រសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និង នាវាឈ្មោះ JS ETAJIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម។ ពេលចូលចតដល់កំពង់ផែមូលដ្ឋានសមុទ្ររាម កងនាវាកងស្វ័យការពារជើងទឹកជប៉ុន ទាំង០២គ្រឿង ត្រូវបានទទួលការស្វាគមន៍ ពីលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវឹក កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមជាច្រើនរូបរៀទ។ នាវាទាំងពីរគ្រឿង នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា៖ នាវាកងស្វ័យការពារជើងទឹកជប៉ុន ទាំង ០២គ្រឿង ដែលបានចូលចតដល់កំពង់ផែមូលដ្ឋានសមុទ្ររាម នាពេលនេះ នាវាទីមួយមានឈ្មោះ JS BUNGO (MST-464) មានទម្ងន់ផ្ទុក ៥៧០០តោន មានបណ្ដោយ ១៤១ម៉ែត្រ + ទទឹង២២ម៉ែត្រ + ជម្រៅទឹក៥,៤ ម៉ែត្រ + ល្បឿន២២ណក់( knots)(៤១km/h)។ ចំណែកនាវាទី២ មានឈ្មោះ JS ETAJIMA (MSO-306) មានទម្ងន់ផ្ទុក៦៩០តោន + បណ្ដោយ៦៦,៨ម៉ែត្រ + ទទឹង១១ម៉ែត្រ + ជម្រៅទឹក២,៧ម៉ែត្រ + ល្បឿនណក់(១៤knots )(26km/h)។ ការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២ គ្រឿង ដែលបានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមនាពេលនេះ គឺជានាវាដំបូងគេ បន្ទាប់ពីមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម បានសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។
បន្ទាប់ពីបានចូលចតនាវីទាំងពីរគ្រឿងរួចមក នៅរសៀលថ្ងៃដដែល គណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ដឹកនាំដោយឧត្តមនាវីទោ IKEUCHI Izuru មេបញ្ជាការកងកម្លាំងប្រយុទ្ធប្រឆាំងមីន ទាំងលើគោក និង ផ្ទៃទឹក អមដំណើរដោយមេបញ្ជាការនាវាទាំងពីរ និងលោកនាយការិយាល័យសេនានុព័ន្ធជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដែលនៅក្នុងជំនួបនោះ បានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ការបង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន)។
សូមបញ្ជាក់ផងដែរថា៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ កងស្វ័យការពារជើងទឹកជប៉ុន នឹងមានការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា ក្នុងពេលដែលនាវាកងស្វ័យការពារជើងទឹកជប៉ុន ចាកចេញពីខេត្តព្រះសីហនុ ទៅកាន់ប្រទេសជប៉ុនវិញ ៕



































