ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឱ្យ ឯកឧត្តម JACQUES PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា៖ បារាំង និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរលង់ណាស់មកហើយ ហើយបានបង្កើតជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ រវាងប្រជាជន និងប្រជាជន និងរវាងកងទ័ពទាំងពីរផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ លោកទើបបានទទួលទានអាហារជាមួយអតីតនិស្សិតកម្ពុជា ដែលបានបំពេញកម្មសិក្សានៅប្រទេសបារាំង ក្នុងអំឡុងឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២៣ ហើយមាននាយទាហានកម្ពុជាប្រមាណ ៤០០នាក់ នៅក្នុងអំឡុង ៣០ឆ្នាំមកនេះ បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសបារាំង ហើយសង្កេតឃើញថា ពួកគេស្រឡាញ់ និងចូលចិត្តចំពោះប្រទេសបារាំង។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានលើកឡើងថា៖ នៅឆ្នាំ ២០២៦ខាងមុខនេះ នៅកម្ពុជា និងមានការប្រារព្ធខួបលើកទី ៨០ឆ្នាំ នៅកិច្ចសហប្រតិបត្តិការបារាំង និងកម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៤៦មកម៉្លេះ និងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលនេះជាលើកទី២ហើយ បន្ទាប់ពីប្រទេសវៀតណាមបានរៀបចំធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ និងមានការអញ្ជើញចូលរួមពីប្រធានាធិបតីបារាំង ឯកឧត្តម ម៉ាណូអែល ម៉ាក្រុង, ដែលឯកឧត្តមយល់ឃើញថា៖ នៅពេលនោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ និងលើកឡើងដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ហើយវិស័យយោធា រវាងបារាំង និងកម្ពុជា ពិតជាមានសារៈសំខាន់នាពេលនោះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងបារាំង និងកម្ពុជា ដែលមានស្រាប់សូមបន្ត និងពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការរបស់យើង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ នៅលើវិស័យការពារជាតិ នៅលើការបណ្ដុះបណ្ដាលវគ្គសិក្សាសង្គ្រាមនេះ ដែលបារាំងបានផ្ដល់ឲ្យគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់យោធិនកម្ពុជា ជាពិសេសសិក្ខកាមជំនាន់ថ្មី ក្នុងនោះក៏មានវគ្គជាច្រើនទៀត ដែលបារាំងបានផ្ដល់ឱ្យ ដូចជាវគ្គបញ្ជាការសេនាធិការ វគ្គមេបញ្ជាការកងវរសេនាតូច កងអនុសេនាធំ កងវិស្វកម្ម និងកិច្ចសហការជាមួយសាកលវិទ្យាល័យការពារជាតិ និងវិទ្យាស្ថានសុខាភិបាល ខ.ភ.ម នេះគឺជាកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលយើងគួរតែពង្រឹងបន្ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ តាមការណែនាំរបស់ សម្ដេចមហាបរអធិបតី ហ៊ុន ម៉ាណែត កម្ពុជាត្រូវតែធ្វើទំនើបកម្ម លើរចនាសម្ព័ន្ធកងទ័ពរបស់យើង ដូចនេះវគ្គសិក្សានៅប្រទេសបារាំង ពិតជាមានសារៈសំខាន់ បើមានការពង្រីកនៅចំនួន និងវគ្គលើការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានស្នើសុំឱ្យបារាំង បញ្ជូនគ្រូយោធាចារ្យមកចូលរួមការបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានសុខាភិបាល និងសាលានាយទាហានសកម្មត្មាតពងផងដែរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានបញ្ជាក់ថា៖ កន្លងមកប្រទេសបារាំង តែងបានផ្ដល់ការគាំទ្រទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងកងថែរក្សាសន្តិភាពអ៊ិនភីមិច(NPMEC) សាលានាយទាហានសកម្មត្មាតពង និងផ្ដល់ការគាំទ្រការបណ្ដុះបណ្ដាលនៅតាមស្ថាប័ន។ នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា និងឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានពិភាក្សាផ្លាស់ប្ដូរនៅទស្សនវិស័យពីគ្នាទៅវិញទៅមកផងដែរ អំពីការរៀបចំចងក្រងសៀវភៅសការពារជាតិ រួមទាំងបញ្ហាសន្តិសុខជម្លោះសង្គ្រាម វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបាននិងកំពុងគំរាមកំហែងនៅក្នុងតំបន់ និងសាកលលោកនាពេលបច្ចុប្បន្ននេះ ៕



















