ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលជួប ឯកអគ្គរាជទូតថៃថ្មី 

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតអោយ ឯកឧត្តម ទូល ត្រៃសូរ៉ាត(TULL TRAISORAT) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម ឯកអគ្គរាជទូតថ្មី ក៏ដូចជាលោកអនុព័ន្ធយោធា និងក្រុមការងារគណៈប្រតិភូ ដែលបានចូលមកដល់ទីស្ដីការក្រសួងការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឆ្លៀតឱកាស សម្ដែងនូវការសោកស្ដាយ ចំពោះអ្វីដែលបានកើតឡើងនៅប្រទេសថៃ ហើយឯកឧត្តម បានគូសបញ្ជាក់ថា៖ ឯកឧត្តម បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសូមកោតសរសើរ ចំពោះរាជរដ្ឋាភិបាលថៃ ដែលបានអនុវត្តនូវយន្តកាបន្ទាន់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលជាប់ក្នុងអាគារបាក់រលំ ដោយសារការរញ្ជួយដី។

     ឯកឧត្តម TULL TRAISORAT បានថ្លែងអំណរគុណ ចំពោះសមានចិត្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានគូសបញ្ជាក់ថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលថៃ និងអង្គការអន្តរជាតិក្នុងប្រទេសថៃ កំពុងសហការរុករកអ្នកដែលបានជាប់នៅក្នុងអាគារ ដែលបានបាក់រលំចុះ និងបានសហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ក្នុងការរុករកពលករកម្ពុជា ដែលជាប់ក្នុងអាគារនោះផងដែរ។ ឯកឧត្តម TULL TRAISORAT បានថ្លែងថា៖ ឆ្នាំនេះជាឆ្នាំដ៏សំខាន់ ជាឆ្នាំខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ។ ឯកឧត្តម មានក្តីត្រេកអរ និងមានកិត្តិយសខ្លាំងណាស់ ដែលបានទទួលតំណែងជាឯកអគ្គរាជទូត ព្រះរាជាណាចក្រថៃថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នឹងខិតខំបំពេញភារកិច្ចឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ថៃ ទាំងកម្រិតរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល កម្រិតឯកជន រវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ។

      កិច្ចសន្ទនាក៏បានបន្តយកចិត្តទុកដាក់ ទៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់គ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា សម្រាប់លើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងពេលកន្លងមក និងតទៅអនាគត។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះយន្តការ កិច្ចពិភាក្សាគណៈកម្មាធិការព្រំដែនទូទៅគ្រប់ថ្នាក់ ដែលបានចូលរួមសហប្រតិបត្តិការក្នុងវិស័យសន្តិសុខប្រទេសទាំងពីរ ហើយក៏ជាឱកាសក្នុងការលើកឡើង ពីចំណុចសំខាន់ៗផ្សេងៗ គាំទ្រដល់កិច្ចសហប្រតិបត្តិការតាមព្រំដែនប្រទេសទាំងពីរ ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការលើកកម្ពស់ជីវភាពរបស់ប្រជាជនតាមបណ្ដោយព្រំដែនផងដែរ។

      ឯកឧត្តម TULL TRAISORAT ក៏បានមានប្រសាសន៍ផងដែរថា៖ ក្នុងរយៈពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានជាច្រើន ដែលបង្កឲ្យមានការយល់ច្រឡំ រវាងប្រជាជន និងប្រជាជន ដែលក្នុងនោះភាគីថៃត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្ដាប់នូវសេចក្តីបារម្ភរបស់ភាគីកម្ពុជា ព្រមទាំងគាំទ្រការអនុវត្តសកម្មភាព ដែលនឹងកសាងទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នានៅគ្រប់កម្រិត ដូចជាសកម្មភាពពង្រឹងសាមគ្គីភាពតាមរយៈកីឡា ការផ្សារភ្ជាប់ការអបអរសាទររួមគ្នា ក្នុងឱកាសផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងថៃ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ព្រមទាំងការអបអរសាទរនៅក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ថៃ ក្នុងឆ្នាំនេះ ដែលនឹងជួយកសាងភាពយល់ដឹងក្នុងកម្រិតប្រជាជនផងដែរ។ ក្នុងនោះដែរ ឯកឧត្តម បានចាត់ទុកថាប្រ័ពន្ធផ្សព្វផ្សាយ ក៏មានតួនាទីសំខាន់ ក្នុងការផ្ដល់ព័ត៌មាន និងពង្រឹងភាពយល់ដឹងរបស់ប្រជាជន ជាពិសេសក្នុងបញ្ហាវិស័យសន្តិសុខ ហើយក្នុងពេលកន្លងមក ខាងស្ថានទូតថៃ ក៏បានផ្សារភ្ជាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីបង្កើនភាពយល់ដឹងរបស់ប្រជាជនផងដែរ។

     ឯកឧត្តម ឯកអគ្គរាជទូត បានឆ្លៀតឱកាសចូលរួមអបអរសាទរ ចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា ដែលឯកឧត្តម បានសង្កេតឃើញថា មានតួលេខកើនឡើងលើសពី ៦% ក្នុងមួយឆ្នាំៗ។ ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចប្រទេសកម្ពុជា កាលពី១២ឆ្នាំមុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ហើយលើកនេះ ឯកឧត្តម បានមកបំពេញភារកិច្ចជាឯកអគ្គរាជទូតពេលនេះផងដែរ ឯកឧត្តម បានកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរវិញ មានការកើនឡើងរហូតដល់១ម៉ឺនលានដុល្លារ ដែលតួលេខនេះ គឺជាតួលេខកំណត់ត្រាមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ដែលយើងមិនធ្លាប់មានពីមុនមក។ ហើយសម្រាប់គោលដៅក្នុងឆ្នាំនេះគឺ ១ម៉ឺន៥ពាន់លានដុល្លារ។ ឯកឧត្តមសង្ឃឹមថា៖ យើងនឹងអាចសម្រេចតួលេខនេះទៅបាន ប្រសិនបើភាគីទាំងពីរខិតខំគាំទ្រគ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យធុរកិច្ចកម្ពុជាថៃ ដែលឯកឧត្តម នឹងគាំទ្រលើវិស័យធុរកិច្ចរបស់ថៃ ឲ្យចូលមកកម្ពុជាផងដែរ។ សម្រាប់ការបណ្ដាក់ទុនវិញ ឯកឧត្តម កត់សម្គាល់ថា៖ មានទំនិញថៃជាច្រើន ទាំងផ្នែកឧបភោគបរិភោគ ផ្នែកកសិកម្មប្រេងរោងចក្រផ្សេងៗ ដែលរោងចក្រទាំងនោះ សុទ្ធសឹងតែជាក្រុមហ៊ុនក្នុងលំដាប់top6 top10 និងtop20 ក្នុងប្រទេសថៃ។ ទាំងនេះបានឆ្លុះបញ្ចាំងពីមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានភាពរឹងមាំ បង្កជាទំនុកចិត្តឲ្យអ្នកបណ្ដាក់ទុនថៃ ចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា។

      សម្រាប់វិស័យទេសចរណ៍វិញ ឯកឧត្តម ឯកអគ្គរាជទូត ជឿជាក់ថា៖ វិស័យទេសចរណ៍ក៏នឹងមានភាពរីកចម្រើនទៅមុខ តាមរយៈការសហការ Two Kingdom One destination ព្រះរាជាណាចក្រពីរគោលដៅតែមួយ ដែលយើងសង្ឃឹមថា៖ នឹងទាក់ទាញភ្ញៀវទេសចរណ៍ពីខាងប៉ែកអឺរ៉ុប ជប៉ុន និងចិន ដែលភ្ញៀវទេសចរណ៍អាចចូលមកទស្សនាកម្ពុជា រួចចូលទៅប្រទេសថៃ ឬក៏ចូលក្នុងប្រទេសថៃ រួចបន្តចូលមកប្រទេសកម្ពុជា។ ក្រៅនេះ ឯកឧត្តម ត្រេកអរ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ ក្នុងការដោះមីននៅតាមបណ្ដោយព្រំដែន ដើម្បីមនុស្សធម៌ ដោយមិនប៉ះពាល់ដល់បញ្ហាព្រំដែន និងសូមកោតសរសើរតួនាទីរបស់កម្ពុជា ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា សម្រាប់ការកាន់តំណែងជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដោយមានកិច្ចប្រជុំ រវាងភាគីរដ្ឋកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងខេត្តសៀមរាប ដែលនាពេលកន្លងមក មានការទទួលស្គាល់នូវផែនការសកម្មភាពសៀមរាបអង្ករផងដែរ។ ក្នុងនេះថៃត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តកាតព្វកិច្ច ក្រោមអនុសញ្ញាអូតាវ៉ា ដោយបច្ចុប្បន្នថៃ នៅសល់ផ្ទៃដី ដែលត្រូវដោះមីន ជាពិសេសនៅតាមបណ្ដោយព្រំដែនជាប់ជាមួយកម្ពុជា ប៉ុន្តែនៅមានបញ្ហា នៅក្នុងការធ្វើការនៅក្នុងតំបន់នោះ។ ដូច្នេះឯកឧត្តម សុំអនុញ្ញាត ការគាំទ្រពី ឯកឧត្តម នាយឧត្តមសេន៏យ៍ នៅក្នុងរឿងនេះ ដើម្បីឲ្យថៃសម្រេចបានគោលដៅគ្មានមីន ក្នុងឆ្នាំ ២០២៦ ដែលក្នុងរឿងនេះយើងអាចពិភាក្សាគ្នាបន្ត ក្នុងក្របខ័ណ្ឌ JBC ផងដែរ។ ក្រៅពីនេះ ឯកឧត្តម ឯកអគ្គរាជទូត សូមគោរពអរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការសហការបង្ក្រាបក្រុមខលសិនធ័រ ដែលជាក្រុមបង្កបញ្ហា នៅក្នុងកម្រិតតំបន់ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមទាំងមូល។ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញយ៉ាងម៉ឺងម៉ាត់ ឯកឧត្តម កត់សម្គាល់ថា៖ ប្រសិនជាអង្គភាពសន្តិសុខ នៃប្រទេសទាំងពីរ មានភាពម៉ឺងម៉ាត់នោះ គឺនឹងជួយកាត់បន្ថយបញ្ហានៅលើរឿងនេះបាន។ ថៃត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអនុវត្ត ការដោះស្រាយបញ្ហាក្នុងរឿងនេះ លើគ្រប់ផ្នែកទាំងអស់ ទាំងការការពារ ការបង្ក្រាប ការមើលថែ និងការស្ដារនីតិសម្បទាជនរងគ្រោះ អំពីអំពើជួញដូរមនុស្ស។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា និងថៃ ឯកឧត្តម សូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយ សូមប្រសិទ្ធិពរជ័យ ហើយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការ នៃក្រសួងការពារជាតិទាំងអស់ មានសុខភាពរឹងមាំ ប្រកបដោយអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា៖ ឯកឧត្តម សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម ឯកអគ្គរាជទូត ដែលបានលើកឡើងពីចំណុចសំខាន់ៗ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាពិសេសលើវិស័យការពារជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឯកអគ្គរាជទូត ពីការ បង្កើនមិត្តភាព មិនថាក្នុងក្របខ័ណ្ឌរដ្ឋ និងរដ្ឋ ឯកជន និងឯកជន ឬរវាងប្រជាជន និងប្រជាជន  គឺត្រូវតែពង្រឹងសាមគ្គីភាព និងការទទួលយល់ដឹងពីគ្នាទៅវិញទៅមក។ ចំពោះការងារព្រំដែន ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូបញ្ជាក់ថា៖ ឯកឧត្តម នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំនៅប្រទេសថៃ នៅថ្ងៃទី១ ខែឧសភា ខាងមុខ ក្នុងក្របខ័ណ្ឌ JBC។ ក្រសួងការពារជាតិ ប្តេជ្ញាចិត្តសហការជាមួយរាជរដ្ឋាភិបាលថៃ ចំពោះការបង្ក្រាបក្រុមខលសិនធ័រ ក៏ដូចជាក្រុមអនឡាញខុសច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ប្រទេសកម្ពុជា។ កិច្ចការនេះ ជាកិច្ចការងារមួយ ដែលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបង្កើតគណៈកម្មាធិការជាតិមួយដែល សម្ដេចជាប្រធានផ្ទាល់តែម្ដង ក្នុងនោះ មានក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ជាសេនាធិការ។ យើងនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីសម្រេចអោយបាន នូវគោលបំណងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ