ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានទទួលស្វាគមន៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងាការពារជាតិ បានទទួលជួបឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ។

      នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលបានមកបំពេញបេសកកម្មការងារកាទូតនៅកម្ពុជា។ តាមរយៈវត្តមានឯកឧត្តម ឯកអគ្គ រដ្ឋទូតឥណ្ឌានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ និងសង្ឃឹមជឿជាក់ថា៖ ប្រជាជន និងកងទ័ពទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង នៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ កាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់ជួរកងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ក៏ដូចជាពេលអនាគតផងដែរ។

      ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ ឥណ្ឌា និងកម្ពុជា មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ ជាវិស័យអាទិភាពសម្រាប់ប្រទេសទាំងពីរ ហើយឥណ្ឌាបានផ្តល់ដល់វិស័យការពារជាតិនេះ ជាវិស័យអាទិភាព។ នៅក្នុងគោលនយោបាយទិសខាងកើតរបស់ឥណ្ឌា គឺឥណ្ឌាចាត់ទុកប្រទេសកម្ពុជា ជាដៃគូដ៏មានសារៈសំខាន់ ហើយយើងតែងតែមានការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ មកពីក្រសួងការពារជាតិទាំងពីរ។ ឯកឧត្តម បានថ្លែងថា៖ ដោយសារមានកិច្ចសហប្រតិបត្តិការល្អ នៅក្នុងវិស័យការពារជាតិ ដូច្នេះហើយរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងការពារជាតិឥណ្ឌា បានស្នើសុំឲ្យមានបង្កើតនូវការិយាល័យការពារជាតិ នៅក្នុងស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ហើយយើងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួងការពារជាតិឥណ្ឌា ធ្វើយ៉ាងណាពន្លឿនការតែងតាំងអនុព័ន្ធយោធា ក្នុងការបង្កើននូវកិច្ចសហការបន្ថែមទៀត ជាមួយនឹងក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានស្នើសុំដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយជ្រោមជ្រែងដល់ការបំពេញបេសកកម្ម របស់ឯកឧត្តមនៅកម្ពុជានេះ ដែលក្នុងអាណត្តិកាទូតនៅកម្ពុជានេះ ទើបតែបានរយៈពេល២ខែមកនេះ។

      ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានទទួលយល់ព្រមឯកភាព តាមសំណើរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា លើការបង្កើតឲ្យមានការិយាល័យយោធា នៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងាការពារជាតិ និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានផ្លាស់ប្តូរនូវទស្សនៈពីគ្នាទៅវិញទៅមក ជុំវិញការពង្រឹង និងពង្រីកទំនាក់ទំនងដ៏រឹងមាំ នៅលើវិស័យការពារជាតិ នៃប្រទេសទាំងពីរបន្តទៅមុខទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ