគ្នា លើគោលការណ៍សំខាន់ៗ ទាំងបីគោលដៅ ដោយបានឯកភាពគ្នាជំរុញដល់កិច្ចសហការ រវាងអាជ្ញាធរដែនដី និងជំនាញនៃភាគីទាំងពីរ ក្នុងការពន្លឿនការកសាង និងរៀបចំគ្រប់ទីតាំងឲ្យបានលឿន មានទាំងគុណភាព សោភ័ណភាព ស្របតាមស្តង់ដា តាមការគ្រោងទុក របស់ក្រុមការងារភាគីទាំងពីរប្រទេស កម្ពុជា-វៀតណាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ ការចុះមកពិនិត្យដោយផ្ទាល់នៅទីតាំងទាំងបីគោលដៅនាលើកនេះ របស់ក្រុមការងារប្រុងប្រៀបរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីលើកទី២ នៃប្រទេសទាំង២ កម្ពុជា-វៀតណាម គឺជាការផ្ដល់ឱកាសដល់ក្រុមការងារកងទ័ពប្រទេសទាំងពីរ បានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ ការរិតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូនជិតខាងល្អ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ហើយតាមរយៈនៃការចុះមកពិនិត្យដោយផ្ទាល់ដល់ទីតាំងតំបន់ព្រំដែនគោក ក្នុងភូមិសាស្ត្រច្រកទ្វារអន្តរជាតិ ក្រុងបាវិត ខេត្តស្វាយរៀង-ម៉ូកបៃ ខេត្តតៃនីញ វៀតណាម នាថ្ងៃនេះ នឹងបានធ្វើឲ្យភាគីប្រទេសយើងទាំងពីរ មើលឃើញកាន់តែច្បាស់អំពីការពួតដៃគ្នា ពូនជ្រុំកសាងខ្សែបន្ទាត់នៃតំបន់ព្រំដែនប្រទេសទាំងពីរ ប្រកបដោយស្ថិរភាពនយោបាយ សន្តិសុខ សន្តិភាព និងការអភិវឌ្ឈសេដ្ឋកិច្ចកាន់តែរីកចម្រើន ៕




































