នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ មានប្រសាសន៍ថា៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអនុញ្ញាតឲ្យរូប ដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ទីក្រុងភ្នំពេញ ដើម្បីជូនពរដល់បណ្ដាកងឯកភាពជាសម្ព័ន្ធមេត្រីភាព។ តាមកម្មវិធីដែលបានគ្រោងទុកឯកឧត្តម បានចូលជួបសំដែងការគួរសម និងជូនពរចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បានជូនពរដល់យោធភូមិភាគពិសេស កងទ័ពជើងគោក, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ពជើងទឹក និងទីស្ដីការក្រសួងការពារជាតិនាពេលនេះ បន្ទាប់មកគឺជូនពរនៅបញ្ជារដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ព្រមជាមួយនោះក៏មានគណៈប្រតិភូមួយទៀត ដឹកនាំដោយប្រធាននយោបាយោធភូមិភាគទី៧ នឹងអញ្ជើញមកកម្ពុជា ដើម្បីជូនពរដល់យោធភូមិភាគទី១ ទី២ និងទី៤។ ក្នុងឆ្នាំ២០២៥នេះ យោធភូមិភាគទី៧ នឹងចាត់តាំងប្រតិភូចំនួន៥៣ប្រតិភូមកកម្ពុជា ដើម្បីជូនពរដល់អង្គភាពសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ យោធភូមិភាគទី៧ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ៧អង្គភាព ថ្នាក់យោធភូមិភាគ និងថ្នាក់ប្រហាក់ប្រហែលជាមួយគ្នា ហើយក៏បានណែនាំចង្អុលដល់អង្គភាពចំណុះយោធភូមិភាគ យោធាខេត្ត កងពលតូច កងពលធំ និងសាលាយោធា បានធ្វើសម្ព័ន្ធមេត្រីភាពជាមួយភាគីមិត្តសរុប ៨៧អង្គភាព។ ក្នុងរយៈពេលកន្លងទៅនេះ យោធភូមិភាគទី៧ និងអង្គភាពសម្ព័ន្ធមេត្រីភាព បានរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ លើវិស័យចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក លើការងារហ្វឹកហ្វឺន ការងារជួយឧបត្ថម្ភកសាងអង្គភាព។ ជារៀងរាល់ឆ្នាំយើងបានជួយឧបត្ថម្ភថវិកាពី ១លាន ទៅ១លាន៥សែនដុល្លារ ដល់ភាគីមិត្ត ក្នុងការកសាងទីតាំងអាគារសម្រាបនាយទាហាន និងពលទាហានស្នាក់នៅ ក៏ដូចជាកសាងសារមន្ទីរ ក្រៅពីនេះក៏មានការបើកវគ្គបណ្ដុះបណ្ដាលជំនាញទ័ពពិសេសឲ្យសិក្ខាកាម ពីបញ្ជាការដ្ឋានអង្គរក្ស និងបានចាត់តាំងក្រុមគ្រូពេទ្យ ៦ក្រុម ចូលមកកម្ពុជា ដើម្បីពិនិត្យជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាជនកម្ពុជា ដែលជួបការលំបាកខ្វះខាតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង មេបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៧ ក៏បានរំលឹកផងដែរថា៖ ក្នុងឆ្នាំ២០២៤កន្លងមក ក្រុមការងារ៤ក្រុម របស់យោធភូមិភាគទី៧ ដោយបានការសហការជួយឧបត្ថម្ភរបស់ភាគីកម្ពុជា យើងបានស្រាវជ្រាវរុករក និងប្រមូលបានអដ្ឋិធាតុចំនួន ៧២០អដ្ឋិធាតុ ជាកងទ័ពស្ម័គ្រចិត្តវៀតណាម, ជំនាញការវៀតណាម ដែលពលីជីវិតនៅកម្ពុជា នៅសម័យសង្គ្រាម ហើយត្រូវបានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។ ឆ្នាំ២០២៥កន្លងទៅនេះដែរ យោធភូមិភាគទី៧ បានសម្រេចជោគជ័យគ្រប់ភារកិច្ច ដែលក្រសួងការពារប្រទេសវៀតណាមបានប្រគល់ជូន។ ក្រោយពីបានចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ច ចូលរួមការពារធានាសុវត្ថិភាព ១០០% ដល់បណ្ដាគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសផ្សេងៗ ចូលរួមប្រជុំនៅទីក្រុងហូជីមិញ ក្នុងនោះមានកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំគណបក្សទាំង៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ ឆ្នាំនេះ យោធភូមិភាគទី៧ កំពុងមមាញឹកទទួលបន្ទុកការងារធានាឲ្យគណៈប្រតិភូផ្សេងៗ ទាំងក្រៅ និងក្នុងប្រទេសចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ ទិវារំដោះវៀតណាមខាងត្បូង ថ្ងៃទី៣០ មេសា ១៩៧៥ – ៣០ មេសា ២០២៥ ខាងមុខ ហើយប្រជាជនទូទាំងប្រទេសវៀតណាម កំពុងត្រៀមរៀបចំឆ្ពោះទៅខួបអនុស្សាវរីយ៍លើកទី៧០ ទិវាឯករាជ្យជាតិ ២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥។
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ ជំនួសមុខឱ្យគណៈប្រតិភូក្នុងកងកម្លាំងប្រដាប់អាវុធភូមិភាគទី៧ ទាំងអស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង មេបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៧ បានគោរពជូនពរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ជូនពរឯកឧត្តម នាយទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមឆ្នាំថ្មី ទទួលបានសុខភាពល្អ គ្រួសារមានសុភមង្គល សំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច សូមឲ្យទំនាក់ទំនងសាមគ្គីភាពមិត្តភាព រវាងបក្សទាំង២ កងទ័ពទាំង២ រាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំង២ កម្ពុជា-វៀតណាម កាន់តែរឹងមាំឋិតថេរជារៀងរហូត។
ឯកឧត្តម នាយឧត្តមសេនីយ ចាយ សាំងយុន បានថ្លែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជូនពរ ឯកឧត្តម អស់លោក លោកស្រី គណៈប្រតិភូ បញ្ជាការដ្ឋានយោធភូមិភាគទី៧ សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ដែលបក្សរដ្ឋ និងប្រជាជនប្រគល់ជូន។ ឯកឧត្តម បានចាត់ទុកថា វត្តមានគណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានមកជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅក្រសួងការពារជាតិនាពេលនេះ បានបង្ហាញនូវការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និត រវាងប្រទេសទាំង២ កម្ពុជា-វៀតណាម លើវិស័យនយោបាយ សន្តិសុខការពារជាតិ ស្របតាមទឹសស្លោក «ភាពជាអ្នកជិតខាងល្អ» មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង។
ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងការពារប្រទេស ពិសេសបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែជួយគាំទ្រដល់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ លើគ្រប់វិស័យ ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកងទ័ព។ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនៅយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពរួមជាមួយអាទិភាពចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលឈរលើគោលការប្រសិទ្ធភាព ផលិតគុណភាព ភាពធន់ និងចីរភាព ដើម្បីធានាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យបានយូរអង្វែងឋិតថេរគ្រប់កាលៈទេសៈ ធ្វើឲ្យប្រជាជនរស់នៅសុខដុមរមនាលើទឹកដីរបស់ខ្លួន និងមានឱកាសពេញលេញ សម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៥នេះ កិច្ចសហប្រតិបត្តិការទ្វេភាគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់។
តាមរយៈលទ្ធផល នៃការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិប្រទេសទាំង២ កម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខានៅដំណាច់ឆ្នាំ២០២៤កន្លងមកដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសកម្ពុជា។ ក្រសួងការពារជាតិ នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិប្រទេសទាំង២ កម្ពុជា-វៀតណាម ប្រចាំឆ្នាំ២០២៥ ឲ្យសម្រេចជោគជ័យ ក្នុងស្មារតីលើកកម្ពស់ ការកសាងបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារៈបច្ចេកទេសយុទ្ធោបករណ៍ សំដៅឈានធ្វើទំនើបកម្មកងទ័ព ឱ្យឆ្លើយតបនិងភាពជឿនលឿន នៃបច្ចេកវិទ្យាទំនើបលើវិស័យការពារជាតិ ៕















