នាយឧត្តមសេនីយ៍ TAN SRI DATO’ WIRA MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ គណៈប្រតិភូកងទ័ពជើងគោកម៉ាឡេស៊ី ដឹកនាំដោយ  នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហា ម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ ( TAN SRI DATO’ WIRA MUHAMMAD HAFIZUDDEAIN BIN JANTAN) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នាថ្ងៃចន្ទទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។ 

      ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មេបញ្ជាការ កងទ័ពជើងគោកម៉ាឡេស៊ី បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពីលទ្ធផលជាផ្លែផ្កា ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការ កងទ័ពជើងគោក ក៏ដូចជាការចូលជួបសំដែងការគួរសម ជាមួយនិង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខ.ភ.ម ផងដែរ។ ការពិភាក្សានោះបានផ្តោតលើការរិះរកវិធីធ្វើយ៉ាងណា ដើម្បីជម្រុញឲ្យកាន់តែស៊ីជម្រៅ ទៅលើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី។ នាយឧត្តមសេនីយ៍ មេបញ្ជាការ កងទ័ពជើងគោកម៉ាឡេស៊ី បានបញ្ជាក់ថា៖ ទោះបីជាបានអភិវឌ្ឍនូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាយូរឆ្នាំមកហើយយ៉ាងណាក៏ដោយ ប៉ុន្តែយើងមិនទាន់បានចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងជាផ្លូវការណាមួយលើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនោះទេ។ ដូច្នេះហើយ យើងព្យាយាមយ៉ាងខ្លាំងក្នុងការជម្រុញលើការងារនេះ ឲ្យបានជោគជ័យ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងការចុះហត្ថលេខា លើឯកសារផ្លូវការណាមួយ នៅលើកិច្ចសហប្រតិបត្តិការនេះ។ ហើយក៏រំពឹងថា នឹងអាចចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិនៅពេលក្រោយ នៅក្នុងឆ្នាំនេះផងដែរ។ ក្នុងនោះ យើងក៏បានពិភាក្សាផងដែរ នៅលើផ្នែកដែលមានសក្តានុពលខ្ពស់ ក្នុងការឲ្យកងទ័ពជើងគោក នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ ហើយឯកឧត្តម មានជំនឿថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏ដូចជាក្រសួងការពារជាតិម៉ាឡេស៊ី យើងនឹងអាចជម្រុញកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលឆាប់ៗនេះ។

       ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា៖ ចាប់ពីកម្ពុជាមានមានទំនាក់ទំនងជាមួយម៉ាឡេស៊ី រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងត្រូវតែជម្រុញឱ្យមានកិច្ចព្រមព្រៀងរួមគ្នា រវាងកងទ័ពជើងគោក និងជើងគោក។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖  យើងនឹងរៀបចំជាស្រេច នូវលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការយោធារបស់យើងនេះ ឱ្យបានសម្រេចនៅចុងឆ្នាំ២០២៥នេះ។ ឯកឧត្តម បានបន្តថា៖  ចំពោះកិច្ចសហប្រតិបត្តិការយោធា និងយោធា យើងនឹងមានលទ្ធភាពពង្រឹងជាមួយគ្នាបាន។ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវក្តីសង្ឃឹមថា៖ តាមរយៈនៃដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ មេបញ្ជាការ កងទ័ពជើងគោកម៉ាឡេស៊ី នាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវអ្វីដែលកំពុងមាន។ ហើយក៏បានស្នើដល់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បន្តពិនិត្យលទ្ធភាពក្នុងការជម្រុញឱ្យមាននិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសម៉ាឡេស៊ី ឱ្យបានច្រើនថែមទៀត។ 

     ពាក់ព័ន្ធការស្នើសុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ ក្នុងកិច្ចជំនួបកងទ័ពជើងគោកទាំងពីរ ក៏បានពិភាក្សាពង្រឹង និងជម្រុញបន្ថែមលើការផ្លាស់ប្ដូរសិក្ខាកាម ក៏ដូចជាការបង្កើននូវចំនួនសិក្ខាកាមទៅសិក្សានៅប្រទេសម៉ាឡេស៊ី ហើយយើងក៏សង្ឃឹមថា៖ អាចបញ្ជូនសិក្ខាកាមម៉ាឡេស៊ីមករៀននូវជំនាញណាមួយ ដែលកម្ពុជាអាចផ្តល់ដល់ម៉ាឡេស៊ីបាន ហើយក្នុងនោះ ក៏យើងសង្ឃឹមថា៖ នឹងអាចជម្រុញឱ្យមានការធ្វើលំហាត់សមយុទ្ធរួមគ្នា ជាលក្ខណៈទ្វេភាគី ឬពហុភាគី លើប្រធានបទការជួយសង្គ្រោះគ្រោះមហន្តរាយ ដូចដែលយើងបានឃើញហើយ នៅគ្រោះមហន្តរាយ ដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃថ្មីៗនេះ ដែលឱ្យយើងត្រូវមានសមត្ថភាពខ្ពស់ នៅក្នុងវិស័យជួយសង្គ្រោះគ្រោះមហន្តរាយ ដើម្បីជួយដល់មិត្តភក្តិជិតខាងល្អរបស់យើង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ