នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល របស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្តីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល របស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីគ្រប់តំណាងពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា៖ ឆ្លើយតបតាមអនុសាសន៍ ដែលឯកឧត្តមអនុប្រធានគណៈកម្មការចំពោះកិច្ច ដែលបានផ្ដល់ឱ្យនាពេលកន្លងមក ក្នុងនាមជាសមាជិកក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចរដ្ឋបាលខេត្ត សមត្ថកិច្ចឈរជើងតាមច្រកទ្វារព្រំដែន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត សម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលរបស់បងប្អូនពលករខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឆាប់រហ័សទាន់ពេលវេលា និងស្របច្បាប់ មិនមានភាពអសកម្ម ឬភាពមិនប្រក្រតី មានបញ្ហាកើតមានខ្លះប៉ុន្តែតិចតួច ហើយថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការដោះស្រាយ ឆ្លើយតបភ្លាមៗចំពោះបញ្ហា ដែលបានកើតមានឡើងនាពេលកន្លងមក។ លោក លៀម សុដា ក៏បានលើកឡើងផងដែរនូវសកម្មភាពការងាររបស់ក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ដែលរួមមានកិច្ចប្រជុំ រវាងក្រុមការងារជាមួយអាជ្ញាធរតំណាងស្ថាប័នពាក់ព័ន្ធខេត្តជាប់ព្រំដែនទាំង៣ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវហារ ដាច់ដោយឡែកពីគ្នា ដើម្បីផ្សព្វផ្សាយគោលការណ៍ និងវិធានការដែលបានដាក់ចេញដោយរាជ
រដ្ឋាភិបាលក្នុងការលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្ម លុបបំបាត់ការយកកម្រៃក្រៅផ្លូវការ ក្នុងការបំពេញបែបបទឯកសារធ្វើដំណើរចេញចូល តាមច្រកទ្វារព្រំដែន ព្រមទាំងពិភាក្សាការងារដែលត្រូវអនុវត្តជាក់ស្តែង ក្នុងការត្រួតពិនិត្យដោះស្រាយ និងដាក់ចេញវិធានការដល់ស្ថាប័នពាក់ព័ន្ធ តាមបណ្តាច្រកទ្វារព្រំដែន ក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការចេញចូលឆ្លងដែន ជៀសវាងការឆ្លងដែនខុសច្បាប់ មិនឱ្យមានការកកស្ទះ និងធានានូវភាពស្របច្បាប់ ក្នុងការឆ្លងដែនចេញចូលរបស់ពួកគាត់ ដោយក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច បានដឹកនាំកិច្ចប្រជុំចំនួន១៦លើក ចុះត្រួតពិនិត្យសិក្សាស្ថានភាពច្រកព្រំដែន១៨លើក បើកកិច្ចប្រជុំបន្ទាន់នៅទីស្នាក់ការច្រកទ្វាររអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករអូសរទេះដឹកទំនិញគេចពន្ធ ដែលប្រឆាំងតវ៉ាជាមួយ
ស្ថាប័នពាក់ព័ន្ធ រួមនឹងការដោះស្រាយនូវបញ្ហាប្រឈមនានា។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល របស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បន្តចុះពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីប្រចាំច្រកទ្វារព្រំដែន និងពង្រឹងវិធានការត្រួតពិនិត្យការចេញចូលឆ្លងដែន របស់ពលករខ្មែរ អនុវត្តតាមសេចក្ដីសម្រេចនាពេលកន្លងមក ជាពិសេសអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ជាមួយភាគីថៃ តាមយន្តការដែលមានស្រាប់ លើការត្រួតពិនិត្យឆ្លងកាត់ព្រំដែន សម្របសម្រួលតាមកិច្ចព្រមព្រៀង ស្តីពីការឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងលិខិតបទដ្ឋាននានា ដែលបានឯកភាពគ្នាដោយផ្តោតយកចិត្តទុកដាក់ ចំពោះពលករដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ព្រំ
ដែន។ ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ ក៏បានដាក់ផែនការ និងទិសដៅអនុវត្តបន្ត ដើម្បីជួយសម្រួលដល់ការឆ្លងដែន របស់ពលករតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ តាមសេចក្តីណែនាំ ស្តីពីការជួយសម្រួលដំណើរចេញចូលប្រទេស ជូនពលករខ្មែរតាមព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ ហើយក្រៅពីនេះ ឯកឧត្តមក៏បានណែនាំដល់សមាជិកក្រុមការងារទី២ និងអាជ្ញាធរតាមច្រកទ្វារព្រំដែន ឱ្យសហការគ្នាជាមួយមន្ត្រីនគរបាល អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តជាប់ព្រំដែន ជួយសម្រួលដល់ការបំពេញបែបបទ និងសម្របសម្រួលដំណើរចេញចូល របស់ពលករខ្មែរឱ្យបានរលូន ឆាប់រហ័ស និងរបៀបរៀបរយ និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រព័ន្ធឆ្លើយតបជាបន្ទាន់ Hotline ដើម្បីជួយសម្រួលជូនពលករខ្មែរ អាចទំនាក់ទំនងស្នើសុំជំនួយ ឬរាយការណ៍អំពីភាពមិនប្រក្រតី ក្នុងដំណើរឆ្លងកាត់ព្រំដែន ៕























